លោកស្រី Carrie Lam ដែលជាមន្ត្រីរដ្ឋាភិបាលជើងចាស់មួយរូប ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលមានទំនោរទៅរករដ្ឋាភិបាលចិន ជ្រើសរើសលោកស្រីឲ្យធ្វើជាប្រមុខដឹកនាំទីក្រុងហុងកុង ជាស្ត្រីដំបូងបង្អស់។
ប្រមុខដឹកនាំរបស់ទីក្រុងហុងកុងត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមួយដែលមានសមាជិក ជាមហាសេដ្ឋីពាណិជ្ជកម្ម និងសមាជិកសភា ចំនួន ១ ពាន់ ២ រយនាក់។ ករណីនេះធ្វើឲ្យពលរដ្ឋហុងកុងរាប់លាននាក់មិនអាចបោះឆ្នោតសម្រេចជ្រើសរើសមេដឹកនាំរបស់ខ្លួនបាន។
ជ័យជម្នះដែលទទួលបានការបោះឆ្នោតគាំទ្រចំនួន ៧៧៧ សំឡេង របស់លោកស្រី Carrie Lam វ័យ ៥៩ ឆ្នាំរូបនេះ គឺជារឿងដែលមិនមានការភ្ញាក់ផ្អើលនោះទេ ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបានប្រឹងប្រែងខ្លាំងក្លាក្នុងការបញ្ចុះបញ្ចូលសមាជិកគណៈកម្មាធិការបោះឆ្នោតឲ្យបោះឆ្នោតគាំទ្រលោកស្រី។
សកម្មជនលទ្ធិប្រជាធិបតេយ្យមានការងឿងឆ្ងល់អំពីជ័យជម្នះ និងនិន្នាការទៅរករដ្ឋាភិបាលចិនរបស់លោកស្រី។ ពួកគេមានការសង្ស័យអំពីការកើនឡើងនូវការជ្រៀតជ្រែករបស់ចិនចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រុងហុងកុង និងមានការភ័យខ្លាចបាត់បង់នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ទីក្រុងហុងកុង ដែលគោលការណ៍នេះ បានធានាផ្ដល់នូវសេរីភាពជាច្រើនដល់ទីក្រុងហុងកុង។
លោកស្រី Carrie Lam បាននិយាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងហុងកុង «រងគ្រោះដោយសារការបែកបាក់ដ៏ធ្ងន់ធ្ងរ»។ លោកស្រីបានបន្ថែមថា អាទិភាពជាចម្បងរបស់លោកស្រីគឺត្រូវដោះស្រាយចំពោះការបែកបាក់នេះ»៕