រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ ថ្លែងប្រាប់​សភា​អំពី​ការជឿនលឿន​នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក Alejandro Mayorkas ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​និង​កិច្ចការ​រដ្ឋាភិបាល​របស់​ព្រឹទ្ធសភា​នៅ​វិមាន​សភា​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden សន្យា​ធ្វើការ​ឆ្លើយតប​ចំពោះ​ការ​ធ្វើ​ចំណាកស្រុក​របស់​អនិតិជន​មកកាន់​អាមេរិក​ បន្ទាប់​ពី​វិបត្តិ​ដែល​ដាក់បន្ទុក​យ៉ាងធ្ងន់​លើ​កន្លែង​យាមល្បាត​តាម​ព្រំដែន​សហរដ្ឋអាមេរិក​នេះ ហាក់ដូច​ជា​អាច​គ្រប់គ្រង​បាន​ហើយ។

រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ លោក Alejandro Mayorkas បាន​ប្រាប់​សមាជិក​សភា​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋបាល​លោក Biden បាន​កាត់​បន្ថយ​ចំនួន​អនិតិជន ដែល​គ្មាន​អាណាព្យាបាល​មក​ជាមួយ ដែល​ជាប់​នៅ​តាម​ព្រំដែន​ពី​រាប់ពាន់នាក់ មក​ត្រឹម​រាប់រយ​នាក់ និង​បាន​កាត់​បន្ថយ​ពេល​វេលា​នៃការ​ស្នាក់នៅ​កន្លែង​រង់ចាំធ្វើ​ក្រដាសស្នាម​ពី​ជាង​ប្រាំថ្ងៃ មក​នៅ​ត្រឹម​តិចជាង​២៤​ម៉ោង។

ស្របពេល​បង្ហាញ​អំពី​ភាព​ប្រសើរឡើង​នៃ​ការ​គ្រប់គ្រង​ពេលវេលា​ធ្វើឯកសារ​សម្រាប់​អនិតិជន​ធ្វើ​ចំណាក​ស្រុក លោក Mayorkas បាន​ថ្លែង​ថា រដ្ឋបាល​លោក Biden កំពុង​ផ្ដោតលើ​ដំណោះ​ស្រាយ​រយ:ពេល​វែង​សម្រាប់​បាតុភូត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ដែល​មិនអាច​គ្រប់គ្រង​បាននេះ។

លោក​បាន​ថ្លែង​ថា៖ «យើង​កំពុង​បង្កើត​វិធី​ស្រប​ច្បាប់​សម្រាប់​កុមារ និងអ្នក​ផ្សេងទៀត មក​កាន់​សហរដ្ឋអាមេរិក បើ​សិន​ជា​ពួក​គេមាន​លក្ខណ:សម្បត្តិ​គ្រប់គ្រាន់​តាម​ច្បាប់​ដែល​រដ្ឋ​សភា​បាន​អនុម័ត​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ឲ្យ​ពួក​គេ​ឈប់​គិត​ថា ពួក​គេ​ត្រូវតែ​ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក»៕