សកម្មជន​វ័យ​ក្មេង​៣រូប​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ក្រុង​ហុងកុង​ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​

រូបឯកសារ៖ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នាង Agnes Chow (ឆ្វេង) លោក​ Ivan Lam (កណ្ដាល) និង លោក Joshua Wong ទៅ​ដល់​តុលាការ​ដើម្បី​ចូលរួម​សវនាការ​កាត់ក្ដី នៅ​ក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សកម្មជនគាំទ្រលទ្ធិប្រជា​ធិបតេយ្យ​សំខាន់​បី​រូប​ក្នុង​ទី​ក្រុង​ហុង​កុង​ ត្រូវ​បាន​កាត់​ទោស​នៅ​ថ្ងៃ​ពុធ​នេះ​ ក្នុង​ការពាក់ព័ន្ធការប្រឆាំង​តវ៉ានៅ​ខាង​ក្រៅ​អគារ​ស្នាក់ការ​ធំ​ប៉ូលិសក្រុង​ហុងកុង ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩។​

ការផ្តន្ទាទោស​ដ៏​ខ្លាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដល់​សកម្មជន​ Joshua Wong ​អាយុ​២៤​ឆ្នាំ​ ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៣ខែ​កន្លះ​ ​ក្នុង​បទ​បាន​រៀបចំនិង​ញុះ​ញង់ក្នុង​ការប្រមូល​ផ្តុំ​ជួបជុំដោយ​ខុស​ច្បាប់​មួយ។​ សកម្មជន​ Agnes Chow ​អាយុ២៣​ឆ្នាំ​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១០​ខែ​ ពី​បទ​ចូលរួម​និង​ញុះញង់​អ្នកដទៃ​ឲ្យ​ចូលរួមក្នុង​ការប្រឆាំង​តវ៉ា​ ហើយសកម្មជន​ Ivan Lam ​អាយុ​២៦​ឆ្នាំ​ត្រូវ​ទទួលទោស​ចំនួន​៧​ខែ​ ពី​បទ​បង្ក​អំពើញុះ​ញង់។ ​

សកម្មជន​ទាំង​៣រូប​នេះ​ បាន​សារភាព​ទទួល​កំហុស ​ចំពោះ​បទ​ចោទ​ប្រកាន់​ទាំង​នោះ​កាល​ពី​ខែ​មុន​ ក្នុង​អំឡុង​ពេលនៃ​ការ​បង្ហាញ​មុខ​ក្នុង​តុលា​ការ​ តាម​ការផ្តល់​យោបល់​ពី​មេធាវី​របស់​ពួក​គេ។​

ក្រុម​អ្នកប្រឆាំង​តវ៉ា​រាប់​ពាន់​នាក់ បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​ធំ​របស់​ប៉ូលិស​កាលពី​ថ្ងៃ​ទី​២១​ខែ​មិថុនា ឆ្នាំ​២០១៩​ ដោយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ហុងកុង ​ដកចេញ​នូវ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ដែល​បាន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ​អាច​ត្រូវ​គេ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ចិន​ដីគោក។ ច្បាប់​នោះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ហុងកុង​ក្នុង​ទ្រង់ទ្រាយ​ធំ​ អស់​រយៈពេលរាប់​ខែ​ ដែល​ពេល​ខ្លះ​ការប្រឆាំង​តវ៉ា​នោះ​បានបង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ផង​ដែរ។

អ្នកស្រី​ Yamini Mishra ​នាយកប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ ​Amnesty ​International​ បាន​ថ្កោលទោសការកាត់ទោស​នោះ ​ដោយ​អ្នកស្រីបាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «ដោយ​កំណត់​មុខ​សញ្ញា​សកម្មជន​ល្បី​ឈ្មោះ​នៅ​ក្នុង​ចលនា​ប្រឆាំង​តវ៉ាដែល​ជា​ទូទៅ​គ្មាន​មេដឹកនាំក្នុង​ការធ្វើ​បាតុកម្ម​នោះ​ អាជ្ញាធរ​ក្រុងហុងកុង​ កំពុង​បញ្ជូន​សារ​ព្រមាន​មួយ​ ដល់​មនុស្ស​គ្រប់​រូប​ ដែល​ហ៊ាន​រិះ​គន់​ដោយ​ចំហ​ទៅ​លើ​រដ្ឋាភិបាល​ថា​ អ្នក​អាច​ជា​មនុស្ស​បន្ទាប់​ដែល​អាច​ត្រូវ​កាត់​ទោស»៕