កាលពីថ្ងៃសៅរ៍តុលាការមួយក្នុងក្រុងហុងកុងបានរកឃើញថាកាពីតែននៃនាវាចម្លងមួយគ្រឿងមានទោសពីបទឃាតកម្មនៅក្នុងគ្រោះថ្នាក់នាវាបុកគ្នាដែលបានបណ្តាលឱ្យមនុស្ស៣៩នាក់ស្លាប់កាលពីឆ្នាំ២០១២។
លោក Lai Sai-ming អាយុ៥៦ឆ្នាំជាកាពីតែននាវាចម្លង Sea Smooth ក៏មានទោសដែរពីបទធ្វើឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពនៃអ្នកឯទៀតនៅក្នុងសមុទ្រនៅក្នុងគ្រោះថ្នាក់បុកគ្នារវាងនាវាចម្លងរបស់លោកដែលមានល្បឿនលឿននិងនាវាកម្សាន្តមួយគ្រឿងតូចជាងនាវារបស់លោកនៅជិតកោះ Lamma។
នាវាតូចនោះមានដឹកបុគ្គលិកប្រមាណ១២០នាក់នៃក្រុមហ៊ុនអគ្គិសនីក្នុងមូលដ្ឋានដើម្បីដើរកម្សាន្តមើលការអុជកាំជ្រួចនៅទិវាបុណ្យជាតិនៃប្រទេសចិននៅថ្ងៃទី១ខែតុលាឆ្នាំ២០១២។ មនុស្សទាំងអស់ដែលស្លាប់បានឋិតនៅលើនាវាកម្សាន្តនោះ។ កាពីតែននៃនាវាទាំងពីរគ្រឿងនេះបានបន្ទោសគ្នាទៅវិញទៅមកអំពីការបុកគ្នានេះ។
ចៅក្រមនៃតុលាការដដែលនេះបានរកឃើញថាលោក Chow Chi-wai កាពីតែននៃនាវាកម្សាន្តគ្មានទោសអំពីការសម្លាប់មនុស្សទេ តែថាលោកមានទោសពីបទធ្វើឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពនៃមនុស្សឯទៀតនៅក្នុងសមុទ្រ៕