វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​មួយ​នៅ​ក្រុង​ហុងកុង​បាន​ផ្អាក​កម្មវិធី​ចំអក​មួយ​នៅ​ក្រោយ​មាន​ការ​ស្តី​បន្ទោស​ពី​រដ្ឋាភិបាល

ប៉ូលិស​កូបកម្ម​យាមល្បាត​ផ្សារទំនើប​មួយ​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាលក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិនកាលពី​ថ្ងៃទី​១៦ ខែឧសភា​ ឆ្នាំ២០២០។

បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​ឈ្មោះ​ RTHK ​នៅ​ក្នុង​ក្រុង​ហុងកុង​ បាន​ត្រូវ​បង្ខំ​ឱ្យ​សុំ​អភ័យ​ទោស​និង​កែ​ប្រែ​វិចារណកថា​របស់​ខ្លួន​នៅ​ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​«ប្រមាថ​ពួក​ប៉ូលិស»​នៅ​ក្នុង​កម្មវិធី​ចំអក​មួយ។​

សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​នៅ​ក្នុង​ក្រុង​ហុងកុង​មាន​ដំណើរ​ថយ​ក្រោយ​នៅ​ក្រោយ​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង​ឈ្មោះ​ RTHK ​បាន​ត្រូវ​រដ្ឋាភិបាល​ស្តី​បន្ទោសហើយ​បាន​ត្រូវ​បង្ខំ​ឱ្យ​ផ្អាក​កម្មវិធី​និយាយ​ចំអក​មួយ​ហើយ​សុំ​ទោស​អំពី​ការ​និយាយ​ប្រមាថ​ពួក​ប៉ូលិស។​

កម្មវិធី​ឈ្មោះ​ Headliner ​ដែល​បាន​ត្រូវ​ផ្សាយ​ដំបូង​ក្នុង​ឆ្នាំ​១៩៨៩​ជា​ញឹក​ញយ​បាន​និយាយ​កំប្លែង​អំពី​ពួក​មន្ត្រី​រដ្ឋាភិបាល។ ​កាលពី​ពេល​ថ្មីៗ​នេះ​កម្មវិធី​របស់​វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​នេះ​បាន​និយាយ​ចំអក​ដល់​ពួក​ប៉ូលិស​ដែល​បាន​ប្រើ​មធ្យោបាយ​តឹងរ៉ឹង​ក្នុង​ការ​ទប់​ទល់​នឹង​បាតុកម្ម​រយៈ​ពេល​ច្រើន​ខែ​ដែល​ជួន​កាល​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​គ្រប់គ្រង​ពាក់​កណ្តាល​ស្វយ័​នេះ។​ បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK ​ដែល​ទទួល​ប្រាក់​ផ្គត់ផ្គង់​ពី​សាធារណជន​និង​មាន​ការ​គោរព​ច្រើន​បាន​ត្រូវ​វាយ​ប្រហារ​ច្រើន​ដង​ដោយ​ក្រុម​លម្អៀង​ទៅ​ខាង​ប្រទេស​ចិន​ដោយសារ​ការ​រាយ​ការណ៍​ឯករាជ្យ​និង​កម្មវិធី​កិច្ចការ​បច្ចុប្បន្ន​ហើយ​បាន​ទទួល​រង្វាន់​ជា​ច្រើន​ក្នុង​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។​

ការ​ផ្អាក​កម្មវិធី​និយាយ​ចំអក​នេះ​ដែល​បាន​ត្រូវ​ឃើញ​ថាជា​ការ​បញ្ជាក់​អំពី​ស្ថានភាព​ចុះ​ថយ​នៃ​សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​នៅ​ក្នុង​ក្រុង​ហុងកុង​និង​បង្ហាញ​អំពី​ការ​ត្រួត​ពិនិត្យ​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK ​នោះ​បាន​ត្រូវ​រិះគន់​ជា​ទូទៅ​ដោយ​ក្រុម​អ្នក​រិះគន់​ថា​ ជា​វិធាន​ការ​មួយ​ទៀត​ដើម្បី​បង្ក្រាប​សេរីភាព​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​នេះ​និង​ជា​ការ​បន្តឹង​ការ​ត្រួតត្រា​របស់​ប្រទេស​ចិន​លើ​ក្រុង​ហុងកុង។

រដ្ឋាភិបាល​បាន​បញ្ជូន​ទៅ​ឱ្យ​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK​ នូវ​បញ្ជី​នៃ​ការ​ទាមទារ​មួយ​ចំនួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១៩​ខែ​ឧសភា​ដែល​មាន​រួម​បញ្ចូល​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​ការ​ផលិត​កម្មវិធី​និង​វិចារណកថា​របស់​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​នេះ​ ការ​សុំ​អភ័យ​ទោស​និង​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គលិក​ទាំង​ឡាយ​ណាដែល​បាន​ត្រូវ​រក​ឃើញ​ថា ​ ប្រព្រឹត្ត​កំហុស​ឬ​«មាន​ការ​ធ្វេស​ប្រហែស»។​

ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជ​កម្ម​និង​សេដ្ឋកិច្ច​ហៅ​កាត់​ថា​ CEDB ​ដែល​មើល​ការ​ខុស​ត្រូវ​លើ​វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ក្រោយ​អាជ្ញាធរ​ខាង​គមនាគមន៍​បាន​ព្រមាន​ថា​ ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​នេះ​ធ្វើ​«ការ​រិះគន់​ដោយ​អយុត្តិធ៌ម​និង​ការ​ប្រមាថ​មាក់ងាយ»​ពួក​ប៉ូលិស​នៅ​ក្នុង​កម្មវិធី​មួយ​ជា​ភាសា​ចិន​កាលពី​ខែ​កុម្ភៈ។​

កម្មវិធី​នេះ​បាន​និយាយ​លេង​សើច​អំពី​ពួក​ប៉ូលិស​ដោយ​មាន​រួម​បញ្ចូល​គំនូរ​មួយ​បង្ហាញ​ប៉ូលិស​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​បាន​លោត​ចេញ​ពី​ធុង​សម្រាម​មួយហើយ​និយាយ​កំប្លែង​ថា​ នៅ​ពេល​ដែល​ពួក​ពេទ្យ​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ប្រដាប់​ប្រដា​ការពារ​ខ្លួន​នៅ​ពេល​មាន​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ ​ពួក​ប៉ូលិស​មាន​ប្រដាប់​ប្រដា​ការពារ​ច្រើន។​ អាជ្ញាធរ​ខាង​គមនាគមន៍​បាន​និយាយ​ថា​ គំនូរ​នេះ​ជា​«ការ​រិះគន់​គ្មាន​សុភនិច្ឆ័យ»​ទៅ​លើ​ពួក​ប៉ូលិស​ទាំង​អស់។​

ការិយាល័យ​ CEDB ​បាន​និយាយ​ថា​ ស្ថានភាព​នេះ​«ធ្ងន់​ធ្ងរ​ណាស់» ​ដោយសារ​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK​ បាន​រំលោភ​លើ​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ប្រតិបត្តិ​ស្តីពី​ស្តង់ដារ​កម្មវិធី​ទូរទស្សន៍​នៅ​ក្នុង​ក្រុង​នេះ​ដោយ​មាន​រួម​បញ្ចូល​ការ​ផ្សាយ​ដែល​«បាន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​និយាយ​នាំ​ឱ្យ​មាន​សម្អប់»​និង​«ការ​រិះគន់​ដោយ​អយុត្តិធ៌ម​និង​ការ​ប្រមាថ​មើល​ងាយ​ពួក​ប៉ូលិស»។​

ជា​ការ​ឆ្លើយ​តប បណ្តាញ ​RTHK ​បាន​និយាយ​ថា​ ខ្លួន​ទទួល​យក​ការ​សម្រេច​របស់​អាជ្ញាធរ​ខាង​គមនាគមន៍។ ​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​នេះ​បាន​និយាយ​ថា​ ការ​ផលិត​កម្មវិធី​នេះ​នឹង​ត្រូវ​ផ្អាក​នៅ​ដំណាច់​អាណត្តិ​ផ្សាយ​បច្ចុប្បន្ន​ហើយ​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​មួយ​នឹង​មាន​ធ្វើ​នៅ​ពេល​ក្រោយ។​បណ្តាញ ​RTHK​ ក៏​បាន​សុំ​អភ័យ​ទោស​ដល់​ពួក​ប៉ូលិស​និង​ពួក​ជន​ឯ​ទៀតៗ​ដែល​បាន​ត្រូវ​ធ្វើ​ឱ្យ​អាក់អន់​ចិត្ត។​ គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថា​ តើ​កម្មវិធី​នេះ​នឹង​មាន​ផ្សាយ​ត​ទៅ​ទៀត​ឬ​បែបណា​ទេ។​

កាល​ពី​ថ្ងៃ​ពុធ​ទី​២០​ខែ​ឧសភា​ លោក​ Edward Yau ​អគ្គ​លេខាធិការ​នៃ​ការិយាល័យ​អភិវឌ្ឍន៍​ពាណិជ្ជ​កម្ម​និង​សេដ្ឋកិច្ច​ហៅ​កាត់​ថា​ CEDB ​បាន​និយាយ​ថា​ បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK​ ត្រូវ​តែ​ពិនិត្យ​មើល​ដែរ​អំពី​ការចាត់​ចែង​កិច្ចការ​និង​តម្លាភាព​របស់​ខ្លួន។​

ការ​ព្រមាន​ពី​អាជ្ញាធរ​ខាង​គមនាគមន៍​នេះ​គឺ​ជា​ការ​ព្រមាន​លើក​ទី​ពីរ​ដល់​បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK ​ក្នុង​រយៈ​ពេល​មួយ​ខែ​នៅ​ក្រោយ​ស្ថានីយ​នេះ​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​លើ​ក្រម​នៃ​កម្មវិធី​ទូរទស្សន៍​បន្ទាប់​ពី​ភ្ញៀវ​ម្នាក់​នៅ​ក្នុង​កម្មវិធី​មួយ​ទៀត​បាន​បញ្ចេញ​មតិ​អំពី​ការ​ប៉ះទង្គិច​ហិង្សា​រវាង​ពួក​ប៉ូលិស​និង​ក្រុម​បាតុករ។​

កាល​ពី​ខែ​មុន​ការិយាល័យ​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ RTHK ​បាន​រំលោភ​លើ​គោល​ការណ៍​«ប្រទេស​ចិន​តែ​មួយ»​ដោយ​បាន​សុំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ពិចារណា​ជា​ថ្មី​អំពី​សមាជិក​ភាព​របស់​កោះ​តៃវ៉ាន់​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

បណ្តាញ​វិទ្យុ​និង​ទូរទស្សន៍​ហុងកុង​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​ មាន​សមាន​ចិត្ត​ខ្លាំង​ពេក​ដល់​ក្រុម​បាតុករ​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជា​ធិបតេយ្យ​ចាប់​តាំង​ពី​មាន​ចលាចល​ខាង​សង្គម​នៅ​ក្នុង​ក្រុង​ហុងកុង​កាលពី​ខែ​មិថុនា​នោះបាន​រង​ការ​គាប​សង្កត់​ឱ្យ​បន្ថយ​គោល​ជំហរ​ខាង​វិចារណកថា​របស់​ខ្លួន​ដើម្បី​ឆ្លុះ​បញ្ចាំង​គោល​ជំហរ​របស់​ក្រុង​ហុងកុង​និង​រដ្ឋាភិបាល​ចិន។

លោក ​Kong Tsung-gan ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ។​លោក​បាន​និយាយ​ថា​អាជ្ញាធរ​ចិន​កំពុង​«ខិតខំ​ព្យាយាម​បង្ក្រាប​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​សាធារណៈ​មួយ​ដែល​មាន​ឯករាជ្យ​ភាព»។​

លោក​ Kong Tsung-gan ​បាន​និយាយ​តាម​ Twitter​ ថា៖​« និយាយ​ជា​រួម​ សញ្ញា​នេះ​បង្ហាញ​ថា​ ការ​រិះគន់​ឬ​ការ​និយាយ​ចំអក​ឱ្យ​ពួក​ប៉ូលិស​មិន​អាច​ធ្វើ​បាន​ទៀត​ទេ​នៅ​ក្នុង​កាសែត​ធំៗ​នៅ​ក្នុង​ក្រុង​ហុងកុង។​ ប្រសិន​បើ​មាន​ការ​គាប​សង្កត់​ដូច្នេះ​តទៅ​ទៀត​ ​ សេរីភាព​សារ​ព័ត៌មាន​និង​សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​នឹង​ចុះ​ថម​ថយឆាប់​រហ័ស​នៅ​ក្នុង​ក្រុង​ហុងកុង»។​

លោក​ Kong Tsung-gan ​ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ខាង​នយោបាយ​បាន​និយាយ​បន្ថែម​ថា​ កម្មវិធី ​Headliners​ ជា​ផ្នែក​មួយ​នៃ​ជីវភាព​របស់​ប្រជារាស្ត្រ​ហុងកុង​ជា​ច្រើន​នាក់។​ការ​បិទ​កម្មវិធី​នេះ​ប្រៀប​ដូច​ការ​បិទ​កម្មវិធី​ Saturday Night Live ​ឬ​កម្មវិធី​The Late Show ​របស់​លោក​ Stephen Colbert ​អ៊ីចឹង​ដែរ៕​

ប្រែសម្រួល​ដោយ​ លោក​ឈឹម សុមេធ