បាតុករ​ហុងកុង​សាទរ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់

អ្នកស្រី Tsai Ing-wen សាទរ​ជ័យជម្នះ​របស់​អ្នកស្រី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០ ជាមួយ​នឹង​អ្នកគាំទ្រ​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អាទិត្យ​នេះ ​អ្នក​រស់នៅ​ទីក្រុង​ហុងកុង​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​គាំទ្រ​ដល់​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​លើ​កោះតៃវ៉ាន់។

បាតុករនាំ​គ្នា​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​កោះតៃវ៉ាន់ ដែល​បាន​បោះឆ្នោត​ឲ្យ​អ្នកស្រី Tsa Ing-wen ខាង​គណបក្ស​ចម្រើន​និយម​ប្រជាធិបតេយ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទីពីរ។

ប្រជាជន​តៃវ៉ាន់​បាន​តាមដាន​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​យ៉ាង​ដិតដល់។

ចិន​និង​តៃវ៉ាន់​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដាច់​ដោយ​ឡែក​ពី​គ្នា ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​នៅ​ចិន​កាល​ពី​ទសវត្សរ៍​១៩៤០​មក។ ពេល​នោះ​ក្រុម​អ្នក​ជាតិ​និយម​បាន​ចាញ់​ពួក​កុំម្មុយនិស្ត និង​បាន​តាំង​មូលដ្ឋាន​រដ្ឋាភិបាល​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​តៃប៉ិ។ ចិន​បាន​ទាមទារ​អធិបតេយ្យភាព​លើ​កោះតៃវ៉ាន់​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​និង​ទទូច​ថា នៅ​ទីបំផុត ភាគី​ទាំង​សងខាង​ត្រូវ​រួបរួម​គ្នា​វិញ ទោះ​បី​ជា​ប្រសិន​បើ​ចាំបាច់​ត្រូវ​ប្រើ​កម្លាំង​ក៏​ដោយ។

ចិន​គ្រប់គ្រង​ទីក្រុង​ហុងកុង ក្រោម​ប្រព័ន្ធ​មួយ​ដែល​រដ្ឋាភិបាល​កុំម្មុយនិស្ត​ហៅ​ថា «ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ‍» ដែល​មាន​ន័យ​ថា មាន​ការ​ដាក់​កម្រិត​ទៅ​លើ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស។

ពលរដ្ឋ​ហុងកុង​ទទួល​បាន​សិទ្ធិ​ច្រើន​ជាង​ពលរដ្ឋ​ចិន​ដី​គោក​ ប៉ុន្តែ​បាតុករ​ហុងកុង​និយាយ​ថា សេរីភាព​របស់​ពួកគេ​កំពុង​តែ​បាត់បង់​ជា​លំដាប់​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង៕