អ្នកវិភាគ លោកឱក សេរីសោភក្តិ៍ បានស្នើសុំឱ្យរដ្ឋាភិបាលមានការប្រយ័ត្នប្រយែងចំពោះការបាត់បង់ការគាំទ្រថែមទៀតដោយសារតែចង់យកចាញ់ឈ្នះលើអ្នកដែលហ៊ានរិះគន់ដោយប្តឹងទៅតុលាការព្រោះពលរដ្ឋមិនមានជំនឿថាប្រព័ន្ធនេះអាចផ្តល់យុត្តិធម៌នោះទេ។
ការលើកឡើងនេះស្របពេលដែលរដ្ឋាភិបាលហាក់បង្កើនគំនាបផ្លូវច្បាប់លើអ្នកការពារសិទ្ធិមនុស្សនិងអ្នកវិភាគបន្ទាប់ពីមានការចោទប្រកាន់និងការឆ្លើយដាក់នានាពីអ្នកជាប់ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ក្នុងចំណោមអ្នកពាក់ព័ន្ធក៏មានមន្ត្រីសិទ្ធិមនុស្សមកពីសមាគមសិទ្ធិមនុស្សអាដហុកនិងលោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកនៃវេទិកាអនាគត។
Your browser doesn’t support HTML5
លោក ឱក សេរីសោភក្តិ៍ បានបញ្ជាក់បន្ថែមក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទថា៖
«ខ្ញុំគិតថា ការប្តឹងផ្តល់នេះ បើសិនជាយើងគិតពីប្រសិទ្ធភាពហើយនឹងការខាតបង់នយោបាយវិញ នោះគឺ ប្រសិទ្ធភាពបើសិនជាយើងចង់យកតែមួយឈ្នះដៃ ចេះតែឈ្នះហើយអត់មានបញ្ហាអ្វីទេរួចហើយប៉ុន្តែការខាតបង់នយោបាយច្បាស់ជាមាន»។
ក្រៅពីការចាត់វិធានការក្តៅលើមន្ត្រីសិទ្ធិមនុស្ស រដ្ឋាភិបាលក៏បានចាប់លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងបញ្ហាព្រំដែនផងដែរ។
គណបក្សសង្គ្រោះជាតិបានជួបប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃច័ន្ទនេះ ហើយបានវាយតម្លៃថា៖ «ស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ ដែលគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការបោះឆ្នោតនាពេលខាងមុខ»។ ហើយគណបក្សនេះក៏បានសម្រេចថា«នឹងប្រើប្រាស់គ្រប់យន្តការដែលគណបក្សមានដើម្បីទាញស្ថានការណ៍នយោបាយបច្ចុប្បន្នឱ្យវិលត្រឡប់មកស្ថានការណ៍ប្រក្រតីឡើងវិញ»។
យ៉ាងណាក៏ដោយ លោក ឱក សេរីសោភក្តិ៍ យល់ថា ស្ថានការណ៍ដែលកំពុងកើតមានឡើងសព្វថ្ងៃគឺផ្តល់ផលទៅដល់គណបក្សសង្គ្រោះជាតិទៅវិញទេ ពីព្រោះប្រជាពលរដ្ឋមើលឃើញថា គឺគណបក្សសង្គ្រោះជាតិជាជនរងគ្រោះពីកម្តៅនយោបាយដែលកំពុងមាននៅក្នុងប្រទេសកម្ពុជា។ ហើយលោកសង្ឃឹមថា គណបក្សប្រឆាំងនឹងប្រើប្រាស់យន្តការអហិង្សាដើម្បីឆ្លើយតបវិញ។
«អ្វីដែលកំពុងតែកើតសព្វថ្ងៃហ្នឹង ពួកគាត់ចំណេញរួចទៅហើយ។ ពួកគាត់ចំណេញសំឡេងរួចទៅហើយ ព្រោះទឹកចិត្តប្រជាពលរដ្ឋបានធ្វើការវាយតម្លៃដោយស្ងៀមស្ងាត់រួចទៅហើយថា សន្លឹតឆ្នោតនោះវាអាចដូរពីណាទៅណា»។
ពេលបច្ចុប្បន្នមានការចោទប្រកាន់ពាក់ព័ន្ធនឹងស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយបញ្ហានេះបន្តគ្របដណ្ដប់បណ្ដាញសារព័ត៌មានក្នុងប្រទេសកម្ពុជា។ លោក សោភក្តិ៍ មើលឃើញថា ពលរដ្ឋមួយចំនួនក៏បានចាប់ផ្តើមធុញទ្រាន់នឹងតាមដានរឿងដែលមិនមានលក្ខណៈអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិទេដោយសារតែពួកគេគាត់កំពុងតែព្រួយបារម្ភពីបញ្ហាខ្វះខាតទឹក សីតុណ្ហភាពឡើងកម្តៅ ការធ្វើចរាចរណ៍កាន់តែលំបាក និងលទ្ធភាពនៃការខកខានមិនមានការបោះឆ្នោតក្នុងពេលខាងមុខជាដើម៕