ប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់ចិន និយាយថា លោកបានឲ្យគេចាក់វ៉ាក់សាំងកូវីដ១៩សាកល្បងមួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលសាធារណជនឲ្យធ្វើតាមលោកនៅពេលដែលមានវ៉ាក់សាំងណាមួយត្រូវបានគេអនុញ្ញាតឲ្យប្រើជាផ្លូវការ។
លោក Gao Fu បានថ្លែងទម្លាយឲ្យដឹងពីរឿងនេះនៅក្នុងកិច្ចពិភាក្សាតាមអនឡាយមួយកាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ក្នុងខែកក្កដានេះថា មានក្រុមហ៊ុនរដ្ឋរបស់ចិនមួយបានចាក់វ៉ាក់សាំងសាកលស្បងទៅលើបុគ្គលិករបស់ខ្លួនកាលពីខែមីនា គឺនៅមុនរដ្ឋាភិបាលចិនបានយល់ព្រមឲ្យមានការធ្វើតេស្តវ៉ាក់សាំងលើមនុស្សម៉្លេះ ដែលនេះបានឲ្យអ្នកជំនាញខ្លះបារម្ភអំពីសុជីវធម៌នៅក្នុងការសាកលល្បងវ៉ាក់សាំងកូវីដ១៩។
លោក Gao មិនបាននិយាយថា លោកបានចាក់វ៉ាក់សាំងសាកល្បងមួយណា ឬនៅពេលណាទេ ដែលធ្វើឲ្យគេមិនដឹងច្បាស់ថាវ៉ាក់សាំងដែលលោកចាក់នោះជាវ៉ាក់សាំងដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យសាកល្បងលើមនុស្សហើយឬនៅ។ លោកមិនបានឆ្លើយតបនឹងការសុំអត្ថាធិប្បាយទេ។
ប៉ុន្តែការទម្លាយឲ្យដឹងរបស់លោកនេះបង្ហាញអំពីផលប្រយោជន៍ដ៏ធំធេងសម្រាប់ចិននៅក្នុងការប្រជែងជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដើម្បីផលិតវ៉ាក់សាំងដំបូងបំផុតដែលអាចជួយបញ្ចប់វិបត្តិជំងឺរាតត្បាតកូវីដ១៩បាន ហើយដែលនេះជាជោគជ័យដ៏ខ្លាំងខាងវិទ្យាសាស្ត្រផងនិងនយោបាយផង។
ប្រទេសចិនពេលនេះមានវ៉ាក់សាំងចំនួន៨ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងផ្សេងគ្នា ដែលនេះជាចំនួនច្រើនជាងប្រទេសដទៃ៕