លោក ហេង សំរិន​៖លោក​ហ៊ុន សែន​នឹង​ទាញ​បាន​សំឡេង​គាំទ្រ​វិញ

Somalis displaced by the drought arrive at makeshift camps in the Tabelaha area on the outskirts of Mogadishu.

លោក​ ហេង​ សំរិន​ ប្រធាន​សភាជាតិ​កម្ពុជា​ និង​ជា​អ្នក​នយោបាយ​ចាស់​ទុំ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​អបអរ​សាទរ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក្រោយ​ពីលោក​នាយក​រដ្ឋមន្ត្រី​ដែល​ស្ថិត​ក្នុង​តំណែង​ជាង​៣០​ឆ្នាំ​មក​នេះ ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​អះអាង​ថា​ លោក​ហ៊ុន​ សែន ​នឹង​ទាញ​រក​ប្រជា​ប្រិយ​ភាព​បន្ថែម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨​ខាង​មុខ​នេះ។​

លិខិត​របស់​លោក ​ហេង សំរិន ​ចុះ​ថ្ងៃទី២០ ​ខែ​មិថុនា​ ហើយ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​សភា​ជាតិ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​សរសេរ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​«ជា​ប្រធាន​គណបក្ស​នឹង​បន្ត​សម្រេច​ឲ្យ​បាន​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​ទាក់​ទាញ​រក​ប្រជាប្រិយភាព​បន្ថែម​ ឆ្ពោះ​ទៅ​យក​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដើម្បី​បន្ត​ដឹក​នាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ​ហើយ​កិត្យានុភាព​របស់​ប្រទេស​ជាតិ​ ក៏​ត្រូវ​បាន​លើក​កម្ពស់​ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់​ និង​លើ​ឆាក​អន្តរជាតិ​ដែរ»។​

លិខិត​របស់​លោក ​ហេង សំរិន ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និងអ្នក​នយោបាយ​ពីរ​រូប​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជាគឺ​លោក ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និងលោក​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​ និងអនុ​ប្រធាន​គណបក្ស​នេះ។​

ការ​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ទាំង​បីរូប​នៃគណ​បក្ស​កាន់​អំណាច​ទទួល​រង​ការ​រិះគន់​ពី​អ្នក​តាម​ដាន​ការ​វិវត្ត​សង្គម​ នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ពួក​គេ​អះអាង​ផ្សេងៗ​គ្នាថា​ ការ​បោះ​ឆ្នោត​នេះ​គ្រាន់​តែ​ជា​ការ​រៀបចំ​របស់​លោក ​ហ៊ុន សែន ហើយ​ការ​បោះឆ្នោត​បែប​ចង្អៀត​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពីការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ទេ។​

អ្នក​វិភាគ​សង្គម​មួយ​ចំនួន​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ពិបាក​នឹង​ស្តារ​ប្រជា​ប្រិយភាព​មក​វិញ​ បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បន្ត​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រីនៅ​ការ​បោះ​ឆ្នោត​ខាង​មុខ បើ​ទោះ​ជា​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ​គណបក្ស​នេះ​បាន​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ​ក្រោយ​ការ​ធ្លាក់​ចុះ​សំឡេងគាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ក្តី។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈ​ចំនួន​៦៨ ​ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​សុខចិត្ត​ ដោយ​ចោទ​ថា​ លទ្ធផល​មាន​ការ​គៃ​បន្លំ ​ហើយ​បាន​តវ៉ា​ដែល​នាំ​ឱ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ។​

ថ្មីៗ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រកាសបបួល​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ សម រង្ស៊ី​ មកស្បថ​ឲ្យ​រន្ទះ​បាញ់​ ប្រសិន​ជា​គណបក្ស​លោក​លួច​សន្លឹកឆ្នោត។​ រី​ឯ​លោក​ សម​ រង្ស៊ី​ ព្រម​ទទួល​យក​ការ​ស្បថ​នេះ ​ប៉ុន្តែ​លោក​និយាយ​ថា​ ការណ៍​ពិត​ឬ​យ៉ាង​ណា​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​បច្ចេកទេស​វិទ្យាសាស្រ្ត។​

បន្ទាប់​ពី​ការ​ប្រជុំ​សន្និបាត​គណបក្ស ​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​សារ​ជាថ្មី​ថា​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​នៅតែ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដដែល​ និង​ជា​បេក្ខជន​នាយករដ្ឋ​មន្ត្រី​«សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត​ ទៅ​តាម​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​វិសាមញ្ញ​នៃ​អ្នក​តំណាង​របស់​គណបក្ស​នេះ​ជា​បន្ត​បន្ទាប់​កន្លង​មក»។ ​

ការ​ប្រកាស​នេះ​គឺ​ដើម្បី​ឆើ្លយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​បំពុល​សាធារណ​មតិ​ថា​ លោក ហ៊ុន សែន​ នឹង​ឈប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​បន្ទាប់​ពី​សនិ្នបាត​គណបក្ស​នេះ​ដែល​ធ្វើ​ឡើង​កាល​ពី​សៅរ៍​កន្លង​ទៅ​នេះ៕