ក្រុមអាជ្ញាធរក្នុងទីក្រុងហុងកុងបានចាប់ផ្តើមចាត់វិធានការមិនដែលធ្លាប់មានពីមុនមកទៅលើគណបក្សនយោបាយដែលទាមទារឯករាជ្យភាពរបស់ដែនដីហុងកុងពីប្រទេសចិន។ ប្រធាននាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពសាធារណៈ លោក John Lee បានប្រកាសនៅថ្ងៃអង្គារនេះថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក Andy Chan ស្ថាបនិករបស់គណបក្សជាតិហុងកុង Hong Kong National Party ដោយទុកពេលឲ្យលោក២១ថ្ងៃដើម្បីឲ្យលោកធ្វើការបកស្រាយពីមូលហេតុដែលមិនគួរត្រូវដាក់បម្រាមទៅលើក្រុមនេះ។
លោក Lee បានថ្លែងថាលោកកំពុងពិចារណាដាក់បម្រាមទៅលើក្រុមណាដែលត្រូវបានចាត់ទុកថាធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិនិងសុវត្ថិភាពសាធារណៈ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចោទប្រកាន់ជាក់លាក់ណាមួយប្រឆាំងនឹងក្រុមនេះនោះទេ។ នៅក្រោមច្បាប់ហុងកុងសន្តិសុខជាតិត្រូវបានចាត់ទុកថាជាការការពារបូរណភាពទឹកដី និងឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក Lee បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា «នៅក្នុងទីក្រុងហុងកុងយើងមានសេរីភាពក្នុងការជួបជុំ ប៉ុន្តែសិទ្ធិនេះឥឡូវគ្មានដែនកំណត់ទេ»។
នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលហុងកុងមានគម្រោងដាក់បម្រាមទៅលើគណបក្សនយោបាយចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់អធិបតេយ្យភាពឲ្យទៅរដ្ឋាភិបាលទីក្រុងប៉េកាំងវិញកាលពីឆ្នាំ១៩៩៧។
គណបក្សជាតិហុងកុងដែលគាំទ្រឯករាជ្យភាពរបស់ទីក្រុងហុងកុងបានកើតឡើងពីបដិវត្តន៍ក្រោមឆ័ត្រទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៤ដែលជាការតវ៉ានៅតាមដងផ្លូវទាមទារឲ្យមានការបោះឆ្នោតដោយសេរី៕