លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសសរអា ដែលទទួលការរិះគន់ពីការប្រើសារអេឡិចត្រូនិច «អ៊ីមែល» ផ្ទាល់ខ្លនរបស់លោកស្រី ដើម្បីធ្វើកិច្ចការជាផ្លូវការក្នុងឋានៈលោកស្រីជាអ្នកការទូតកំពូលរបស់ប្រទេសអាមេរិក បានថ្លែងថា លោកស្រីបានសុំឲ្យក្រសួងការបរទេសលាតត្រដាងបញ្ជី អ៊ីមែលរបស់លោកស្រី។
នៅក្នុងសារ Twitter ដ៏ខ្លីមួយកាលពីយប់ថ្ងៃពុធ លោកស្រី Clinton មានប្រសាសន៍ជាអាទិ៍ថា «ខ្ញុំចង់ឲ្យសាធារណជនឃើញ អ៊ីមែលរបស់ខ្ញុំ។ ខ្ញុំបានសុំឲ្យគេលាតត្រដាង អ៊ីមែលខ្ញុំ។ គេថាគេនឹងពិនិត្យមើលសារក្នុង អ៊ីមែល ខ្ញុំ ហើយនឹងលាតត្រដាងជាសាធារណៈឲ្យបានឆាប់បំផុត»។
លោកស្រី Marie Harf អ្នកនាំពាក្យក្រសួងការបរទេស បានចេញសេចក្តីថ្លែងមួយ និយាយថាទីភ្នាក់ងារនឹងពិនិត្យមើលសារ អ៊ីមែលរបស់លោកស្រី Clinton «ដោយប្រើរបៀបធម្មតាដែលដឹកនាំការលាតត្រដាងបែបនេះ»។
លោកស្រី Harf បន្ថែមថា «យើងនឹងធ្វើការពិនិត្យមើលក្នុងពេលឆាប់ៗ។ ដោយមានចំនួនសារយ៉ាងច្រើន ការពិនិត្យមើលនឹងត្រូវប្រើពេលវេលាយូរដើម្បីបញ្ចប់»។
លោកស្រី Clinton បានចាប់និយាយអំពីរឿងនេះ បន្ទាប់ពីសារព័ត៌មាន New York Times បានបង្ហើបឲ្យដឹងថាលោកស្រីបានប្រើអាស័យដ្ឋាន អ៊ីមែលផ្ទាល់ខ្លួន ដែលអាចជាការរំលោភច្បាប់ឯកសារសហព័ន្ធ ដែលតម្រូវឲ្យគេរក្សាទុកឯកសារផ្លូវការទាំងអស់៕