ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន ម៉ាណែត​ហៅ​​ទស្សនកិច្ច​​នៅ​​​អាមេរិក​ថា​ជា​ជោគជ័យ ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​លោក​ក៏ដោយ

  • ពិន ស៊ីសុវណ្ណ

លោក ហ៊ុន ​ម៉ាណែត ​និយាយ​ថា ​លោក​មិន​យល់​ពី​គោលបំណង​បាតុកម្ម​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​លោក​ ហើយ​អះអាង​ថា​ លោក​គ្មាន​ផែនការ​រៀបចំ​បាតុកម្ម​សង​សឹក​វិញ​ទេ​។​

លោក ហ៊ុន ម៉ាណែត​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ជា​ច្រើន​ថា​ ទស្សន​កិច្ច​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដាប្រឈម​មុខ​ជា​មួយ​បញ្ហា​ជា​ច្រើន ​ដូចជា​លោក​ត្រូវ​សមត្ថកិច្ច​អាមេរិកឃាត់​ខ្លួន។​ ផ្ទុយ​ទៅ​វិញ​លោក​និយាយ​ថា ទស្សនកិច្ច​របស់​លោក​ទទួល​បាន​ជោគជ័យ ថ្វី​បើ​មាន​បាតុកម្ម​ប្រឆាំង​លោក​ និង​មាន​ព័ត៌មាន​អំពី​ពាក្យ​បណ្តឹង​ប្រឆាំង​លោក​ក្តី។ ​

លោក ​ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ទស្សនកិច្ច​របស់​លោក​ទទួល​ជោគជ័យក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគទុន​ និង​ទេសចរណ៍​ តាម​រយៈ​ការ​ផ្សព្វផ្សាយឱកាស​វិនិយោគ​ពិព័រណ៍​ផលិតផល​ខ្មែរ​ ​ពិព័រណ៍វប្បធម៌​ ជា​ពិសេស​ ព្យុហយាត្រា​វប្បធម៌​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) ​រដ្ឋ កាលីហ្វ័រញ៉ា (California) ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ ដែល​ក្នុង​នោះមាន​ក្បួន​រាជរថ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​ ដែល​លោក​និង​ក្រសួង​វប្បធម៌​បាន​នាំ​យក​ទៅ ​ថ្វី​បើ​លោក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្តី។​

លោក ហ៊ុន ម៉ាណែត ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា៖

«សូម្បី​តែ​អ្នក​បំផុស​ប្រឆាំង​ការ​ចូលរួម​របស់​ខ្ញុំ​ក្នុង​ព្យុហយាត្រា​នោះ​ក៏​គាត់​បាន​ថតរូប​ជាមួយ​សម្ភារៈ​នៃ​រាជរថ​ដែល​យើង​នាំ​ទៅ​នោះ។ ​នេះ​វា​បង្ហាញ​ថា ​គាត់​ក៏​មាន​មោទនភាព​អំពី​អ្វី​ដែល​យើង​នាំ​ទៅ​នោះ​ដែរ»។​

លោក ​ហ៊ុន ម៉ាណែត​ ដែល​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​អះអាង​ថា អ្នក​ធ្វើបាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​របស់​លោក​មាន​ចំនួន​តិច​ជាង​អ្នក​អបអរសាទរ​ទស្សនកិច្ច​នេះ។​ លោក​និយាយ​ថា ​មន្ត្រី​សន្តិសុខ​អាមេរិក​បាន​ធ្វើការ​ការពារ​សន្តិសុខ​ដល់​រូប​លោក​ ដែល​ជា​កិត្តិយស​សម្រាប់​លោក។

ក្រៅ​ពី​នេះ​ មាន​ព័ត៌មាន​បំភ្លៃ​បែប​អវិជ្ជមាន​ជាច្រើន ដូច​ជា​លោក​ត្រូវ​សមត្ថកិច្ច​អាមេរិក​ឃាត់ខ្លួន​ និង​មាន​ពាក្យ​បណ្តឹង​របស់​ភរិយា​របស់​លោក​ មាជ សុវណ្ណារ៉ា​ដែល​ចោទ​លោក​ពី​បទភេរវកម្ម។ ទោះ​ជា​យ៉ាង​ណាក្តី​លោក​ ហ៊ុន ម៉ាណែត ​បន្ត​ថា ​លោក​មិន​ឃើញ​ពាក្យ​បណ្តឹង​នេះ​ជា​ផ្លូវការ​នៅ​ឡើយ។

