លោក John Kelly រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាថា លោកគួរតែបានពន្យារពេលការអនុវត្តបទបញ្ជារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីផ្អាកជាបណ្តោះអាសន្នកម្មវិធីទទួលយកជនភៀសខ្លួន និងហាមឃាត់ជាបណ្តោះអាសន្នដល់ពួកអ្នកធ្វើដំណើរមកពីប្រទេស៧ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន មិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
លោករដ្ឋមន្រ្តី Kelly បាននិយាយថា៖ «ក្នុងការឆ្លើយតបបញ្ហានេះ ខ្ញុំគួរតែពន្យារពេលអនុវត្តបទបញ្ជានេះមួយរយៈ ដើម្បីឲ្យខ្ញុំអាចនិយាយជាមយួយសមាជិកសភាជាមុនសិន»។ លោកនិយាយបន្ថែមទៀតថា លោកទទួលខុសត្រូវទាំងស្រុងចំពោះការអនុវត្តបទបញ្ជាប្រធានាធិបតីដ៏ឆាប់រហ័សដូច្នេះ។
លោករដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ បានផ្តល់កសិណសាក្សីនៅខាងមុខគណៈកម្មា ធិការសន្តិសុខមាតុភូមិរបស់សភាតំណាងរាស្រ្ត ដែលជាការថ្លែងលើកដំបូងរបស់លោក Kelly នៅខាងមុខសមាជិកសភាតំណាងរាស្រ្តនៅវិមានរដ្ឋសភា Capitol Hill។
លោករដ្ឋមន្រ្តី Kellyក៏បាននិយាយដែរថា រដ្ឋបាលរបស់លោកត្រាំ មិនពិចារណាដាក់បន្ថែមប្រទេសផ្សេងទៀតទៅក្នុងបញ្ជីឈ្មោះប្រទេសដែលស្ថិតនៅក្នុងការហាមឃាត់នោះទេ។
ការហាមឃាត់ការធ្វើដំណើរនេះ បានត្រូវផ្អាកកាលពីថ្ងៃសុក្រ នៅពេលដែលចៅក្រម សហព័ន្ធម្នាក់នៅរដ្ឋវ៉ាស៊ីនតោន ហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យរដ្ឋាភិបាលសហ ព័ន្ធអនុវត្តបទបញ្ជារបស់ប្រធានាធិបតីនេះ៕
រដ្ឋបាលរបស់លោក ត្រាំ បានប្តឹងឧទ្ធរណ៍ការសម្រេចនេះហើយតុលាការឧទ្ធរណ៍សហព័ន្ធមានកំណត់ពេលស្តាប់ការជជែកដេញដោលដោយផ្តាល់មាត់នៅយប់ថ្ងៃអង្គារ។
លោករដ្ឋមន្រ្តី Kelly ទស្សន៍ទាយថា តុលាការនឹងកាត់សេចក្តីឲ្យរដ្ឋបាលរបស់លោក ត្រាំ ឈ្នះ៕