ប៉ូលិស​ហុងកុង​និង​ក្រុម​បាតុករ​បកស្រាយ​ខុសគ្នា​អំពី​បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង

  • Michael O’Sullivan

រូបភាព​ឯកសារ៖ ក្រុម​បាតុករ​កាន់​ទង់ជាតិ​អង់គ្លេស​ដើរ​ក្បួន​នៅ​ក្បែរ​កំពង់ផែ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។

ប៉ូលិស ​និង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តាម​ដងផ្លូវ​នានា និង​នៅ​ឯ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ហុងកុង​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ហើយ​ភាគី​ទាំង​សងខាង​ឥឡូវ​នេះ​កំពុង​បកស្រាយ​សាច់​រឿង​ផ្ទុយគ្នា​ប្រាប់​ទៅ​សាធារណជន​ អំពី​ជម្លោះ​នេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ​នៅ​ឯ​ទីស្នាក់ការ​ប៉ូលិស​កាល​ពី​ថ្ងៃព្រហស្បតិ៍មាន​ការ​រៀបរាប់​ឡើង​វិញ​អំពី​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើត​ឡើង​កាល​ពី​ល្ងាចថ្ងៃ​ពុធ។ ព្រឹត្តិការណ៍​នោះ​កើតឡើង​នៅ​ចំពេល​ដែល​មនុស្ស​រាប់រយនាក់​បាន​ធ្វើ​ចរាចរណ៍​ពាសពេញ​ផ្លូវ​នៅ​ថ្ងៃបុណ្យ​ប្រពៃណី​ នៅ​ជិត​ទីតាំង​ដែល​ធ្លាប់​មាន​អំពើ​ហិង្សា​កើត​ឡើង​កាល​ពី​បាតុកម្ម​លើកមុន។

ក្នុង​ចំណោម​ពួកគេ​ទាំងនោះ​គឺ​ជា​ក្រុមបាតុករ​ដែល​ប៉ូលិស​និយាយ​ថា​ជា​អ្នក​គប់​ដុំ​ថ្ម​ទៅ​លើ​ស្ថានីយ​ប៉ូលិស​និង​បាន​បាញ់​ពន្លឺ​ឡាហ្ស៊ែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ប៉ូលិស​និយាយ​ថា​ ពួកគេ​បាន​ប្រើប្រាស់​ឧស័ន្ម​បង្ហូរ​ទឹកភ្នែក​ដើម្បី​គ្រប់គ្រង​លើ​ហ្វូង​មនុស្ស​ និង​បាន​ចាប់​ខ្លួន​មនុស្ស​១៧នាក់​ដែល​មាន​អាយុពី​១៥ឆ្នាំ​ដល់​៦១​ឆ្នាំ​ក្រោម​បទ​ចោទ​ថា​មាន​អាវុធ​បង្ក​គ្រោះថ្នាក់​និង​ប៉ុនប៉ង​ដុត​បំផ្លាញ។ ខណៈនោះ​ព្រលាន​យន្តហោះ​ហុងកុង​បាន​បើកទ្វារ​ឲ្យ​មាន​ប្រតិបត្តិការ​ឡើងវិញ​ បន្ទាប់​ពី​តុលាការ​បាន​ចេញ​បទបញ្ជា​មួយ​កាល​ពី​ថ្ងៃ​ពុធ​រារាំង​ក្រុម​បាតុករ។

ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​ពី​ដំបូង​ ប៉ុន្តែ​ពេល​ខ្លះ​មាន​អំពើ​ហិង្សា​កើត​ឡើង។

សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​សាកលវិទ្យាល័យ​ហុងកុង ​បាតុករ​ម្នាក់​បាន​និយាយ​ថា​ នាង​មិន​ជឿ​ការ​រាយការណ៍​ដែល​ថា​ជើង​យន្តហោះ​ជិត​១.០០០ត្រូវ​បាន​លុបចោល​នោះ​ទេ​ និង​បាន​ចោទ​ប្រកាន់​ក្រុម​អាជ្ញាធរ​ថា​បាន​បំផ្លើស​តួលេខ។ នាង Sophia Suen​ ដែល​ជា​បាតុករ​ម្នាក់​បាន​និយាយ​ថា «ពួកគេ​បំផ្លើស​តួលេខ។ តាមពិត​មាន​ជើង​ហោះហើរ​ច្រើន​ណាស់​ចេញ​ដំណើរ​តាម​កាល​កំណត់ ជាពិសេស​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific»។

នាង Suen បាន​ច្រាន​ចោល​ការអះអាង​ដែល​ថា​ ក្រុម​បាតុករ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីក្រុង​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ដោយ​កត់សម្គាល់​ថា​ទីផ្សារ​ភាគហ៊ុន​មាន​ការ​ប្រែប្រួល​ជា​ធម្មតា។ នាង​និយាយ​ថា​ ក្រុម​បាតុករ​គឺ​ជា​អ្នក​ព្រួយបារម្ភ​អំពី​នីតិរដ្ឋ​ មិនមែន​ប៉ូលិស​ ឬ​ពួក​មន្រ្តី​ហុងកុង​នោះ​ទេ​ រីឯ​រដ្ឋបាល​ទីក្រុង​ហុងកុង​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ កំពុង​មើល​ស្រាល​អំពី​នីតិរដ្ឋ​តាមរយៈ​យុទ្ធសាស្រ្ត​កណ្តាប់​ដៃ​ធ្ងន់។ ជម្លោះ​នេះ​នៅ​តែ​អូសបន្លាយ​ ហើយ​ទីក្រុង​ស្ថិត​ក្នុង​ភាព​តានតឹង៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា