ពលរដ្ឋ​ហុងកុង​តវ៉ា​ប្រឆាំង​សំណើ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន

បាតុករ​លើក​ម្រាម​ដៃ៥​ទាំងសងខាង ជា​សញ្ញា​បង្ហាញ​នូវ​ «ការទាមទារ​ទាំង​៥» ខណៈ​ដែល​ពួកគេ​ដើរ​តវ៉ា​ប្រឆាំង​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ប្រឆាំង​នឹង​ច្បាប់​សន្ដិសុខ​ជាតិ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០។

ប៉ូលិស​ហុងកុង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​មនុស្ស​រាប់​រយ​នាក់ ដែល​តវ៉ា​ប្រឆាំង​នឹង​សំណើ​ច្បាប់​សន្តិសុខ​ថ្មី ដែល​ពួកគេ​ជឿ​ថា​បំពាន​ដល់​សេរីភាព​របស់​ទីក្រុង​ហុងកុង។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​បន្ទរ​ពាក្យ​ស្លោក​ប្រជាធិបតេយ្យ​នានា ស្រប​ពេល​ដែល​ប៉ូលិល​ប្រើ​ឧគ្ឃោសនស័ព្ទ​បញ្ជា​ឲ្យ​ពួកគេ​បែក​ហ្វូង​គ្នា ដោយ​បាន​ហៅ​ការ​តវ៉ា​នេះ​ថា​ខុស​ច្បាប់។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ឯ​សម័យ​ប្រជុំ​បើក​រដ្ឋសភា​របស់​ប្រទេស​ចិន។ សំណើ​ច្បាប់​នេះ​ហាម​ឃាត់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ផ្ដាច់​ខ្លួន និង​ផ្ដួល​រំលំ​រដ្ឋ​អំណាច និង​ហាម​ឃាត់​លើ​អ្វី​ដែល​សំណើ​ច្បាប់​នេះ​ចាត់ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​របស់​បរទេស និង​អំពើ​ភេរវកម្ម។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ឥស្សរជន​នយោបាយ​ប្រហែល ២០០ នាក់ មក​ពី​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក ១៧ រូប​ផង​ដែរ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ ដោយ​អះអាង​ថា សំណើ​ច្បាប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​គឺ​ជា «ការ​បំពាន​យ៉ាង​ទូលំទូលាយ​លើ​ស្វ័យភាព នីតិរដ្ឋ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ទីក្រុង​ហុងកុង»។

សេចក្ដី​ប្រកាស​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សំណើ​ច្បាប់​នេះ​គឺ​ជា «ការ​រំលោភ​ជាក់ស្ដែង» លើ​សេចក្ដី​ប្រកាស​រួម​ស្ដី​អំពី​ការ​ប្រគល់​ទីក្រុង​ហុងកុង ដែល​ជា​អតីត​ទីក្រុង​អាណានិគម​របស់​ចក្រភព​អង់គ្លេស ដល់​ប្រទេស​ចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧ នៅ​ក្រោម​គោលការណ៍​ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ»៕