កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) បានដឹកនាំក្រុមមនុស្សរាប់សែននាក់ក្នុងរយៈពេលខ្លីមួយក្នុងការដើរតាមវិថីនៃក្រុងប៉ារីស (Paris) នៅក្នុងមហាបាតុកម្មមួយដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមជនរងគ្រោះនៃការវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុនដែលបានបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់។
ក្រុមប្រមុខរដ្ឋមកពីទ្វីបអឺរ៉ុប ភូមិភាគមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិក បានកាន់ដៃគ្នាដើម្បីបង្កើតជាជួរមនុស្សជាមួយលោក Hollande នៅពេលមានហ្វូងមនុស្សកើនច្រើនទ្បើងៗបន្តដំណើរពីក្រោយនៅក្នុងការធ្វើក្បួនដង្ហែ “ឯកភាព"។នៅក្នុងចំណោមក្រុមមេដឹកនាំពិភពលោកច្រើននាក់រួមមាននាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi , នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លោកប្រធានាធិបតីម៉ាលីលោក Ibrahim Boubacar Keita ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងប្រធានាធិបតីអ៊ុយក្រែនលោកPetro Poroshenko ។
ក្រុមមន្ត្រីបារាំងបានហៅការសម្លាប់រង្គាលកាលពីថ្ងៃទី៧ខែមករានៅក្នុងការិយាល័យនៃទស្សនាវដ្តីត្លុកប្រចាំសប្តាហ៍ Charlie Hebdo និងការវាយប្រហារដ៏ប្រល័យនៅពេលបន្តបន្ទាប់ថាជាសកម្មភាពភេរវកម្ម។វីដេអូមួយរបស់ជនម្នាក់ក្នុងបណ្តាក្រុមជនប្រព្រឹត្តឧក្រិដ្ឋកម្មដែលបានលេចទ្បើងតាមបណ្តាញព័ត៌មានសង្គមក្រោយការស្លាប់របស់ជនរូបនោះបានពណ៌នាការសម្លាប់ទាំងនេះថាជាពៀរវេរាសម្រាប់យុទ្ធនាការវាយប្រហារតាមអាកាសដឹកនាំដោយស.រ.អ.ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ដែលនៅក្នុងនោះប្រទេសបារាំងជាដៃគូមួយដែរ។
វីដេអូនេះបង្ហាញឲ្យឃើញបុរសម្នាក់ដែលគេជឿថាមានឈ្មោះ Amedy Coulibaly ដែលក្រុមប៉ូលិសបារាំងនិយាយថាមានទាក់ទិននឹងការបាញ់ប្រហារប៉ូលិសស្រីម្នាក់និងការទ្បោមព័ទ្ធដ៏ប្រល័យនៃហាងលក់ម្ហូបអាហារ kosher របស់ក្រុមជនអំបូរជីព្វ នៅក្រោយការវាយប្រហារក្នុងការិយាល័យទស្សនាវដ្តីCharlie Hebdo។
ក្រុមប៉ូលិសបារាំងក៏បានប្រកាសកាលពីថ្ងៃអាទិត្យផងដែរថាកាំភ្លើងដែលបានត្រូវប្រើប្រាស់ក្នុងការវាយប្រហារហាងលក់ម្ហូប kosher នៅក្នុងក្រុងប៉ារីស កាលពីថ្ងៃសុក្រជាកាំភ្លើងតែមួយដែលបានត្រូវប្រើសម្រាប់ធ្វើការវាយប្រហារដែលបានបង្កឲ្យអ្នករត់ហាត់ប្រាណម្នាក់ត្រូវរបួសធ្ងន់កាលពីពីរថ្ងៃមុននោះ។
ឈ្មោះ Coulibaly ត្រូវបានសម្លាប់នៅពេលក្រុមប៉ូលិសឆ្មក់ចូលលុកក្នុងហាងលក់ម្ហូបនោះ។ចំណាប់ខ្មាំងបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ៕