ប្រធានាធិបតី​បារាំង​បន្ទោស​ពួក​រដ្ឋឥស្លាម​ជុំវិញ​ការ​វាយប្រហារ​នៅ​ប៉ារីស

ប្រធានាធិបតី​បារាំង​លោក Francois Hollande (ខាងលើ) បន្ទោស​ពួក​រដ្ឋឥស្លាម​ជុំវិញ​ការ​វាយប្រហារ​នៅ​ប៉ារីស។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សុក្រ។

ក្រុម​ភេរវជន​នេះបាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សៅរ៍ ​ដោយ​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម។

លោក​ប្រធានាធិបតី​បារាំង Francois Hollande បាន​ប្រកាសការ​កាន់​ទុក្ខ​រយៈពេល ០៣​ថ្ងៃ​នៅ​ថ្ងៃសៅរ៍​នេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារផ្ទួន​ៗ​គ្នា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១២៧​នាក់​នៅ​ទី​កន្លែង​ចំនួន​៦​នៅ​ទូទាំង​រដ្ឋធានី។ មេដឹកនាំ​បារាំង​រូប​នេះ​បាន​ស្តី​បន្ទោស​ក្រុម​រដ្ឋឥស្លាម​ចំពោះការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​យប់​ថ្ងៃ​សុក្រ ​ហើយ​បាន​ហៅ​ការ​វាយ​ប្រហារ​នោះ​ថា​ជា «​ការ​ធ្វើ​សង្គ្រាម»។

ដោយ​សន្យា​តាម​ប្រមាញ់​ពួក​ជន​វាយ​ប្រហារ ​លោក​ប្រធានា​ធិបតី Hollande ​បាន​មាន​ប្រសាសន៍​ថា «បារាំង​នឹង​ទទួល​បាន​ជ័យ​ជម្នះ​លើភាពសាហាវ​ឃោឃៅ​នេះ។ លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក​បានដាក់​កងកម្លាំង​សន្តិសុខ​របស់​បារាំង​ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​បារាំង​បាន​ក្រោក​ពី​ដំណេក​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្រោម​ស្ថាន​ភាព​គ្រោះអាសន្ន​ បន្ទាប់​ពីទីក្រុង​ប៉ារីស​បាន​ត្រូវ​វាយ​ប្រហារ​ដោយ​ភេរវជន​ ដែល​បាន​ប្រើ​ប្រាស់​អាវុធ​ស្វ័យ​ប្រវត្តិ​ ជាមួយ​នឹង​អាវកាក់​ដាក់​គ្រាប់​បែក​អត្ត​ឃាត។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​ពួកគេ​ជឿ​ជាក់​ថា ​មាន​ជន​វាយ​ប្រហារ​០៨​នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត ​ឬ​ដោយ​ការ​បាញ់​ប្រហារ​ពី​កងកម្លាំង​សន្តិសុខ។ ​ការ​ឆែកឆេរ​កំពុង​ធ្វើ​ឡើង​ ​ក្រែង​មានពួក​បះបោរ​ច្រើន​ថែម​ទៀត​ ឬ​អ្នក​ឃុបឃិត​ ដែល​កំពុង​លាក់​ខ្លួននៅ​ក្នុង​សង្កាត់​នានា​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

លោក​ប្រធានា​ធិបតី Hollande ​បាន​សុំ​ប្រជាជន​ទីក្រុង​ប៉ារីស​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​អ្នក​ដែល​ប្រថុយ​ចេញ​ទៅ​ខាងក្រៅ​ នឹង​ឃើញ​ហាងលក់​ដូរ​ទំនិញ​ជា​ច្រើន​បាន​បិទ​ទ្វារ ហើយ​ឃើញវត្ត​មាន​ទាហាន​ចំនួន​១.៥០០​នាក់​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវនានា​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​បារាំង។ លោក​ប្រធានា​ធិបតី Hollande បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេសតួកគី​ ដើម្បី​ចូល​រួម​ជំនួប​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​២០​ប្រទេស​ហៅ​ថា G-20 ដែលត្រូវ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។

