ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ជាង​៥០០​នាក់​ទៀត​និង​អ្នក​ស្លាប់​ថ្មី​៦​នាក់

រូបឯកសារ៖ រថយន្ត​សង្រ្គោះ​បន្ទាន់​ដឹក​អ្នក​ជំងឺ​កូវីដ១៩​ឆ្ពោះទៅ​មជ្ឈមណ្ឌល The Premier Center ដែល​ពី​មុន​ជា​អគារ​សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ តែ​ឥឡូវ​ប្រែក្លាយ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ជាង​៥០០​នាក់​ទៀតបាន​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​៦​នាក់។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រសួង​បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ករណី​ឆ្លង​ចុង​ក្រោយ​បំផុត​នេះ ​ករណី​ឆ្លង​ថ្មីក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ មាន​ចំនួន​៤៩៥​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ផ្ទុះឆ្លង​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​កើន​ឡើង​ដល់​ជិត​២​ម៉ឺន​នាក់។ មនុស្ស​ប្រមាណ​១២.០០០​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​មនុស្ស​៦​នាក់​ទៀត​បាន​ស្លាប់ ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់​១២៦​នាក់។

នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​CDC​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «ជំងឺ​កូវីដ​១៩​នៅ​តែ​បន្ត​គំរាម​កំហែង​យើង​ជាប់​ជានិច្ច​ សូម​បង​ប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ»។

គួរ​បញ្ជាក់​ថា​តំបន់​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម​និង​លឿងទុំ ត្រូវ​បាន​រាំង​ខ្ទប់​ដ​ដែល រហូត​ដល់​ថ្ងៃទី​១២ ខែ​ឧសភា។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ករណី​រក​ឃើញ​ឆ្លង​ថ្មី​ភាគ​ច្រើន​ចេញ​ពី​តំបន់​ក្រហម​និង​លឿង​ទុំ៕