ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់នៅប្រទេសហៃទីភ្លៀងធ្លាក់ខ្លាំងបាននាំឱ្យប្រតិបត្តិការជួយសង្គ្រោះផ្អាកមួយរយៈខ្លីនិងបន្ថយការឆ្លើយតបរបស់ភ្នាក់ងារជំនួយហើយទីភ្នាក់ងារការពារពលរដ្ឋហៃទីបាននិយាយថាចំនួនអ្នកស្លាប់ឡើងដល់ជិត២.០០០នាក់និងជិត១០.០០០នាក់រងរបួស។
មន្រ្តីនានាបាននិយាយថាការរញ្ជួយដីមានកម្លាំងរំញ័រ៧,២រ៉ិចទ័របានបំផ្លាញផ្ទះប្រហែល១២.០០០ខ្នងរួមជាមួយមន្ទីរពេទ្យសាលារៀន និងព្រះវិហារ។ ប្រជាជនជាង៣០.០០០គ្រួសារគ្មានជម្រក។
មជ្ឈមណ្ឌលជាតិអាមេរិកតាមដានព្យុះបាននិយាយថាគិតត្រឹមថ្ងៃអង្គារព្យុះត្រូពិចឈ្មោះ Grace នាំឱ្យទឹកភ្លៀងមានកម្ពស់៣៨សង់ទីម៉ែត្រនៅភាគខាងត្បូងប្រទេសហៃទីដោយនាំឱ្យមានទឹកជំនន់និងអាចបាក់ដី។
លោក Bruno Maes តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសហៃទីបានប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា៖ «គ្រួសារហៃទីរាប់មិនអស់ដែលបានបាត់បង់អ្វីៗទាំងអស់ដោយសារការរញ្ជួយដីឥឡូវនេះកំពុងរស់នៅក្នុងទឹកដោយសារទឹកជំនន់»។
កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះដែលផ្អាកដោយសារព្យុះបានបន្តឡើងវិញកាលពីថ្ងៃអង្គារដែលភាគច្រើនជាអ្នកស្រុកនិងអ្នកស្ម័គ្រចិត្តដែលជារឿយៗមានឧបករណ៍មិនសូវល្អ។
អ្នកស្ម័គ្រចិត្តជនជាតិកាណាដាឈ្មោះ Randy Lodder នាយកសាលាគ្រិស្តសាសនាក្នុងប្រទេសហៃទីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា៖ «អ្វីដែលយើងមានគឺញញួរនិងដៃប៉ុណ្ណោះ។ នេះជាផែនការ»។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) មានបុគ្គលិកនៅទីនោះហើយបញ្ជាការដ្ឋានអាមេរិកខាងត្បូងបាននិយាយថាខ្លួនកំពុងបញ្ជូនឧទ្ធម្ភាគចក្រចំនួន៨គ្រឿងពីប្រទេសហុងឌូរ៉ាសនិងនាវាឆ្មាំសមុទ្រអាមេរិកចំនួន៧គ្រឿងដើម្បីជួយក្រុមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ។នាវាឆ្មាំសមុទ្រ២គ្រឿងបានទៅដល់រួមជាមួយឧទ្ធម្ភាគចក្រ២គ្រឿងនិងយន្តហោះP-8របស់កងទ័ពជើងទឹកអាមេរិកដែលកំពុងថតរូបភាពពីលើអាកាសនៃតំបន់ដែលរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដីនោះ។នេះបើតាមទីភ្នាក់ងារព័ត៌មានAP។
អង្គការយូនីសេហ្វបាននិយាយកាលពីថ្ងៃអង្គារថាកុមារប្រមាណ៥៤០.០០០នាក់ស្ថិតក្នុងចំណោមប្រជាជន១,២លាននាក់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅក្នុងប្រទេសហៃទី៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse)