សកម្មជនក្រុងហុងកុងដែលនិរទេសខ្លួននៅបន្តប្រឆាំង ខណៈអាជ្ញាធរផ្តល់ប្រាក់រង្វាន់ចំពោះការផ្តល់ព័ត៌មានអំពីពួកគេ

ប៉ូលិសហុងកុង​ប្រកាស​ព័ត៌មាន​អំពី​ពលរដ្ឋ​ហុងកុង​ចំនួន ៥ នាក់​ដែល​ពួកគេ​ចង់​ចាប់ខ្លួន​ពី​បទ​ឧក្រិដ្ឋសន្តិសុខ​ជាតិ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​នៅ​ក្រៅ​ប្រទេស​ប្រាប់​វីអូអេ​ថា ពួកគេ​នឹង​មិន​ផ្លាស់ប្តូរ​ជំហរ​ដោយសារ​ប្រាក់​រង្វាន់​ថ្មី​ផ្តល់​ឱ្យ​ដោយ​មន្ត្រី​នៅ​ទីក្រុង​ហុងកុង ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​ដែល​អាច​នាំ​ទៅរក​ការចាប់​ខ្លួន​ពួកគេ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ថា បាន​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ចិន​នោះ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កាតាំង សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ដែល​មាន​ឈ្មោះ​ក្នុង​សេចក្តីប្រកាស​នា​ពេល​ថ្មីៗ​នេះ ​បាន​ហៅ​ប្រាក់​រង្វាន់​នេះ​ថា «ចម្លែក» ខណៈ​អ្នក​ផ្សេង​ទៀត​បាន​ហៅ​ការចេញ​ដីកា​ចាប់ខ្លួន​អ្នក​ប្រឆាំង​បន្ថែម​ទៀត​ថា​ជា «ការគំរាមជា​សាធារណៈ»។

កាលពី​ថ្ងៃទី ១៤ ខែធ្នូ ក្រសួង​សន្តិសុខ​ជាតិ​នៃ​កងកម្លាំង​ប៉ូលិស​ហុងកុង​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ប្រាក់​រង្វាន់​ចំនួន ១លាន​ដុល្លារ​ហុងកុង (ប្រមាណ ១២៨.២០០ ដុល្លារ​អាមេរិក) ក្នុង​ម្នាក់ៗ​ សម្រាប់​ការចាប់​ខ្លួន​សកម្មជន​ចំនួន ៥ នាក់ ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ផ្តល់​ប្រាក់​រង្វាន់​របស់​អាជ្ញាធរ។

អ្នក​ទាំង ៥ នាក់​នោះ​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង ហើយ​ឥឡូវ​នេះ​រស់​នៅ​ក្រៅ​ប្រទេស។ ម្នាក់​ក្នុង​ចំណោម​ពួកគេ​ជា​ពលរដ្ឋ​អាមេរិកាំង។

អ្នក​ទាំង ៥ នាក់​នោះ​រួមមាន​លោក Simon Cheng Man-kit អ្នកនាង Frances Hui Wing-ting នាង Joey Siu Nam លោក Johnny Fok Ka-chi និង​លោក Tony Choi Ming-da។

បើតាម​អាជ្ញាធរ​ក្រុង​ហុងកុង នាង Hui អាយុ ២៤ ឆ្នាំ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​«បាន​ឃុបឃិត​ជាមួយ​បរទេស​ឬ​កងកម្លាំង​ ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ»។ បច្ចុប្បន្ន​ នាង​ជា​ប្រធាន​ក្រុម​តស៊ូ​មតិ​ឈ្មោះ​ថា «We The Hong Kongers» នៅ​សហរដ្ឋអាមេរិក។

នាង Hui បាន​និរទេស​ខ្លួន​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ ២០២០ ហើយ​បាន​ទទួល​សិទ្ធិ​ជ្រក កោន​ផ្នែក​នយោបាយ​នៅ​ឆ្នាំ ២០២២ និង​បាន​ក្លាយ​ជា​ពលរដ្ឋ​ហុងកុង​ដំបូង​គេ ​ដែល​ទទួល​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​បទសម្ភាសន៍​ជា​វីដេអូ​ជាមួយ​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កាតាំង នាង Hui បាន​ថ្លែង​ថា នាង​មិន​មាន​ការភ្ញាក់ផ្អើល​ទេ នៅ​ពេល​ដឹង​ព័ត៌មាន​ពី​ដីការ​ចាប់​ខ្លួន​នាង ដោយសារ​តែ​នាង​ត្រៀមខ្លួន​សម្រាប់​លទ្ធភាព​បែប​នេះ​រួច​ហើយ នៅ​ពេល​ប្រកាស​និរទេស​ខ្លួន​នៅ​ឆ្នាំ ២០២០។ អ្នកនាង Hui បាន​ថ្លែង​ថា «រឿង​ទាំង​នេះ​នឹង​កើត​ឡើង​មិន​យូរ​មិន​ឆាប់» ប្រសិនបើ​នរណា​ម្នាក់​បន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ហុងកុង។

