សម្ដី​នាំ​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​និង​ព័ត៌មាន​ក្លែង​ក្លាយ​ជា​ប្រធានបទ​សំខាន់​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក

បាតុករ​​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​៣ ឧសភា កាន់​បដា​នៅ​ខាង​ក្រៅ​បញ្ជាការដ្ឋាន​កង​ទ័ព ​ដើម្បី​ប្រារព្ធទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​អង្គការ​សហប្រជា​ជាតិ​ប្រកាស​កាល​ពី​ឆ្នាំ​១៩៩៣។

ទំនាក់​ទំនង​រវាង​សេរី​សារព័ត៌មាន​និង​ប្រជាធិបតេយ្យ ​គឺ​ជា​ប្រធាន​បទ​សំខាន់​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​នៅ​ឆ្នាំ​នេះ​ ដែល​មាន​ការ​រៀប​ចំប្រារព្ធ​ពិធី​នេះ​ជាង​ ១០០ ​កន្លែង​នៅ​ទូទាំង​ពិភព​លោក។

ការ​អបអរ​ទិវា​នេះ​ដ៏​សំខាន់​មួយ​កំពុង​រៀបចំ​ធ្វើ​ជា​លើក​ទីមួយ​ នៅ​ក្នុង​រដ្ឋធានី​អាឌីសអាបេបា ​ប្រទេស​អេត្យូពី។ អ្នក​នាំពាក្យ​នាយក​រដ្ឋមន្រ្តី​អេត្យូពី​លោក​ Billene Seyoum​ បាន​ថ្លែង​ថា​ ប្រទេស​អេត្យូពី​ កំពុង​រៀប​ចំ​បង្កើត​ច្បាប់​មួយ​ដើម្បី​ទប់​ទល់​ជាមួយ​នឹង​ការ​ប្រើ​ពាក្យ​សម្តី​បង្ក​ឲ្យ​មា​នការ​ស្អប់​ខ្ពើម​ និង​ព័ត៌មាន​ក្លែង​ក្លាយ។

ប្រទេស​អេត្បូពី​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ មុន​ពេល​នាយក​រដ្ឋ​មន្រ្តី​ថ្មី​លោក ​Abiy Ahmed​ ឡើង​កាន់​តំណែង​ កាល​ពី​ខែ​មេសា ​ឆ្នាំ២០១៨។ រដ្ឋាភិបាល​របស់​លោក​បាន​ដោះ​លែង​អ្នក​កាសែត​ជា​ច្រើន​ឲ្យ​មាន​សេរីភាព​ឡើវិញ។

យោង​តាម​គណៈ​កម្មាធិការ​ការពារ​អ្នកសារត័ព៌មាន​ The Committee to Protect Journalists បាន​ឲ្យ​ដឹង​ថា​ នាពេល​បច្ចុប្បន្ន​គ្មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​អេត្បូពី​ទេ ​ចំណែកឯ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វិញ​កំពុង​រីក​ដុះ​ដាលនៅ​ក្នុង​ប្រទេស​នេះ។

ចាប់​តាំង​ពី​លោក​ Abiy ​ឡើង​កាន់​តំណែង​មក ប្រទេស​អេត្បូពី​បាន​ដក​ការ​រារាំង​ចេញ​ពី​គេហទំព័រ​ព័ត៌មាន​នានា​ និង​បាន​ដក​បម្រាម​ចេញ​ពី​អ្នកសារព័ត៌មាន​ដែល​ធ្លាប់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ។

ក៏ប៉ុន្តែ​អង្គការ​បណ្តាញ​ផ្សព្វផ្សាយ​មួយ​នេះបាន​កត់សម្គាល់​ថា​ ឧបសគ្គ​នានា​នៅ​តែ​រារាំង​ដល់​ពួក​អ្នកសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​អេត្បូពី​ រួមទាំង​គ្រោះថ្នាក់​ដោយសារ​ការ​វាយ​ប្រហារ ​និង​ការ​ចាប់ខ្លួន​នានា ជាពិសេស​គឺ​នៅ​តាម​តំបន់​ដែល​មាន​ការ​បះបោរ៕