អ្នកស្រាវជ្រាវគោលនយោបាយស្នើឡើងថាអ្នកនយោបាយកម្ពុជាទាំងបក្សកាន់អំណាចនិងបក្សប្រឆាំងគួរតែចាប់ផ្តើមពិភាក្សាគ្នាលើគោលនយោបាយការបរទេសរួមមួយដើម្បីជៀសវាងកុំឱ្យប្រទេសជាតិក្លាយជាកូនអុករបស់ប្រទេសមហាអំណាចណាមួយ។
លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកនៃវេទិកាអនាគតបានលើកឡើងថា ការដែលអ្នកនយោបាយមួយក្រុមទៅកាន់ជើងមហាអំណាចមួយៗដោយឡែកពីគ្នាដូចជាចិននិងសហរដ្ឋអាមេរិកនាំឱ្យខាតផលប្រយោជន៍របស់កម្ពុជាទៅវិញទេ។
សូមចុចស្តាប់ការបកស្រាយទាំងស្រុងរបស់លោក អ៊ូ វីរៈ នៅខាងក្រោមនេះ៖
Your browser doesn’t support HTML5
លោក អ៊ូ វីរៈបានបន្ថែមថា៖
«ដើម្បីកុំឱ្យយើងក្លាយទៅជាអាយ៉ងទាល់តែអ្នកធ្វើនយោបាយចាប់ផ្តើមយល់។ បើមិនបានជជែកគ្នារឿងអ្វីគឺជជែកគ្នារឿងគោលនយោបាយរួម ថាបើយើងឈ្លោះគ្នាខាងផ្ទៃក្នុងប្រទេសឬមួយគំនិតគោលនយោបាយផ្ទៃក្នុងប្រទេសដែលយើងមិនស្របជាមួយគ្នាយ៉ាងហោចណាស់រឿងជាមួយនឹងបរទេសក៏យើងគួរតែអាចចាប់ផ្តើមជជែកគ្នាដើម្បីអាចឈានទៅដល់គំនិតរួមផងដែរដើម្បីភាពរឹងមាំរបស់យើង»។
ក្នុងនោះការមានគោលនយោបាយច្បាស់លាស់ជាមួយនឹងប្រទេសជិតខាងជាពិសេសប្រទេសវៀតណាមនិងថៃគឺអាចបញ្ចៀសបញ្ហាបាន។ នេះបើតាមការលើកឡើងរបស់លោកអ៊ូ វីរៈ។
ក្នុងចំណោមប្រទេសមួយចំនួនក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងគឺមានប្រទេសវៀតណាមនិងហ្វីលីពីនបានចេញមុខប្រឆាំងនឹងប្រទេសចិនខ្លាំងជាងគេបំផុត។
លោក អ៊ូ វីរៈ យល់ថាបញ្ហាសមុទ្រចិនខាងត្បូងជាការប្រឈមមុខថ្មីមួយទៀតរវាងមហាអំណាចដែលមានឥទ្ធិពលយូរហើយដូចជាសហរដ្ឋអាមេរិកនិងមហាអំណាចដែលទើបនឹងឈានឡើងគឺប្រទេសចិន។ ការនេះដោយសារតែប្រទេសវៀតណាមនិងហ្វីលីពីនបានស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក។ រីឯកម្ពុជាវិញគឺគ្មានផលប្រយោជន៍ពីជម្លោះនោះទាល់តែសោះ។
លោកបានបន្ថែមថា៖
«ការរៀបចំគោលនយោបាយមួយឱ្យច្បាស់លាស់ថាកម្ពុជាមិនលូកដៃមិនមានទំនោរទៅប្រទេសមួយណា ប្រទេសចិនក្តី ប្រទេសវៀតណាមក្តី ប្រទេសតំបន់ក្តីឬមួយសហរដ្ឋអាមេរិកក្តី ទាក់ទងរឿងជម្លោះមួយនេះ។ ក៏ប៉ុន្តែក៏ ទាក់ទងនឹងជម្លោះផ្សេងដែលប្រទេសកម្ពុជាជាប្រទេសតូចមួយ។ យើងគ្មានលទ្ធភាពនិងសមត្ថភាព ក្នុងការចូលរួមឈ្លោះទេព្រោះអីចូលរួមក្នុងការឈ្លោះប្រសិនបើមានការវាយបកមកវិញគឺប្រទេសកម្ពុជាមិនអាចរងផលប៉ះពាល់បានទេហើយដោយសារអញ្ចឹងប្រទេសកម្ពុជាគួរតែធ្វើម៉េចឱ្យច្បាស់លាស់»។
ដោយឡែកស្ថានភាពកម្ពុជានាពេលបច្ចុប្បន្នគឺសហរដ្ឋអាមេរិកនិងសភាសហគមន៍ អឺរ៉ុបរិះគន់គណបក្សប្រជាជនកម្ពុជាដោយសារតែជម្លោះនយោបាយផ្ទៃក្នុងជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលអាចជាការរុញច្រានគណបក្សកាន់អំណាចនេះចូលទៅកាន់តែកៀកនឹងប្រទេសចិន។
លោក អ៊ូ វីរៈបានបន្ថែមថា៖
«បើក្នុងករណីបែបហ្នឹងហើយរដ្ឋាភិបាលលោកខាងលិច សហភាពអឺរ៉ុប ចាប់ផ្តើមចាប់ជាមួយនឹងគណបក្សប្រឆាំងកាន់តែខ្លាំងគឺជាការដាក់សម្ពាធមួយឱ្យគណបក្សប្រជាជនកម្ពុជាអត់មានជម្រើស។ អត់មានជម្រើសត្រង់ថាឥឡូវនេះពិបាកមកចាប់ជាមួយនឹងលោកខាងលិចហើយអញ្ចឹងក៏ អាចជាសម្ពាធមួយដែលធ្វើឱ្យគណបក្សប្រជាជនកាន់តែចូលស៊ងកាន់តែស៊ប់ជាមួយនឹងប្រទេសចិន។ ក្នុងករណីហ្នឹងយើងក្លាយជាឧបករណ៍គេដោយអត់ដឹងខ្លួន»៕