លោក​ប្រធានាធិបតី​ក៏​បានបញ្ជា​ឲ្យ​បិទ​ព្រំដែន​បារាំង ​ដែល​ជា​សកម្មភាព​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​នៅ​ក្នុង​អឺរ៉ុប​នៅ​សតវត្សរ៍​ទី​២១​នេះ។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ចំណត​អាកាសយាន្តដ្ឋាន​សំខាន់​ៗ​នៅ​បើក​ទ្វារ ​ហើយ​រថភ្លើង​នៅ​កំពុង​ដំណើរ​ការ​នៅ​ឡើយ។

មនុស្សជាច្រើន​បាន​ស្លាប់​នៅ​កន្លែង​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង ០២ ​ឬ០៣​នាក់ ​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​នៅសាល​ប្រគុំ​តន្រ្តី Bataclan ក្នុង​ក្រុង​ប៉ារីស។​ បន្ទាប់​មក ​ប៉ូលិស​បាន​វាយ​សង្គ្រប់​អាគារ​នោះ ​ដោយ​បាន​សម្លាប់​អ្នក​វាយ​ប្រហារ​យ៉ាង​ហោចណាស់​ក៏​ម្នាក់ដែរ ​ខណៈដែល​អ្នក​វាយ​ប្រហារ​ផ្សេង​ទៀត​បាន​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត។

​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​ ១.០០០​នាក់ដែរ​បាន​ស្ថិត​នៅ​សាល​ប្រគុំ​តន្រ្តី Bataclan ដែល​នៅ​ទី​នោះ​ការ​ប្រគុំ​តន្រ្តីរបស់​ក្រុម​ភ្លេង​អាមេរិក ​បាន​ត្រូវ​បង្អាក់​ដោយ​ការ​បាញ់​ប្រហារ។ មនុស្ស​ជា​ច្រើនបាន​គេច​ខ្លួន​ក្នុង​អំឡុងពេល​នៃ​ការ​បាញ់​ប្រហារ​នេះ។

មនុស្ស​ស្លាប់​ក៏​ត្រូវ​បាន​រាយការណ៍​នៅ​ផ្នែក​ផ្សេង​ៗ​ទៀត​របស់​ទីក្រុង​ប៉ារីស​ដែរ។ ​ការ​ផ្ទុះ​មុន​ដំបូង​គេ​នៅ​គឺ នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌលពហុកីឡាដ្ឋាន ​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី Hollande ​និង​ហ្វូង​មនុស្ស​ដ៏​ធំមួយ​បាន​មើល​ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​បារាំង។ ការ​ផ្ទុះ​នោះបាន​ត្រូវ​គេឮ​ខាង​ក្នុង​ពហុ​កីឡាដ្ឋាន​ដែរ។

ប៉ូលិស​បាន​ជម្លៀស​លោក​ប្រធានាធិបតី Hollande ចេញ​ពី​ពហុកីឡាដ្ឋាន ​ក៏ប៉ុន្តែ ​នៅពេល​ដែល​ការ​ប្រកួត​បាល់ទាត់​បាន​ត្រូវ​បញ្ឈប់​ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ហ្វូង​មនុស្ស​បាន​រត់​ដោយ​ការ​ភ័យ​ខ្លាច។ ​ការផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​ទៀត​បាន​ចាប់​ផ្តើម​នៅ​ក្នុង​តំបន់​នោះ​ ហើយ​ក្រុម​មន្រ្តី​និយាយ​ថា ​មនុស្សយ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ ​អាចជា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត។

នៅទី​កន្លែង​ផ្សេង​ទៀត​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​បារាំង ​មនុស្សមួយ​ចំនួន​បាន​ត្រូវ​សម្លាប់​នៅ​ភោជនីយដ្ឋាន​ខ្មែរ​មួយ។​ ការវាយ​ប្រហារនោះ​ក៏បាន​ត្រូវ​រាយការណ៍​នៅ​ហាងកាហ្វេ​ និង​រង្គសាលក្នុង​ទីក្រុង​ប៉ារីស​ផង​ដែរ។

ក្រុម​អាជ្ញា​ធរ​និយាយ​ថា ​មនុស្ស​ជិត ២០០នាក់ ​បាន​រងរបួស​កាល​ពី​ថ្ងៃ​សុក្រ ​ដែល​ក្នុង​នោះ​ជាង​៨០​នាក់​រង​របួស​ធ្ងន់។

​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​លោក​ប្រធានា​ធិបតីបារ៉ាក់ ​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ ​ដើម្បី​ជួយ​ទៅ​តាម​លទ្ធភាព៕