«ប៉ុន្តែ​ខ្ញុំ​គា្រន់​តែ​ឮ​តាម​ព័ត៌មាន​ថា​ មាន​ការ​ប្តឹង​ខ្ញុំ ​ប៉ុន្មាន​ចំណុច​នោះ​រួម​ទាំង​ភេរវកម្ម​អន្តរជាតិ។ បាទ​ ហើយ​ខ្ញុំ​កប់​យោបល់​អំពី​រឿង​ហ្នឹង​ ព្រោះ​ជ្រុល​ជា​ប្តឹង​ដាក់​រឿង​ស្អី​ឲ្យ​វា​សម​ហេតុផល​បន្តិច​ទៅ!»

ចុច​ទស្សនា៖ វត្តមាន​លោក​ហ៊ុន ម៉ាណែត​នៅ​ឡុងប៊ិច​នាំ​ឱ្យ​មាន​បាតុកម្ម​ពេល​ដង្ហែរ​បុណ្យ​ចូលឆ្នាំ

លោក​ក៏​បដិសេធ​ព័ត៌មាន​ដែល​ថា ​អង្គរក្ស​ម្នាក់​របស់លោក​បាន​វាយ​ជនជាតិ​អាមេរិក​ម្នាក់​ និង​ព័ត៌មាន​ដែលថា ​លោក​នាំអង្គរក្ស​៥០នាក់ទៅ​ជាមួយ។ ​លោក​និយាយ​ថា​ អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​លោក​គឺ​ជា​ក្រុម​ការងារ​មកពី​ក្រសួង​នានា ដែលប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា៖

«ខ្ញុំ​អត់​ដឹង​ថា​ មាន​ហេតុ​អី​ទេ ​គ្រាន់​តែ​ឮ​ថា ​មាន​មនុស្ស​ដួល​ បាទ។​ រឿង​អីៗ​យ៉ាង​ម៉េច ​អាហ្នឹង​រឿង​តុលាការ​ ខ្ញុំ​សុំ​មិន​និយាយ​ ព្រោះ​វា​អត់​ទាន់​មាន​អ្វី​ដែលកើត​ឡើង។​ ចាំ​ពេល​ករណី​ហ្នឹង​វា​កើត​ ​តុលាការ​ចេញ​មក​ ចាំ​យើង ​ខ្ញុំ​នឹង​ផ្តល់​ចម្លើយ​នៅ​ពេល​នោះ​ថា​ តើ​ធ្វើ​យ៉ាង​ម៉េច?»​

លោក ​ហ៊ុន ម៉ាណែត​ បាន​សន្និដ្ឋាន​ថា ​បាតុកម្ម​ប្រឆាំង​លោក​នៅ​គ្រប់​កន្លែង​ដែល​លោក​ទៅ​ទស្សន​កិច្ចនោះ​គឺ​រៀបចំ​ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។​ តែ​លោក​មិន​ដឹង​ថា មាន​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ ឬ​យ៉ាង​ណា​ទេ។​

លោក​និយាយ​ថា ​លោក​មិន​យល់​ពី​គោលបំណង​បាតុកម្ម​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​លោក​ ដោយ​មានការ​លាប​ពណ៌​ ជេរ​ប្រមាថ​អ្នក​គាំទ្រ​វត្តមាន​របស់​លោក សូម្បី​តែ​នៅ​ក្នុង​វត្ត។​ ទោះជា​យ៉ាង​ណា​ក្តី ​លោក​និយាយ​ថា​ លោក​គ្មាន​ផែនការ​រៀបចំ​បាតុកម្ម​សង​សឹក​វិញ​ទេ​ ព្រោះ​មិន​ចំណេញ​ចំពោះ​ប្រទេស​ជាតិ។

