សកម្មជន​ហុងកុង​ប្រឈម​នឹង​សម្ពាធ​ពេល​ដែល​អាជ្ញាធរ​ចិន​ទាក់ទង​សាច់​ញាតិ​របស់​ពួកគេ​នៅ​ចិន​ដី​គោក

រូបឯកសារ៖ រូបថតជាច្រើនបង្ហាញពីសកម្មភាពបង្ក្រាបរបស់ប៉ូលិសលើបាតុករហុងកុងនៅសាកលវិទ្យាល័យ Hong Kong កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ម្នាក់​ គឺជា​មនុស្ស​ចុង​ក្រោយ​បង្អស់​ដែល​បាន​លាតត្រដាង​ថា អាជ្ញាធរ​ចិន​បាន​សួរ​ចម្លើយ​គ្រួសារ និង​មិត្តភក្តិ​របស់​លោក​នៅ​ចិន​ដី​គោក​ ដើម្បី​បាន​ព័ត៌មាន​អំពី​លោក។

លោក Yat-Chin Wong អាយុ​ ១៩ ​ឆ្នាំ គឺ​ជា​អ្នក​ដឹកនាំ​ក្រុម Student​ Politicism ដែល​ជា​ក្រុម​នយោបាយ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង ហើយ​គោលបំណង​របស់​ក្រុម​នេះ​គឺ​លើក​កម្ពស់ «គុណតម្លៃ​សំខាន់ៗ ដូចជា​ប្រជាធិបតេយ្យ និង​សេរីភាព និង​ក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ក្រុង​ហុងកុង»។

យុវជន​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពីរ​ដង​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​មន្ត្រី​សន្តិសុខ​ជាតិ​បាន​ព្រមាន​សមាជិក​របស់​ក្រុម​នេះ​អំពី​ការ​បន្ត​សកម្មភាព​របស់​ពួកគេ។

លោក Wong ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​កុមារភាព​នៅ​ពេល​លោក​សិក្សា​នៅ​មឋមសិក្សា មុន​ពេល​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ក្រុង​ហុងកុង​បាន​លាតត្រដាង​ថា សាច់ញាតិ​របស់​លោក​នៅ​ក្នុង​ខេត្ត Sichuan ត្រូវ​បាន​គេ​ហៅ​សួរ​ចម្លើយ​នា​ពេល​ថ្មីៗ​នេះ។

លោក Wong បាន​ប្រាប់​ VOA ក្នុង​សប្តាហ៍​ទី​ ៤​ នៃ​ខែ​មករា​ថា៖ «គ្រួសារ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា សាច់ញាតិ​របស់​ខ្ញុំ មិត្តភក្តិ និង​សូម្បី​តែ​មិត្ត​រួម​ថ្នាក់​នៅ​សាលា​បឋមសិក្សា​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​អាជ្ញាធរ​សាធារណៈ​សួរ​ចម្លើយ។ ពួកគេ​ចង់​ដឹង​ពី​ផែនការ និង​កន្លែង​រស់នៅ​របស់​ខ្ញុំ។ ពួកគេ​បាន​ប្រាប់​សាច់ញាតិ និង​មិត្តភក្តិ​របស់​ខ្ញុំ​មិន​ឱ្យ​ទាក់ទង​ជាមួយ​នឹង​ខ្ញុំ​នោះ​ទេ»។

បន្ទាប់​ពី​បាន​ដឹង​អំពី​ការ​សួរ​ចម្លើយ​នេះ លោក Wong បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្តិ​របស់​លោក។

លោក Wong បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ចាប់​តាំង​ពី​អតីតកាល រហូត​ដល់​អនាគត គោលជំហរ និង​សកម្មភាព​របស់​ខ្ញុំ​គឺជា​ជំហរ​របស់​ខ្ញុំ​ទាំងស្រុង មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សាច់ញាតិ​ណា​មួយ និង​គ្រួសារ​ខ្ញុំ​នោះ​ទេ»។

ប៉ុន្តែ​លោក Wong បាន​និយាយ​ថា លោក​នៅ​តែ​បារម្ភ​ថា គេ​អាច​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ប្រទេស​ចិន​បាន​គាប​សង្កត់​ប្រជាជន​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ខ្លួន។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នៅ​តែ​អាច​ទាក់ទង សួរ​សំណួរ ឬ​សួរ​ចម្លើយ​ពួកគេ។ ខ្ញុំ​មិន​បាន​ជួប ឬ​ទាក់ទង​គ្រួសារ​និង​មិត្តភក្តិ​ជា​យូរ​មក​ហើយ។ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​កាន់​តែ​បារម្ភ​ច្រើន​ជាង​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ដែល​អាច​កើត​ឡើង​មក​លើ​រូប​ខ្ញុំ​នៅ​ក្នុង​ក្រុង​ហុងកុង»។