ទោះ​បី​ក្រសួង​សន្តិសុខ​ជាតិ​មិន​បាន​បញ្ជាក់​ច្បាស់​ថា សកម្មភាព​ណា​មួយ​របស់​នាង​ខុស​ច្បាប់​ក៏​ដោយ នាង Hui ជឿ​ថា វា​ច្បាស់​ជា​ពាក់ព័ន្ធ​នឹង​ច្បាប់​ដាក់​ទណ្ឌកម្ម​ហុងកុង​ដែល​ជា​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ដែល​អំពាវនាវ​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​ហុងកុង រួម​ទាំង​ចៅក្រម​និង​រដ្ឋអាជ្ញា​ផង​ដែរ។ នាង Hui មាន​តួនាទី​ក្នុង​ការផ្សព្វផ្សាយ​ច្បាប់​នេះ ហើយ​នាង​បាន​ពណ៌នា​រដ្ឋាភិបាល​ក្រុងហុងកុង​ថា «ហាក់​ដូចជា​អាក់អន់​ចិត្ត»។

នាង Hui បាន​ថ្លែង​ថា៖ «វា​ទំនង​ជា​ចំណុច​ឈឺចាប់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ហុងកុង ​ដែល​មាន​មន្ត្រី​របស់​ពួកគេ ជាពិសេស​អ្នក​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ត្រូវរង​ការដាក់​ទណ្ឌកម្ម។ ពួកគេ​មាន​ភាព​រសើប​ខ្លាំង​ចំពោះ​រឿង​នេះ។ ជាក់ស្តែង មនុស្ស​ភាគច្រើន​ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​តាមចាប់​ខ្លួន​ចុងក្រោយ​បំផុត​បាន​ជំរុញ​ដោយ​បើកចំហ​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​ពី​បរទេស»។

កាលពី​ខែវិច្ឆិកា សមាជិក​សភា​អាមេរិក ៥ រូប​បាន​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ហុងកុង​ទៅ​កាន់​សភា​តំណាងរាស្រ្ត​និង​ព្រឹទ្ធសភា ដោយ​បាន​ដាក់​ឈ្មោះ​មន្ត្រី ចៅក្រម​និង​រដ្ឋអាជ្ញា​ហុងកុង​ចំនួន ៤៩ នាក់ ​ដែល​ភាគច្រើន​បាន​កាត់ទោស​ឬ​ចូលរួម​ក្នុង​សំណុំរឿង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។

ច្បាប់​ដាក់​ទណ្ឌកម្ម​ហុងកុង​តម្រូវ​ឱ្យ​ប្រធានាធិបតី​អាមេរិក​កំណត់​ថា ​តើ​មន្ត្រី​ហុងកុង​ជាក់ លាក់​មួយ​ចំនួន​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​ឬ​ទេ ហើយ​ថា តើ​ទណ្ឌកម្ម​គួរតែ​ត្រូវ​បាន​ដាក់​ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​គណនេយ្យភាព​សិទ្ធិ​មនុស្ស Global Magnitsky ឬ​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ ២០១៩ ឬ​ច្បាប់​ស្តីពី​ស្វ័យភាព​ហុងកុង។

នាង Hui បាន​ថ្លែង​ថា សន្និសីទ​កាសែត​របស់​ការិយាល័យ​សន្តិសុខ​ជាតិ​ហុងកុង​ច្បាស់​ណាស់​ជា«សារ​នយោបាយ»ដែល​ចង់​បំភិតបំភ័យ​នាង។

នាង​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កាតាំង​ថា៖ «សម្រាប់​ខ្ញុំ ប្រាក់​រង្វាន់១លាន​ដុល្លារ ដីកា​ចាប់​ខ្លួន​និង​ការបង្រ្កាប​ឆ្លង​ដែន ទាំងអស់​នេះ​គ្រាន់​តែ​ជា​ការ​បំភាន់​សាធារណៈ​តែប៉ុណ្ណោះ»។

រូបឯកសារ៖ ស្ត្រីម្នាក់កំពុងអានសេចក្តីប្រកាស​របស់​ប៉ូលិស​ហុងកុង​ដោយ​ផ្តល់​ប្រាក់​រង្វាន់​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​អមពី​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុងដែលបាននិរទេសខ្លួន នៅក្រុងហុងកុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

កាលពី​ខែកក្កដា ក្រសួង​សន្តិសុខ​ជាតិ​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ដូច​គ្នា​សម្រាប់​មនុស្ស ៨ នាក់។ នៅ​ពេល​នោះ លោក Steve Li Kwai-wah ប្រធាន​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង​បាន​ថ្លែង​ថា ប្រាក់​រង្វាន់​នេះ​មិនមែន​ជា​ការបំភាន់​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់។