ក៏ប៉ុន្តែ​លោក​ ទូច វិបុល​ ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ​នៅ​ស.រ.អា.បាន​និយាយ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​លោកបាន​ឃើញ​តាម​រយៈ​បណ្តាញ​សង្គម​ Facebook ​នោះ​មិន​បង្ហាញការណ៍​ពិត​ទេ។​ ​

លោក ហ៊ុន ម៉ាណែត​ និយាយ​ថា ​លោក​មាន​គោល​បំណង​ស្វែង​យល់​ពី​ទស្សនៈ​ខុសគ្នា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ និង​ស្វែង​រក​ចំណុច​រួម។ លោក​និយាយ​ថា តំណាង​ម្នាក់​របស់អ្នក​ប្រឆាំង​បាន​បិទ​ផ្លូវ​ចរចា​ដោយ​ដាក់​លក្ខខណ្ឌ​ថា ឲ្យ​លោក ហ៊ុន សែន​ ចុះ​ពី​តំណែង​ឲ្យ​ ហ៊ុន ម៉ាណែត​ ចុះ​ពី​តំណែង។ ​ការ​ចរចា​មាន​ភាព​តានតឹង ​នៅ​ពេលដែល​នៅ​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា ជា​ពិសេស​អំពី​វត្តមាន​របស់​លោក​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​

​បាតុករ​ដែល​ប្រឆាំង​នឹង​ទស្សនកិច្ច​លោក ​ហ៊ុន ម៉ាណែត នៅ​ស.រ.អា.បាន​ប្រាប់ ​VOA​ នៅ​ពេល​នោះ​ថា៖​

«គោល​បំណង​របស់​ខ្ញុំ​គឺ​សូម​ជម្រាប​ទៅ​លោក​ ហ៊ុន​ ម៉ាណែត ​ថា ​មិន​បាច់​មក​បង្រួបបង្រួម​ខ្មែរ​នៅ​ស្រុក​អាមេរិក​ទេ។​ ខ្មែរ​ស្រុក​អាមេរិក​គឺ​ថា​ គេ​មាន​ប្រជាធិបតេយ្យ​គ្រប់គ្រាន់​អស់​ហើយ។​ ដូច្នេះ​បង្រួបបង្រួម​ស្រុក​ខ្មែរ​សិន​ទៅ!​ ស្រុក​ខ្មែរ​អត់​ដី​ហើយ​ វ៉ៃ​ខ្មែរ​ដាក់​គុក»។​

បាតុករ​ម្នាក់​ទៀត​បាន​បន្ថែម​ថា៖

«គាត់​មក​នេះ​គឺ​បម្រុង​បំបែក​បំបាក់​ខ្មែរ​ទី​មួយ​ គឺ​ផ្នែក​នយោបាយ។​ មុន​នឹង​ពេល​បោះឆ្នោត​គឺ​គាត់​ត្រូវតែ​មក​ឃោសនា​ខែ្មរ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​យក​សំឡេង​ឆ្នោត​នៅ​ក្នុង​គណបក្ស​របស់​គាត់»។​

លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពង្រីក​ការ​គាំទ្រ​នៅ​ក្រៅ​ប្រទេស ថ្វី​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​នៅ​ប្រទេស​កម្ពុជាមិន​អនុញ្ញាត​ពួកគេ​អាច​បោះឆ្នោត​ក៏ដោយ។​ លោក​និយាយ​ថា​ ការ​ពង្រីក​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ជនជាតិ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដឹង​ពី​សភាព​ការណ៍​ពិតនៅ​កម្ពុជា​និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ។

លោក​ ហ៊ុន ម៉ាណែត ​ដែល​មាន​អ្នក​ទទួល​ជាង​៣០០​នាក់​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ ​មិន​ទាន់​សម្រេច​ចិត្ត​ថា ​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​ទេ ​នៅ​ពេល​ដែល​ឪពុក​របស់​លោក​កំពុង​ធ្វើ​កំណែ​ទម្រង់​បញ្ចូល​មនុស្ស​ជំនាន់​ថ្មី​ក្នុង​រដ្ឋាភិបាល។

លោក​ ហ៊ុន ម៉ាណែត ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​យោធា​ West Point ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៩ ​ហើយ​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ខាង​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ Bristol របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៧៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG