ប៉ូលិស​ហុងកុង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​បំបែក​ក្រុមបាតុករ

ក្រុម​បាតុករ​ប្រឈម​មុខ​នឹង​ប៉ូលិស​កុបកម្ម​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ដែនដី​ហុងកុង ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​បាញ់​គ្រាប់ កាំភ្លើង​ជ័រ​បំបែក​ហ្វូង​បាតុករ ​គាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ​ កាលពី​យប់​ថ្ងៃ​អាទិត្យ។

ក្រុម​បាតុករ​រាប់​ម៉ឺននាក់​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​អស់​រយៈពេល​៧​សប្តាហ៍​ជាប់គ្នា​ហើយ ខ្លះ​បាន​ធ្វើឲ្យ​ខូចខាត​និមិត្តរូប​ប្រទេស​ចិន​ នៅឯ​ការិយាល័យ​ទំនាក់​ទំនង​ទី​ក្រុង​ប៉េកាំង។​ អ្នក​ខ្លះ​បាន​ចោល​ពងមាន់​ដាក់​អាគារ​នោះ​ និង​បាញ់ថ្នាំ​ពណ៌​នៅ​កន្លែង​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ។

ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​មាន​ពពុះ ​និង​ក្លិន​មិន​ល្អ​បាន​គ្រប​ដណ្តប់​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​ធំបំផុត​មួយ​នោះ។

ក្រុម​បាតុករ​បាន​ប្តូរ​ពីការ​ទាមទារ​ឲ្យ​បញ្ចប់​សេចក្តី​ស្នើ​ច្បាប់​ដែលមាន​ការ​លុប​ចោល ពេល​នេះ​ដើម្បី​បញ្ជូន​ពលរដ្ឋ​ហុងកុង​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ទៅ​កាត់​ទោស​នៅ​ចិន​ដីគោក​នោះ ​គឺ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យមាន​ការ​កែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បញ្ចប់​ការ​ក្តោប​ក្តាប់​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ដែនដី​ហុងកុង។ ​មាន​ក្រុម​បាតុករ​ជាច្រើន​បាន​ស្រែក​ថា​ ចូរ​ផ្តល់​សេរីភាព​ឲ្យដែន​ដី​ហុងកុង។

បាតុកម្ម​នេះ​គឺជា​ការ​រំជើប​រំជួល​ក្នុង​សង្គម​ដ៏ធ្ងន់​ធ្ងរ​បំផុត​ នៅ​ដែនដី​ដែល​ធ្លាប់​រង​អាណានិគម​ពី​ចក្រភព​អង់គ្លេស​តាំងពី​ហុងកុង ​បាន​ក្លាយ​ជាផ្នែក​មួយ​នៃ​ដែនដី​គ្រប់គ្រង​ដោយ​ចិន​កាល​ពី​២២​ឆ្នាំ​មុន៕