ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ផ្ដើមកាលពីថ្ងៃសុក្រ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោក Koo Sze-yiu ត្រូវបានប៉ូលិសផ្នែកច្បាប់សន្តិសុខជាតិចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបាន «ញុះញង់ឱ្យមានវិទ្ធង្សនាប្រឆាំងនឹងរដ្ឋអំណាច»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងហុងកុងបានរាយការណ៍ថា នៅពេលនោះ លោក Koo មានគម្រោងធ្វើការតវ៉ានៅខាងក្រៅការិយាល័យទំនាក់ទំនងរបស់ចិន ដែលជាការិយាល័យតំណាងឱ្យរដ្ឋាភិបាលចិននៅក្នុងទីក្រុងហុងកុង ដើម្បីឱ្យចំពេលនៃពិធីបើកការប្រកួតកីឡាអូឡាំពិក។ ប៉ុន្តែ ប៉ូលិសទីក្រុងហុងកុងបានសម្រុកចូលចាប់ខ្លួនលោកនៅផ្ទះរបស់លោក កាលពីព្រឹកព្រលឹមស្រាងៗនៅថ្ងៃនោះ។
លោក Koo វ័យ ៧៥ ឆ្នាំ ដែលកំពុងរងគ្រោះដោយសារជំងឺមហារីកដំណាក់កាលទី ៤ បានផ្ញើសេចក្ដីអញ្ជើញមួយតាមប្រព័ន្ធផ្សព្វផ្សាយ មុនពេលលោកគ្រោងធ្វើបាតុកម្មកាលពីថ្ងៃសុក្រ ដោយលោកបានរិះគន់ប្រទេសចិនថាបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក នៅពេលដែលមានករណី «អយុត្តិធម៌» នៃការចាប់ឃុំខ្លួនមនុស្សនៅក្នុងទីក្រុងហុងកុង។
លោក Koo ក៏បាននិយាយផងដែរថា អាជ្ញាធរបានបំពានលើច្បាប់សន្តិសុខ ដោយប្រើច្បាប់នេះជាផ្នែកមួយនៃការបង្ក្រាបរបស់ពួកគេលើក្រុមដែលប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល។
លោក Ted Hui អតីតសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង ដែលនៅពេលបច្ចុប្បន្ននេះកំពុងនិរទេសខ្លួននៅក្នុងប្រទេសអូស្ត្រាលី បានថ្កោលទោសការចាប់ខ្លួនលោក Koo នេះ។
លោកបានប្រាប់ VOA ថា៖ «វាជារឿងដ៏គួរឱ្យក្រៀមក្រំខ្លាំងណាស់។ លោក [Koo] ប្រហែលជានឹងត្រូវជាប់ក្នុងពន្ធនាគាររហូតនៅក្រោមច្បាប់ដ៏តឹងតែងនេះ។ សូម្បីតែមនុស្សចាស់ដែលមានជំងឺមហារីកក៏ដោយ ក៏របបដឹកនាំហុងកុងនៃគណបក្សកុម្មុយនីស្តចិនគ្មានក្ដីមេត្តាដែរ។ លោក Koo គឺជាបុគ្គលល្បីឈ្មោះនិងមានការគោរពមួយរូប។ លោកបានបង្រៀនពលរដ្ឋហុងកុងអំពីភាពក្លាហានកាលពីដំបូងៗ»។
អាជ្ញាធរប៉ូលិសក្រុងហុងកុងបានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់អះអាងអំពីការចាប់ខ្លួននេះ និងបានបន្ថែមថា បុរសពីរនាក់និងស្ដ្រីពីរនាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរនៅក្នុងផ្នែកនៃការស៊ើបអង្កេតនេះ។
លោក Koo ដែលត្រូវបានចាប់ឃុំខ្លួន ១១ ដងរួចមកហើយ ដោយសារសកម្មភាពតស៊ូមតិរបស់លោក ជារឿយៗសែងក្ដារមឈូសក្លែងក្លាយមួយទៅធ្វើបាតុកម្ម ក្នុងគោលបំណងដើម្បីបង្ហាញអំពីមរណភាពរបស់ទីក្រុងហុងកុង។
កាលពីខែមករា ឆ្នាំ ២០២១ តុលាការបានកាត់ទោសលោក Koo ឱ្យជាប់ពន្ធនាគារ ៤ ខែ ក្រោមបទប្រមាថទង់ជាតិចិនកាលពីឆ្នាំ ២០១៩។
ការចាប់ខ្លួនលោក Koo លើកនេះគឺជាលើកដំបូងហើយដែលសកម្មជនរូបនេះត្រូវបានចោទប្រកាន់នៅក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ដែលជាច្បាប់ពោរពេញទៅដោយភាពចម្រូងចម្រាស៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