ពលរដ្ឋកម្ពុជាមួយរូបនៅខេត្តសៀមរាបត្រូវបានរកឃើញថា បានឆ្លងមេរោគ COVID 19 បន្ទាប់ពីបុរសរូបនេះមានការប្រាស្រ័យទាក់ទងជាមួយនឹងបុរសជនជាតិជប៉ុនម្នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះនៅប្រទេសជប៉ុន បន្ទាប់ពីបានចេញពីកម្ពុជាកាលពីដើមសប្ដាហ៍នេះ។ នេះជាការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានាល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនានេះ។
នេះជាករណីឆ្លងដល់ពលរដ្ឋកម្ពុជាដំបូងបំផុតដែលត្រូវបានក្រសួងសុខាភិបាលរាយការណ៍ជាផ្លូវការ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បុរសដែលឆ្លងនេះមានអាយុ៣៨ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស៤នាក់ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងផ្ទាល់នឹងជនជាតិជប៉ុន និងដែលត្រូវបានអញ្ជើញយកមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យតាមដាន។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា លទ្ធផលនៃការធ្វើតេស្ដរកមេរោគ COVID-19 លើអ្នកប្រាស្រ័យទាក់ទងបីនាក់ផ្សេងទៀត បានរកឃើញថា អវិជ្ជមាន ពោលគឺមិនទាន់មានរកឃើញមេរោគនៅឡើយ។ មនុស្សប្រមាណ៤០ផ្សេងទៀតកំពុងដាក់ឲ្យនៅដាច់ដោយឡែក (Isolation) ដើម្បីទទួលការតាមដានសុខភាព។
សមាជិកបីនាក់នៃក្រុមគ្រួសាររបស់បុរសជនជាតិកម្ពុជាវ័យ៣៨ឆ្នាំខាងលើ ត្រូវបានគេអញ្ជើញមកពិនិត្យតាមដាន ក្នុងក្របខណ្ឌចតាឡីស័ក (Quarantine) ដើម្បីអង្កេតមើលការប្រែប្រួលផ្នែកសុខភាព នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះជាការប្រកាសបន្ថែមរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង។
ករណីឆ្លងដំបូងត្រូវបានរកឃើញលើបុរសជនជាតិចិនដីគោកមួយរូប ដែលបានធ្វើដំណើរពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន មកដល់ខេត្តព្រះសីហនុ កាលពីចុងខែមករា តែត្រូវបានប្រកាសថាជាសះស្បើយ នាពេលក្រោយមក និងបានវិលត្រឡប់ទៅកាន់មាតុប្រទេសរបស់គេវិញ។
គិតត្រឹមល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទូទាំងពិភពលោក មានករណីឆ្លងមេរោគ COVID-19 ចំនួនយ៉ាងហោច១សែនករណី នៅច្រើនជាង៩០ប្រទេសទូទាំងពិភពលោក និងបានសម្លាប់មនុស្សជាង៣ពាន់នាក់ដែលភាគច្រើនជាជនជាតិចិន។
ក្រសួងសុខាភិបាលបានឲ្យដឹងថា សាលារដ្ឋនិងឯកជនទាំងអស់នៅខេត្តសៀមរាបត្រូវបានផ្អាកការបង្រៀនមួយរយៈសិន។ ហើយនៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើងថា លោកទទួលបានព័ត៌មានពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា រដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំទ្រង់ទ្រាយធំ គឺសៀមរាបសង្រ្កាន្តនៅពាក់កណ្តាលខែមេសាខាងមុខនេះ។
ស្របពេលដូចគ្នានេះដែរ ក្រសួងក៏បានបានអំពាវនាវឱ្យមានការស្ងប់ស្ងៀម ចៀសវាងការជ្រួលច្របល់ តក់ស្លុតក្នុងចំណោមបណ្ដាសាធារណជន និងអនុវត្តវិធានការអនាម័យជាដើម៕