ក្រុង​ហុងកុង​ត្រូវ​បាន​ចក្រភព​អង់គ្លេស​ប្រគល់​ទៅ​ឱ្យ​ចិន​វិញ​ នៅ​ក្នុង​ឆ្នាំ ​១៩៩៧​ នៅ​ក្រោម​កិច្ច​ព្រមព្រៀង «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» ដែល​សន្យា​ថា ហុងកុង​នឹង​រក្សា​ «ស្វ័យភាព​កម្រិត​ខ្ពស់​មួយ» រហូត​ដល់​ឆ្នាំ​ ២០៤៧។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​ប្រគល់​នោះ​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​រឹត​បន្តឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅ​លើ​ទីក្រុង​នេះ​បន្ថែម​ទៀត។

នៅ​ក្នុង​ឆ្នាំ​ ២០១៩ ច្បាប់​បត្យាប័ន​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​លុបចោល​វិញ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​ហុងកុង។ ជា​ការ​ឆ្លើយតប រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ក្រុង​ហុងកុង ដែល​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា ឆ្នាំ ២០២០។

ច្បាប់​ដែល​មាន​ការ​បកស្រាយ​យ៉ាង​ទូលំទូលាយ​នេះ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បំបែក​រដ្ឋ សកម្មភាព​វិទ្ធង្សនា ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស ហើយ​ច្បាប់​នេះ​អាច​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដែល​ជា​ការ​កាត់​ទោស​អតិបរមា​សម្រាប់​បទល្មើស​ទាំង​នេះ។ ចាប់​តាំង​ពី​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​មក វា​ក្លាយ​ជា​កត្តា​ជំរុញ​មួយ​សម្រាប់​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ក្រុង​ហុងកុង។

បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​បាន​បញ្ឈប់ ពាក្យ​ស្លោក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ហាមឃាត់ សកម្មជន​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ជាប់​ពន្ធនាគារ ហើយ​សកម្មជន​មួយ​ចំនួន​បាន​រស់ភៀស​ខ្លួន​ពី​ក្រុង​ហុងកុង។

រូបឯកសារ៖ លោក Tony Chung ​អតីត​ដឹកនាំ​ក្រុម​គាំទ្រ​ឯករាជ្យ​ដែល​មាន​ឈ្មោះ​ថា Studentlocalism។

ពេលវេលា​សម្រាប់​ការ​ផ្លាស់ប្តូរ

លោក Wong បាន​បង្កើត​ក្រុម Student Politicism នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០។ ដោយសារ​តែ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​កំពុង​ធ្លាក់​ចុះ លោក​និយាយ​ថា លោក​យល់​ថា វា​ជា​ពេលវេលា​មួយ​ដើម្បី​មាន​ការ​ផ្លាស់ប្តូរ។

លោក​បាន​ប្រាប់ ​VOA ​ថា៖ «តាម​ពិត​ទៅ ខ្ញុំ​ដឹង​ថា​វិធីសាស្ត្រ​ចាស់​សម្រាប់​បាតុកម្ម​ ពោល​គឺ​យក​ការ​ទាមទារ​ទៅ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​មិន​បាន​ផល​ទៀត​នោះ​ទេ ដោយសារ​តែ​ការ​គាប​សង្កត់​នយោបាយ​មាន​ភាព​ខ្លាំងក្លា​ពេក»។

លោក​បាន​ពន្យល់​ថា ក្រុម​របស់​លោក​បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​គ្នា​ ដូចជាការ​ដាក់​ស្តង់​នៅ​តាម​ផ្លូវ​ជា​រៀងរាល់​ចុង​សប្តាហ៍ ​រួម​ទាំង​ការ​គាំទ្រ​ដល់​អ្នក​តវ៉ា​ដែល​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ក្រុង​ហុងកុង និង​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ២០២០។

កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​តែ​ត្រូវ​មាន​ការ​លះបង់។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​កញ្ញា និង​ម្តង​ទៀត​នៅ​ក្នុង​ខែ​វិច្ឆិកា។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ការ​ចាប់​ខ្លួន​លើក​ទី ១ ​គឺ​នៅ​ថ្ងៃ​ទី​ ៦ ខែ​កញ្ញា។ យើង​គ្រាន់​តែ​ចែក​ម៉ាស់ ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ហើយ​ខ្ញុំ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទប្រមូល​ផ្តុំ​ខុស​ច្បាប់»។

