ប្រវត្តិសាស្ត្រមិនមែនអំពីតែព្រះមហាក្សត្រ ឬចម្បាំងទេ។ ប្រវត្តិសាស្ត្រគឺនិយាយអំពីការវិវត្ដនៃសង្គម ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ នេះបើតាមសម្តីរបស់លោក ធុន ធារ៉ា និស្សិតថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថាន Harvard Yenching នៃសាកលវិទ្យាល័យជាតិសឹង្ហបូរី ដែលជាកម្មវិធីសិក្សាថ្នាក់បណ្ឌិតរួមជាមួយនឹងសាកលវិទ្យាល័យ Harvardនៃសហរដ្ឋអាមេរិក។ តាមរយៈកម្មវិធីសំឡេងជំនាន់ថ្មីប្រចាំខែរបស់វីអូអេ លោក ធុន ធារ៉ា ឲ្យដឹងថា ការយល់ដឹងអំពីអតីតកាលខ្លួនឯងក៏នាំឲ្យមានការរួបរួមជាតិ។
លោកថ្លែងថា៖ «យើងស្វែងយល់អំពីរឿងរ៉ាវទាំងសប្បាយ និងឈឺចាប់ដែលកើតឡើងក្នុងសង្គម។ រឿងរ៉ាវទាំងនេះក្លាយជាបទពិសោធន៍សម្រាប់ក្មេងជំនាន់ក្រោយក្នុងការរៀនទាំងពីចំណុចល្អ និងចំណុចអាក្រក់ពីថ្នាក់ដឹកនាំខ្មែរជំនាន់មុនៗដើម្បីពង្រឹងការដឹកនាំជាតិក្នុងពេលអនាគត»។
លោក ធារ៉ា បន្តថា ប្រវត្តិសាស្ត្រក៏ផ្តល់ការយល់ដឹងអំពីប្រទេសជិតខាងដែលការយល់ដឹងនេះអាចជួយកសាងវប្បធម៌សន្តិភាព ដើម្បីរស់នៅជាមួយគ្នា ស្របទៅនឹងគោលនយោបាយដែលត្រូវអនុវត្តសម្រាប់សមាហរណកម្មអាស៊ាននៅពេលនេះ។
ទាក់ទងនឹងការបាត់បង់ទឹកដីរបស់កម្ពុជាទៅវៀតណាម និងថៃ លោក ធុន ធារ៉ា បានប្រាប់សំឡេងជំនាន់ថ្មីថា ការបាត់បង់នេះគឺជាការពិបាកនឹងទាមទារត្រឡប់មកវិញ ដោយហេតុថា ទឹកដីទាំងនោះត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយសហគមន៍អន្តរជាតិនិងដោយកម្ពុជាខ្លួនឯងថា ទឹកដីទាំងនោះស្ថិតក្នុងបូរណភាពរបស់ប្រទេសថៃ និងវៀតណាមហើយ។
ការសរសេរប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងទាំងពីរនេះ គឺប្រទេសថៃមិនផ្តោតលើការឈ្លានពានតាមសង្គ្រាមទេ តែគេផ្តោតលើលទ្ធភាពរបស់ខ្លួនក្នុងការទាញខេត្តមួយចំនួនដែលធ្លាប់ជារបស់កម្ពុជាឲ្យស្ថិតក្រោមការត្រួតត្រារបស់ខ្លួនដោយសារតែឧត្តមភាពរបស់ព្រះរាជាណាចក្ររបស់គេ។ ចំណែកឯវៀតណាមវិញសរសេរប្រវត្តិសាស្ត្ររបស់គេ ទាក់ទងនឹងទឹកដីកម្ពុជាក្រោមដោយផ្តោតលើការបង្រួបបង្រួមប្រជាពលរដ្ឋចម្រុះពូជសាសន៍នៅទីនោះ ដោយបំភ្លេញថា ទឹកដីទាំងនោះធ្លាប់ជារបស់កម្ពុជា។
ដូច្នេះលោក ធុន ធារ៉ា ឲ្យដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីប្រវត្តិសាស្ត្រដែលសរសេរដោយប្រទេសជិតខាងអំពីកម្ពុជា ដែលការយល់ដឹងទាំងនេះអាចជួយឲ្យសាធារណជននិងអ្នកតាក់តែងគោលនយោបាយសម្រេចចិត្តបានត្រឹមត្រូវ៕