ក្រសួង​សុខាភិបាល​អំពាវ​នាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​គ្រា​សាលា​រៀន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ

រូបឯកសារ៖ សិស្សានុសិស្ស​ត្រូវ​បាញ់​អាកុល​សម្អាត​ដៃ​មុន​នឹង​ចូល​តាម​ថ្នាក់​រៀន ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពេល​សាលារៀន​ក្នុង​រាជ​ធានី​ភ្នំពេញ ​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​ឡើង​វិញ នា​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន ​Freshnews​ ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១។

អ្នកស្រី​បាន​ថ្លែង​ថា​មាន​ការ​រក​ឃើញ​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​មួយ​ទៀត ហៅ​ថា «MU» ដែល​កំពុង​ឆ្លង​រាត​ត្បាត​នៅ​បណ្តា​ប្រទេស​ជាង​៣០​នៅ​លើ​ពិភព​លោក ហើយករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កំណើន​ឡើង​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ក្នុង​បទ​សម្ភាសន៍​នៃពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ជុំ​ទី​១​នៅ​ខេត្ត​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា អ្នក​ស្រី ឱ វណ្ឌឌីន បាន​ប្រាប់​សារព័ត៌មាន ​Freshnews​ ថា​៖ «សម្រាប់​វីរុស​ MU ​នេះ​ ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​វត្ត​មាន​របស់ ​MU ​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សម្គាល់​របស់​យើង​គឺ​បណ្តា​ប្រទេស​៣០-៤០ ប្រទេស​ហើយ​នៅ​លើ​សាកល​លោក​មាន​ការ​ឆ្លងនូវ​វីរុស​ប្រភេទ​ MU នេះ​។ អញ្ចឹង​មិន​ខុស​អី​ពី​ Alpha មិន​ខុស​អី​ពី Delta ​ទេ។ ប្រសិន​បើ​បងប្អូន​ប្រជា​ពលរដ្ឋ​មិន​បន្ត​អនុវត្ត​នូវ​ការ​ការពារ​ ទប់​ស្កាត់​នូវ​ការ​ចម្លង​នូវ​វីរុស​កូវីដ​១៩​នោះ​ទេ ខ្ញុំ​គិត​ថាវីរុស​ប្រភេទ​ MU​ នេះ​ប្រហែល​ជា​ហ្នឹង​អាច​[ឆ្លង​រាតត្បាត]»។

កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ និង​មិនត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ចាក់​វ៉ាក់សាំង​រួច​ហើយ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ សា​ជាថ្មី​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ផង​ដែរ។ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ក្នុង​ប្រទេស ដែល​មិន​មែន​ជា​ការ​នាំ​ចូល​ប្រមាណ​៥០០​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​បាន​កើន​ឡើង​ដល់​ជាង​មួយ​ម៉ឺន​នាក់។ ចំណែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន​៩​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់​២.០៥៨​នាក់។

កំណើន​ឡើង​វិញ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​បើក​សាលា​រៀន​ឡើង​វិញ​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ​ហើយ​រដ្ឋបាល​ខេត្ត​មួយ​ចំនួន​ក៏​ប្រកាស​បើក​សាលា​រៀន​ជា​បន្ត​បន្ទាប់។

អ្នកស្រី​ អ៊ុក ឆាយាវី ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អ្នកស្រី​មាន​ការព្រួយ​បារម្ភ​ជុំវិញ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពេល​ដែល​មានការ​បើក​សាលា​រៀន​ឡើង​វិញ។

អ្នកស្រី​និយាយ​ថា​៖ «ចំពោះ​ខ្ញុំ​ ប្រសិន​បើ​កូវីដ​១៩ មិន​ទាន់​ផុត​រលត់​ គឺ​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​បើក​សាលា។ វា​អាច​ទៅ​ជា​ធ្ងន់​ជាង​បរិបទ​ចាស់​ផង។ នេះ​ជា​ការ​មួយ​ដែល​យើង​ព្រួយ​បារម្ភ»។

អ្នកស្រី​ស្នើ​ឲ្យ​ពិចារណា​ពន្យារ​ការ​បើក​ដំណើរ​ការ​សាលា​រៀន​នៅ​ពេល​នេះ ដោយ​រង់ចាំ​ការ​ធានា​បញ្ជាក់​ពីក្រសួង​សុខាភិបាលថា​មាន​លទ្ធភាព​អាច​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​សាលារៀន​បាន។

កាល​ពី​ដើម​ខែ​កញ្ញា ក្រសួង​អប់រំ​ យុវជន​ និងកីឡា បាន​កំណត់​ឲ្យ​សាលារៀន​គ្រប់​កម្រិត​នៅ​តាម​បណ្តា​ខេត្ត​ ដែល​គ្មាន​ហានិភ័យ​ ឬ​មាន​កម្រិត​ឆ្លង​ជំងឺ​កូវីដ​១​៩ទាប បើក​ដំណើរការ​ឡើង​វិញ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សុខាភិ​បាល​តឹង​រ៉ឹង​ រួម​មាន​ការ​កំណត់​ចំនួន​សិស្ស​តាម​ថ្នាក់​រៀន​ជា​ដើម។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ចោទ​សួរ​ពាក់ព័ន្ធ​នឹង​សុវត្ថិ​ភាព​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ សម្រាប់​សិស្ស នៅ​ពេល​មាន​ការ​បើក​សាលា​រៀន​ឡើង​វិញ។ លោក​ឲ្យ​ដឹង​ថា​លោក​មិន​គាំទ្រ​ការ​បើក​សាលា​រៀន​ឡើង​វិញ​នោះ​ទេ ប្រសិន​បើ​មិន​មាន​ការ​វាយ​តម្លៃ និង​អនុវត្ត​វិធាន​ការ​ផ្សេងៗ​ពេញ​លេញ អំឡុង​ពេល​មាន​ការ​បន្ត​រាតត្បាត​ជំងឺ​កូវីដ​១៩។

លោកថ្លែង​ថា៖ «ហើយ​បើ​សិន​ជា​ការ​ធ្វើការ​វាយ​តម្លៃ​ប៉ាន់ស្មាន​អំពី​ការ​ឆ្លង​រាលដាល និង​ការ​គ្រប់​គ្រង​ហានិភ័យ​នេះ មិន​បាន​ច្បាស់លាស់​ទេ​បាទ។ ការ​បើក​សាលា​ឡើង​វិញ​គឺ​ជា​ការ​ប្រថុយ​ប្រថាន​មួយ​យ៉ាង​ខ្ពស់»។

លោក យង់ គិមអេង ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ពី​ប្រសិទ្ធ​ភាពវ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ សម្រាប់​ដូសទី១ និង​ទី២ ក៏​ដូច​ជាដូស​ទី​៣ ដែល​ជា​ដូស​ជំរុញ​ផងដែរ ទៅ​លើការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​ផង​ដែរ ស្រប​ពេល​មាន​វីរុស​កូវីដ​១៩ ប្រភេទ​បំប្លែង​ថ្មី​ជា​បន្ត​បន្ទាប់។

លោក អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លើក​ឡើង​ពី​តម្រូវ​ការ​ឲ្យ​មានការ​ពិនិត្យ​ដិត​ដល់ពី​សំណាក់​ក្រសួងសុខាភិបាល​ចំពោះ​សិស្ស​ នៅ​ពេល​មាន​ការ​បើក​សាលា​រៀន​ឡើង​វិញ ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់វ៉ាក់​សាំង សុខភាព​របស់​សិស្ស និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​សាលារៀន​ ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក​បាន​ថ្លែង​ថា៖ «បើ​សិន​ជា​ក្រសួង​សុខាភិ​បាល​គាត់​ចែក​មន្រ្តី​សុខាភិបាល​ដែល​មាន​ឆន្ទៈ​ល្អៗ ចុះ​ជួយ​មើល​កុមារ​ ញែក​ទាំង​បី​ហ្នឹង​ច្បាស់​លាស់ គឺ​ថាយើង​នឹង​ឈ្នះ​កូវីដ​បាទ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក រស់ សុវា​ចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​នៅ​ឡើយ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កញ្ញា កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ យ៉ាង​តិច​មួយ​ដូស​ជូន​ពលរដ្ឋ​បាន​ប្រមាណ​១១,៥​លាន​នាក់ ក្នុង​នោះ​កុមារ​អាយុ​ចន្លោះ​១២​ទៅ​១៨​ឆ្នាំ​បាន​ជាង​១,៧​លាន​នាក់។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល៕