លោក​បាន​បន្ថែម​ថា៖ «មូលហេតុ​សម្រាប់​ការ​ចាប់​ខ្លួន​លើក​ទី ២​ គឺ​ដោយសារ​តែ​បាតុកម្ម ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​គាំទ្រ​ដល់​យុវជន​ហុងកុង ​១២​ នាក់។ ពលរដ្ឋ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​សរសេរ​សំបុត្រ​ដើម្បី​ផ្ញើ​ក្តី​ស្រឡាញ់​ទៅ​កាន់​យុវជន​ទាំង ​១២ ​នាក់​នោះ។ ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​ខ្ញុំ​កំពុង​ផ្ញើ​សំបុត្រ​នោះ»។

ការ​ចាប់​ខ្លួន​ទាំង​ពីរ​លើក​មិន​ធ្វើ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Wong។

ប៉ុន្តែ​នៅ​ក្នុង​ខែ​ធ្នូ លោក Wong និង​សមាជិក​ក្រុម​របស់​លោក​ត្រូវ​បាន​មន្ត្រី​សន្តិសុខ​ជាតិ​ព្រមាន​ថា ប្រសិន​បើ​សកម្មភាព​របស់​ពួកគេ​បង្ហាញ​ការ​សង្ស័យ​ណា​មួយ​ដែល​លើក​កម្ពស់ឯករាជ្យភាព​របស់​ក្រុង​ហុងកុង ពួកគេ​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម។

វា​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​សកម្មជន​វ័យ​ក្មេង​នៅ​ក្នុង​ក្រុង​ហុងកុង។​

នៅ​ក្នុង​ខែ​តុលា លោក Tony Chung ដែល​ជា​អតីត​ដឹកនាំ​ក្រុម​គាំទ្រ​ឯករាជ្យ​ដែល​មាន​ឈ្មោះ​ថា Studentlocalism ត្រូវ​បាន​មន្ត្រី​សន្តិសុខ​ជាតិ​ឃាត់​ខ្លួន។ លោក Chung ដែល​មាន​អាយុ​ ១៩ ឆ្នាំ​ដែរ​នោះ​កំពុង​ប្រឈម​មុខ​នឹង​បទ​ចោទប្រកាន់​ចំនួន​៤​ផ្សេង​គ្នា​រួម​មាន​ការ​បំបែក​រដ្ឋ ការ​សម្អាត​ប្រាក់ និង​ការ​សម​គំនិត​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ចលាចល។

បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក លោក Chung កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ៧ ឆ្នាំ​ ប្រសិន​បើ​លោក​ត្រូវ​បាន​កាត់​ទោស ហើយ​សវនាការ​បន្ទាប់​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​មករា។ សវនាការ​កាល​ពី​លើក​មុន​បាន​កាត់​ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​ ៤ ​ខែ ដែល​នោះ​មិន​ពាក់ព័ន្ធ​នឹង​ច្បាប់​សន្តិសុខ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ប្រមាថ​ទង់​ជាតិ​ចិន​ នៅ​ក្នុង​ពេល​តវ៉ា​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២០។

លោក Wong បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​នឹង​ត្រូវ​បង្ខំ​ចិត្ត «ធ្វើ​សកម្មភាព​ផ្សេងៗ» ដោយសារ​តែ​ច្បាប់​សន្តិសុខ​ជាតិ។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​មិន​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ទេ​ឥឡូវ​នេះ។ ខ្ញុំ​កំពុង​ប្រឡង​ឡើង​វិញ សម្រាប់​ការ​ប្រឡង​កាល​ពី​ឆ្នាំ​មុន។ ឆ្នាំ​មុន ខ្ញុំ​ផ្តោត​លើ​សកម្មភាព​តវ៉ា។ ខ្ញុំ​ជឿ​ថា ខ្ញុំ​មាន​លទ្ធភាព​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដូច្នេះ​ខ្ញុំ​បាន​ប្រឡង​ឡើង​វិញ»។

លោក​បាន​បន្ថែម​ថា៖ «សេរីភាព​របស់​ហុងកុង​កំពុង​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​យើង​សម្រាប់​ប្រជាធិបតេយ្យ​គឺ​ស្ថិត​នៅ​ក្នុង​ភាព​លំបាក​ខ្លាំង​ណាស់»៕