សកម្មជនប្រជាធិបតេយ្យហុងកុងគឺលោក Joshua Wong ស្ថិតក្នុងចំណោមមនុស្សចំនួនបួននាក់ ដែលបានសារភាពទោសកំហុសកាលពីថ្ងៃសុក្រ ចំពោះការចូលរួមក្នុងការជួបជុំខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំមុន ដើម្បីរំឭកដល់ការបង្ក្រាបបាតុករ ឆ្នាំ ១៩៨៩ នៅទីលាន Tiananmen(ធានអានមេន) នៅទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
កាលនោះគឺជាលើកដំបូងដែលការការរំឭកខួបត្រូវបានហាមឃាត់ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ ដោយប៉ូលិសអះអាងថា ការហាមឃាត់ជួបជុំឆ្នាំមុននោះ គឺដោយសារការរាតត្បាតជំងឺកូវីដ១៩។ គេរំពឹងថា នឹងមានការរឹតត្បិតស្រដៀងគ្នានៅឆ្នាំនេះ។
ទោះយ៉ាងណាក្តី ពេលនោះមនុស្សរាប់ម៉ឺននាក់បានអុជទៀននៅទូទាំងទីក្រុង នៅក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំតវ៉ាដែលភាគច្រើនអហិង្សា កាលពីខែមិថុនាឆ្នាំមុន។
លោក Wong ដែលជាប់ពន្ធនាគាររួចហើបន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានកំហុសក្នុងការចូលរួមនិងរៀបចំការជួបជុំដោយគ្មានការអនុញ្ញាតក្នុងកំឡុងពេលមហាបាតុកម្មអហិង្សាឆ្នាំ ២០១៩ បានសារភាពកំហុសនៅក្នុងសវនាការរបស់តុលាការសង្កាត់មួយ។
ពិធីរំឭកខួបថ្ងៃទី ៤ ខែមិថុនា បានធ្វើឱ្យមានអារម្មណ៍ពុះកញ្ជ្រោលយ៉ាងខ្លាំងកាលពីឆ្នាំមុននៅទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងពេលនោះបានរៀបចំបង្កើតច្បាប់សន្តិសុខថ្មី ដែលដាក់ទណ្ឌកម្មលើអ្វីដែលប្រទេសចិនមើលឃើញថា ជាការធ្វើវិទ្ធង្សនា ការបំបែករដ្ឋ អំពើភេរវកម្ម ឬការឃុបឃិតជាមួយកម្លាំងបរទេស ដោយមានទោសជាប់ពន្ធនាគាររហូតមួយជីវិត៕