មេដឹកនាំ​ក្រុង​ហុងកុង​គាំទ្រ​សំណើ​​របស់​មន្ត្រី​ចិន​ដីគោក​ក្នុង​ការ​ផ្លាស់ប្តូរ​ច្បាប់​បោះ​ឆ្នោត

ប្រធាន​ប្រតិបត្តិ​ទី​ក្រុង​ហុងកុង​អ្នក​ស្រី Carrie Lam ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំសប្ដាហ៍នៅ​ទីក្រុងហុងកុង។

ប្រធាន​ប្រតិបត្តិ​ទី​ក្រុង​ហុងកុង​អ្នក​ស្រី Carrie Lam បាន​គាំទ្រ​សំណើរបស់មន្ត្រី​ចិន​ដ៏​សំខាន់ម្នាក់ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ដែល​នឹង​ធានា​ថា សភាទី​ក្រុង​ហុងកុង នឹង​មាន​សមាជិក​សភាជា​ច្រើន​ដែល​ស្មោះត្រង់​ជា​មួយរដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នោះ។

លោកXia Baolong នាយកការិយាល័យ​កិច្ច​ការ​ទីក្រុងហុង​កុង​ និង​ម៉ាកាវ របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង​ហុងកុង ត្រូវ​ដឹកនាំ​ដោយ​«បុគ្គល​សេ្នហា​ជាតិ» មិន​មែន​ដោយ​ក្រុម​ដែល «បង្កើត​បញ្ហា​នោះ​ទេ»។

អ្នក​ស្រី Lam បាន​ប្រាប់អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា អ្នក​ស្រី​យល់​នូវ​ក្តី​បារម្ភ​របស់មន្ត្រីរដ្ឋាភិបាលកណ្តាលដែល​បាន​លើក​ឡើង​នោះ​ ដោយ​ពួក​គេ​មិន​ចង់ឲ្យស្ថាន​ភាពធ្លាក់​ទៅ​ក្នុងភាព​កាន់​តែ​អាក្រក់​ខ្លាំង​ជាង​នេះ​ នៅ​ក្នុងប្រទេស​មួយ​ដែល​មាន​ ប្រព័ន្ធ​ពីរ​ដែល​មិន​អាច​អនុ វត្ត​បាន​នោះទេ​។​

សភា​ជាតិ​ចិន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដាក់​ចេញ​នូវការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ទី​ក្រុង​ហុងកុង​នៅ​ក្នុងកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួននៅ​ខែ​ក្រោយ​នេះ។ ការផ្លាស់​ប្តូរ​មួយ​ចំនួន​ដែល​ត្រូវ​បាន​រំពឹង​ទុក​នោះ រួម​មានការ​ផ្តល់​អំណាច​បោះ​ឆ្នោត​បន្ថែម​ទៀត​ដល់​សមាជិក​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនៅ​ក្នុង​គណៈ​កម្មការ​រៀបចំ​ការបោះ​ឆ្នោត​ក្រុង​ហុង​កុង​ ដែល​មាន​សមាជិក​សរុប១២០០​នាក់​ ដែល​ជា​អ្នក​ជ្រើស​រើស​ប្រធាន​ប្រតិបត្តិ​ទី​ក្រុង​ហុងកុង​នោះ។ ការ​ផ្លាស់​ប្តូរ​នេះ​ នឹង​ដកសិទ្ធិបោះ​ឆ្នោតសមាជិក​ក្រុម​ប្រឹក្សាស្រុក​ថ្នាក់​ទាប​ជា​ច្រើន​នាក់​ ដែល​ភាគ​ច្រើន​ជា​អ្នក​នៅ​ខាង​ក្រុម​អ្នកគាំទ្រលទ្ធិប្រជា​ធិបតេយ្យ​នោះ៕