ព្យុះសង្ឃរា Harvey បានបក់បោកនៅលើដីគោកភាគអាគ្នេយ៍នៃរដ្ឋតិចសាសនៅជិតក្រុង Rockport ដែលជាទីក្រុងដ៏តូចមួយមិនឆ្ងាយពីទីក្រុង Corpus Christi ហើយវាបានបក់បោកនៅឈូងសមុទ្រម៉ិកស៊ិកដោយមានល្បឿនខ្យល់និងភ្លៀងយ៉ាងខ្លាំងនៅតាមបណ្តោយឆ្នេរសមុទ្រដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ។
ព្យុះសង្ឃរា Harvey ជាព្យុះដ៏កាចសាហាវដែលបានបក់បោកនៅសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយទសវត្សរ៍ ដោយមានល្បឿនខ្យល់២០៩គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលដែលវាបក់បោកនៅដីគោក។
ព្យុះសង្ឃរានោះបានមកដល់ដីគោកនៅពេលដែលវាបានក្លាយជាព្យុះសង្ឃរាប្រភេទទី៤ ដែលជាព្យុះមានកម្លាំងខ្លាំង ក៏ប៉ុន្តែវាបានចុះខ្សោយជាបណ្តើរៗ។ នៅពេលដែលព្យុះសង្ឃរា Harvey ជិតមកដល់កាលពីថ្ងៃសុក្រ ពួកអ្នកស្រុករដ្ឋតិចសាសរាប់ពាន់នាក់បានរត់គេទៅកាន់ដីគោកដើម្បីបញ្ចៀសខ្យល់និងទឹកជំនន់ពីការគំរាមកំហែងព្យុះសង្ឃរានេះ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបានហៅព្យុះ Harvey នេះថា ជាព្យុះគំរាមកំហែងអាយុជីវិតមនុស្ស ទោះជាយ៉ាងនៅក៏ដោយ មិនមានមនុស្សស្លាប់ឬរងរបួសបានត្រូវគេរាយការណ៍ទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកមន្រ្តីនិយាយថា ក្រុមជួយសង្គ្រោះគ្រាហ៍អាសន្នមិនអាចទៅដល់ទីកន្លែងជាច្រើនបានទេបណ្តាលមកពីខ្យល់ខ្លាំងពែក។
លោក Charles Wax អភិបាលក្រុង Rockport នៅក្នុងសម្ភាសន៍កាលពីព្រឹកថ្ងៃសៅរជាមួយបណ្តាញទូរទស្សន៍ពីអាកាសធាតុបាននិយាយថា ព្យុះសង្ឃរានេះបានបក់បោកត្រូវចំក្រុងរបស់លោកហើយលោកបានព្រមានពីការបំផ្លិចបំផ្លាញដ៏ខ្លាំង។
លោកបាននិយាយថា សាលារៀន ផ្ទះនិងហាងលក់ដូរបានខូចខាតយ៉ាងខ្លាំងហើយខ្លះទៀតបានត្រូវបំផ្លាញ៕