តុលាការក្រុងហុងកុងកាលពីថ្ងៃអង្គារ បានបដិសេធជាថ្មីនូវសំណើសុំនៅក្រៅឃុំចំពោះជនដំបូងគេ ដែលត្រូវបានចោទប្រកាន់ថាបានញុះញង់ឲ្យមានការបំបែករដ្ឋនិងបង្កអំពើភេរវកម្ម ក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន នៅក្នុងទីក្រុងហុងកុង ដែលគ្រប់គ្រងដោយប្រទេសចិនដីគោកនោះ។
មន្ត្រីប៉ូលិសនិយាយថា លោក Tong Ying-kit អាយុ២៣ឆ្នាំ បានលើកផ្ទាំងអក្សរដែលមានខ្លឹមសារថា «រំដោះទីក្រុងហុងកុង នេះជាបដិវត្តន៍នៃសម័យកាលរបស់យើង» ដោយបានបើកម៉ូតូរបស់លោកទៅបុកមន្ត្រីប៉ូលិសជាច្រើននាក់ឲ្យដួលនៅតាមផ្លូវ មុនពេលដែលរូបលោកដួលម៉ូតូនិងត្រូវបានប៉ូលិសចាប់ខ្លួននៅពេលនោះ។
រដ្ឋាភិបាលរបស់ក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ីមួយនេះ បានលើកឡើងថាការប្រឆាំងតវ៉ាដោយការលើកពាក្យស្លោកនេះ មានបំណងញុះញង់ឲ្យមានការផ្តាច់ខ្លួនរបស់ទីក្រុងហុងកុងនិងការធ្វើវិទ្ធង្សនា ក្រោមច្បាប់សន្តិសុខជាតិថ្មី។ ប្រការនេះបានធ្វើឲ្យមានការព្រួយបារម្ភពីសេរីភាពនៃការបញ្ចេញមតិនៅក្នុងទីក្រុងអតីតដែនដីអាណានិគមរបស់អង់គ្លេសមួយនេះ។
លោក Tong ស្ថិតក្នុងចំណោមបាតុករជាង៣០០នាក់ ដែលបានតវ៉ាចំពោះច្បាប់សន្តិជាតិថ្មីក្នុងទីក្រុងហុងកុង ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ខែកក្កដា គឺក្នុងពេលតិចជាង២៤ម៉ោងក្រោយពីច្បាប់នេះត្រូវបានអនុម័តនិងដាក់ឲ្យអនុវត្តភ្លាម៕