ទាយាទ​ក្រុមហ៊ុន ​Samsung ​របស់​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​រឿង​អាស្រូវ​ពុករលួយ

រូបឯកសារ៖ លោក ​Lee Jae-yong អនុប្រធាន​ក្រុមហ៊ុន​ Samsung មក​ដល់​​កន្លែង​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ក្រុង​សេអ៊ូល​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។

ទាយាទ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៃ​ក្រុមហ៊ុន​ Samsung​ របស់​កូរ៉េ​ខាងត្បូង ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់ ​កេង​បន្លំ​ប្រាក់​កាស ​និង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​នៅ​ក្នុង​រឿង​អាស្រូវ​ពុករលួយ ដែល​ឈាន​ទៅ​ដល់​ការបោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី​ប្រធានាធិបតី ​Park Geun-hye។

ប្រធាន​ក្រុមហ៊ុន ​Samsung​ លោក ​Lee Jae-yong ​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ចំនួន​ ៤ ​នាក់​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​អង្គារ។ ​

រដ្ឋអាជ្ញា​បាន​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​កសាង​សំណុំ​រឿង​ប្តឹង​លោក​ Lee ​ដោយ​ចោទ​ប្រកាន់​ថា ​លោក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បង់​ប្រាក់​ចំនួន​ ៣៧​ លាន​ដុល្លារ​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Samsung ​ទៅ​ឲ្យ​មិត្ត​ភក្តិ​ម្នាក់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង ​ដើម្បី​ជា​ថ្នូរ​នឹង​ការគាំទ្រ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​បញ្ចូល​ក្រុមហ៊ុន​ឧបសម្ព័ន្ធ​ពីរ​របស់ ​Samsung​ ចូល​គ្នា ​ដែល​ការណ៍​នេះ​ជួយ​លោក​ក្នុង​ការ​ពង្រឹង​ការត្រួត​ត្រា​ក្រុម​ហ៊ុន Samsung អេឡិច​ត្រូនិច។ ​

លោក​ Lee​ វ័យ​៤៨​ឆ្នាំ ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​រាប់​ឆ្នាំ​ប្រសិន​បើ​ត្រូវ​កាត់ទោស។ ប៉ុន្តែ​លោក Lee បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​លោកស្រី ​Park ​និង​លោកស្រី​ Choi Soon-sil ​ដែល​ជា​មិត្តភក្តិ​យូរ​អង្វែង​របស់​លោកស្រី​ប្រធានាធិបតី​ក៏​បាន​បដិសេធ​ដូចគ្នា​ដែរ។​

អ្នកវិភាគ​កូរ៉េខាងត្បូង​និយាយ​ថា បើ​ទោះ​បី​ជា​លោក​ Lee ត្រូវ​ជាប់​ពន្ធនាគារ ក៏​លោក​អាច​ទំនង​ជា​ព្យាយាម​បន្ត​ដឹកនាំ​ក្រុមហ៊ុន​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ ដូចដែល​នាយក​ប្រតិបត្តិ​សាជីវកម្ម​ដ៏​ទៃ​ទៀត​បាន​ធ្វើ​ដែរ៕