នាង Hui បាន​ថ្លែង​ថា នាង​នឹង​បន្ត​ការងារ​តស៊ូ​មតិ​របស់​នាង​សម្រាប់​ទីក្រុង​ហុងកុង រួមទាំង​ការជំរុញ​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ហុងកុង ក៏​ដូចជា​ការកសាង​សហគមន៍​ហុងកុង​នៅ​ក្រៅ​ប្រទេស​និង​ការលើក​កម្ពស់​វប្បធម៌​ក្នុង​មូលដ្ឋាន​របស់​ក្រុង​ហុងកុង​ផង​ដែរ។

នាង Joey Siu Nam អាយុ ២៤ ឆ្នាំ​ ជា​មនុស្ស​ម្នាក់​ទៀត​ក្នុង​ចំណោម​មនុស្ស ៥ នាក់​ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន​និង​ជា​ពលរដ្ឋ​អាមេរិកាំង។ នេះ​ជា​លើក​ទី​ ១ ​ហើយ ​ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​បាន​រដ្ឋាភិបាល​ហុងកុង​តាម​ចាប់​ខ្លួន​ ដោយ​បាន​ចោទ​ថា​បាន​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។

នាង Siu ជា​អតីត​អ្នក​នាំពាក្យ​ក្រុម​សកម្មជន​ហុងកុង HKIAD ដែល​បាន​បញ្ចុះបញ្ចូល​បរទេស​ឱ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ហុងកុង។

នៅ​ក្នុង​ការបង្ហោះ​នៅ​លើ​គណនី Instagram របស់​ខ្លួន​ថា ការអំពាវនាវ​ឱ្យ​មាន​ការចាប់​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​បង្ហាញ​ថាហុងកុង​មិនមែន​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ​ដែល​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​និង​នីតិរដ្ឋ​ទៀត​នោះ​ទេ។

នាង​បាន​សរសេរ​ថា៖ «ការ​ឆ្លើយតប​របស់​ខ្ញុំ​ចំពោះ​ការ​បំភិត​បំភ័យ​របស់​របប​កុម្មុយនិស្ត​ចិន​គឺ​ខ្លី​ណាស់៖ ខ្ញុំ​នឹង​មិន​នៅ​ស្ងៀម​ទេ ខ្ញុំ​នឹង​មិន​ដក​ថយ​ឡើយ»។

ជន​បរទេស​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​តាមចាប់​ខ្លួន​គឺ​លោក Simon Cheng Man-kit អាយុ ៣៣ ឆ្នាំ​ ដែល​ជា​អតីត​បុគ្គលិក​នៃ​ស្ថាន​អគ្គកុងស៊ុល​អង់គ្លេស​ប្រចាំ​នៅ​ក្រុងហុងកុង។ លោក Cheng បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​ទៅ​រស់នៅ​ចក្រភព​អង់គ្លេស ​ក្នុង​ឆ្នាំ ២០១៩។

យោង​តាម​ក្រសួង​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង លោក Cheng រួម​ជាមួយ​អ្នក​ផ្សេង​ទៀត​បាន​បង្កើត​អង្គការ​នយោបាយ​ដូចជា «សមាគម​ពលរដ្ឋ​ហុងកុង​នៅ​ចក្រភព​អង់គ្លេស» និង «សភា​ហុងកុង​ស្រមោល» បាន​តស៊ូ​មតិ​ម្តង​ហើយ​ម្តង​ទៀត ​ដើម្បី​ឯករាជ្យភាព​របស់​ហុងកុង​នៅ​លើ​វេទិកា​បណ្តាញ​សង្គម ហើយ​បាន​ស្នើ​ទៅ​បរទេស​ឱ្យ​ដាក់​ទណ្ឌកម្ម​មន្ត្រី​ហុងកុង​និង​មន្ត្រីតុលាការ។

រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Cheng ក្នុង​ឆ្នាំ ២០២០។ ចំពោះ​មូល ហេតុ​ដែល​គេ​ផ្តល់​ប្រាក់​រង្វាន់​ចំពោះ​ការផ្តល់​ព័ត៌មាន​អំពី​រូប​លោក​នោះ លោក Cheng បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​កាតាំង​ថា លោក​គិត​ថាបក្ស​កុម្មុយនិស្ត​ចិន​មាន​ការគិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​ការពិត​ដែល​ថា ​ពលរដ្ឋ​ហុងកុង​នៅ​ក្រៅ​ប្រទេស​និង​ពលរដ្ឋ​ចិន​ផ្សេង​ទៀត​បាន​បង្កើត​អង្គការ​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន។

លោក Cheng បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ។ បំណង​ប្រាថ្នា​របស់​យើង​គឺ​ធ្វើ​ឱ្យ​សង្គម​នេះ​កាន់​តែ​ប្រជាធិបតេយ្យ សេរី​និង​បើក​ចំហ»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន