អ្នក​ជំនួយ​ការ​ជាន់​ខ្ពស់​ថា សេដ្ឋី​បណ្តាញ​ព័ត៌មាន​ក្រុង​ហុងកុង​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ

  • ​Reuters

លោក Jimmy Lai (រូប​ស្តាំ) ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​នៅ​ផ្ទះ​របស់​លោក​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

លោក Jimmy Lai សេដ្ឋី​បណ្តាញ​ព័ត៌មាន​ក្រុង​ហុងកុង​បាន​ត្រូវ​ចាប់​ខ្លួន​លើ​បទ​សង្ស័យ​ពី​ការ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ នេះ​តាម​អ្នក​ជំនួយការ​ជាន់​ខ្ពស់​របស់​លោក​បាន​និយាយ​នៅ​ក្នុង​ Twitter នៅក្នុង​អ្វីដែល​ជា​ការចាប់​ខ្លួនមនុស្ស​ល្បីល្បាញ​បំផុត​នៅ​ក្រោម​ច្បាប់​នោះ។

លោក Lai ជា​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យដ៏​ល្បីល្បាញ​បំផុត​ម្នាក់នៅ​ក្នុង​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន និង​ជា​អ្នក​រិះគន់​ឥត​សំចៃ​ម្នាក់​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​ដាក់​ឱ្យ​ប្រើ​ច្បាប់​ថ្មី​លើ​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី៣០ ខែ​មិថុនា ដែល​បាន​ធ្វើ​ឱ្យ​មាន​ការថ្កោល​ទោស​ពី​បណ្តា​ប្រទេស​លោក​ខាងលិច។

ច្បាប់​សន្តិសុខ​ថ្មី​នោះ​ដាក់​ទោសអ្វី​ដែល​ចិន​ចាត់ទុក​ថា​ជា​ការ​ធ្វើ​វិទ្ធង្សនា​ ការ​បំបែក​រដ្ឋ ភេរវកម្ម​ និង​ការឃុបឃិត​ជាមួយ​កម្លាំង​បរទេស​ដោយ​មាន​ការ​ជាប់​ពន្ធនាគារ​អាច​ដល់​អស់​មួយ​ជីវិត។​

ពួក​អ្នក​រិះគន់​និយាយ​ថា ច្បាប់​នោះ បង្ក្រាប​សេរីភាព​នៅ​ក្នុង​ទីក្រុង​ពាក់​កណ្តាល​ស្វ័យ ភាព ខណៈដែល​ពួក​អ្នក​គាំទ្រ​និយាយ​ថា ច្បាប់​នោះ​នឹង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​បន្ទាប់​ពី​ការតវ៉ា​ដើម្បី​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យយ៉ាង​យូរ​កាលពី​ឆ្នាំ​ទៅ​មក។

លោក Mark Simon ជា​នាយក​ប្រតិបត្តិ​នៅឯ​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន Next Digital របស់​ក្រុមហ៊ុន​លោក Lai ដែល​បាន​បោះពុម្ភ​ផ្សាយ​កាសែត​ប្រចាំ​ថ្ងៃក្នុង​ស្រុក​ Apple Daily បាន​និយាយ​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះថា «លោក Jimmi Lai ត្រូវ​បាន​គេ​ចាប់ខ្លួន​ពី​បទ​ឃុបឃិត​ជាមួយ​មហា​អំណាច​បរទេស​នៅ​ថ្ងៃ​នេះ»។

ប៉ូលិស​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ។

កាសែត Apple Daily បាន​រាយការណ៍​ថា លោក Lai បាន​ត្រូវ​គេ​នាំចេញពី​ផ្ទះ​របស់​លោក​នៅក្នុង​សង្កាត់​ Ho Man Tin នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ កាសែត​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា លោក Ian ដែល​ជាកូន​ប្រុស​របស់​លោក Lai ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯ​ផ្ទះ​របស់​លោក​ដែរ៕