ប៉ូលិសហុងកុងបានប្រើកាំភ្លើងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ និងបានចាប់ខ្លួនបាតុករជាង ៣០០ នាក់ កាលពីថ្ងៃពុធ ខណៈដែលបាតុករនាំគ្នាធ្វើការតវ៉ានៅតាមដងផ្លូវ ដើម្បីប្រឆាំងនឹងច្បាប់សន្ដិសុខជាតិថ្មីដែលអនុម័តដោយចិន។ ក្រុមអ្នករិះគន់និយាយថា ច្បាប់ថ្មីនេះមានគោលបំណងបំបិទមាត់សំឡេងប្រឆាំង។
រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញខ្លឹមសារលម្អិតនៃច្បាប់សន្ដិសុខជាតិថ្មីកាលពីល្ងាចថ្ងៃអង្គារ ក្រោយពីមានភាពស្រពេចស្រពិលអំពីច្បាប់នេះអស់រយៈពេលប៉ុន្មានសប្ដាហ៍។ ច្បាប់នេះបានរុញច្រានឲ្យទីក្រុងហុងកុងដែលជាទីក្រុងដែលមានសេរីភាពបំផុតរបស់ប្រទេសចិន និងជាទីក្រុងមួយដែលជាបណ្ដុំពាណិជ្ជកម្មពិភពលោកធ្លាក់ចូលទៅក្នុងមាគ៌ាផ្ដាច់ការជាងមុន។
ខណៈដែលបាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងដើម្បីដើរដង្ហែក្បួនប្រារព្ធខួបឯករាជ្យដែលអតីតអាណានិគមនិយមអង់គ្លេសប្រគល់ទីក្រុងហុងកុងទៅឲ្យចិនគ្រប់គ្រងនៅឆ្នាំ១៩៩៧ ប៉ូលិសបានប្រើទឹកបាញ់ឲ្យក្រហាយភ្នែកបាញ់ដាក់ហ្វូងបាតុករ និងចាប់ខ្លួនបាតុករមួយចំនួន ក្រោយពីពួកគេស្រែកឃ្លាថា «ប្រឆាំងរហូតដល់ទីបញ្ចប់» និង «ឯករាជ្យហុងកុង»។
ច្បាប់ថ្មីនេះនឹងដាក់ទោសចំពោះឧក្រិដ្ឋកម្មញុះញង់ ផ្ដួលរំលំរដ្ឋាភិបាល ភេរវកម្ម និងការឃុបឃិតជាមួយនឹងកងកម្លាំងបរទេស ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត។ ច្បាប់នេះក៏នឹងអនុញ្ញាតឲ្យមានទីភ្នាក់ងារសន្ដិសុខចិនដីគោកក្នុងទីក្រុងហុងកុងជាលើកដំបូង និងអនុញ្ញាតឲ្យមានការបញ្ជូនខ្លួនពីទីក្រុងហុងកុងទៅកាន់ចិនដីគោកដើម្បីកាត់ក្ដីផងដែរ៕