រដ្ឋសភាក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយដែលចាត់ជាបទឧក្រិដ្ឋនូវការមិនគោរពភ្លេងជាតិចិន ខណៈមានការប្រឆាំងជាទូទៅនៅក្នុងដែនដីពាក់កណ្តាលស្វយ័តនេះ។
ការអនុម័តកើតឡើងចំខួបទី៣១ នៃការបង្ក្រាបហិង្សារបស់អាជ្ញាធរចិនទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមេន (Tiananmen) ក្នុងទីក្រុងប៉េកាំង ដោយសកម្មជនហុងកុងរាប់ពាន់នាក់មិនស្តាប់បម្រាមហើយបានជួបជុំគ្នានៅឧទ្យាន Victoria Park កាលពីយប់ថ្ងៃព្រសហ្បតិ៍ដើម្បីធ្វើពិធីរំឭកដែលពួកគេបានធ្វើអស់៣០ឆ្នាំមកហើយ។
ច្បាប់ចម្រូងចម្រាសនេះត្រូវបានអនុម័តមុនម៉ោង៥រសៀលថ្ងៃព្រហស្បតិ៍ដោយសំឡេងគាំទ្រ៤១ និងប្រឆាំង១សំឡេង និងក្រោយពីអ្នកតាក់តែងច្បាប់ដែលគាំទ្រប្រជាធិបតេយ្យត្រូវគេហាមមិនឲ្យចូលរួមដោយសារបានធ្វើការតវ៉ាខ្លាំងៗនិងហៅការអនុម័តច្បាប់នេះតាមានលក្ខណៈដូចឃាតកម្ម។
សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់អ្នកចូលរួមមើលការប្រកួតបាល់ទាត់មួយចំនួន ដែលតែងតែស្រែកឌឺដងឲ្យភ្លេងជាតិចិន។ ក្រោមច្បាប់ថ្មី អ្នកដែលរកឃើញថាមានទោសអាចជាប់ទោសពន្ធនាគាររហូតដល់៣ឆ្នាំនិងពិន័យរហូតដល់៦.៥០០ដុល្លារ។ ច្បាប់ថ្មីនេះក៏តម្រូវឲ្យសាលារៀនបញ្ចូលមេរៀនអំពីភ្លេងជាតិចិនទៅក្នុងកម្មវិធីសិក្សា។
ការអនុម័តច្បាប់ថ្មីឲ្យគោរពភ្លេងជាតិចិននេះកើតឡើងក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោងអនុវត្តច្បាប់ចម្រូងចម្រាសមួយទៀតគឺច្បាប់សន្តិសុខជាតិសម្រាប់ហុងកុងដែលទើបអនុម័តថ្មីៗដែរ៕