ការប្រយុទ្ធគ្នាខ្លាំងក្លាបានផ្ទុះឡើងនៅថ្ងៃចន្ទនេះ នៅជុំវិញមន្ទីរពេទ្យមួយកន្លែងនៅភាគខាងជើងតំបន់ហ្កាហ្សា (Gaza) ដែលនៅទីនោះអ្នកជំងឺនិងអ្នកជម្លៀសពីផ្ទះសម្បែងរាប់ពាន់នាក់បានជ្រកកោនអស់រយៈពេលរាប់សប្ដាហ៍មកហើយ ស្របពេលកងទ័ពអ៊ីស្រាអែលផ្ដោតលើការបោសសម្អាតរុករកក្នុងមន្ទីរពេទ្យនោះដែលពួកគេថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រើសម្រាប់លាក់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
គ្រាប់ផ្លោងមួយគ្រាប់បានបាញ់ចំជាន់ទីពីរនៃមន្ទីរពេទ្យ Indonesian Hospital ដោយធ្វើឱ្យមនុស្សយ៉ាងតិច ១២ នាក់ស្លាប់។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សាដែលជាតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស់និងបុគ្គលិកសុខាភិបាលម្នាក់នៅក្នុងមន្ទីរពេទ្យនោះ។ គេមិនឃើញមានការលើកឡើងណាមួយភ្លាមៗពីយោធាអ៊ីស្រាអែលអំពីរឿងនេះនោះទេ។
ការរុលទៅមុខចូលក្នុងមន្ទីរពេទ្យ Indonesian Hospital នេះបានធ្វើឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានជម្លៀសទារកកើតមិនគ្រប់ខែចំនួន ៣១ នាក់ពីមន្ទីរពេទ្យ Shifa នៅក្នុងទីក្រុងហ្កាហ្សា ដែលជាទីក្រុងធំជាងគេបង្អស់នៅក្នុងតំបន់ហ្កាហ្សា។ ទារកទាំងនោះស្ថិតក្នុងចំណោមអ្នកជំងឺឬអ្នករងរបួសធ្ងន់ធ្ងរជាង ២៥០ នាក់ដែលជាប់នៅក្នុងមន្ទីរពេទ្យនោះក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានចូលទៅដល់មន្ទីរពេទ្យនោះ។
អ៊ីស្រាអែលបានបញ្ជាក់ថា ក្រុមហាម៉ាស់បានប្រើជនស៊ីវិលជាខែលការពារ។ ចំណែកឯអ្នករិះគន់លើអ៊ីស្រាអែលវិញថាការហ៊ុមព័ទ្ធនិងការបាញ់ផ្លោងតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែលគឺស្មើនឹងការដាក់ទណ្ឌកម្មជារួមលើជនជាតិប៉ាឡេស្ទីន ២ លាន ៣ សែននាក់នៅក្នុងតំបន់ហ្កាហ្សា។
អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សាលោក Ashraf al-Qidra ដែលឥឡូវនេះស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា បាននិយាយថាអ្នកជំងឺប្រហែល ៦០០ នាក់ បុគ្គលិកសុខាភិបាលប្រហែល ២០០ នាក់ និងអ្នកជម្លៀសពីផ្ទះសម្បែងប្រហែល ២.០០០ នាក់កំពុងជ្រកកោននៅទីនោះ៕