សាកលវិទ្យាល័យ Harvard ទទួល​បាន​កាដូ​ធំ​បំផុត​ដែល​មាន​ទឹកប្រាក់​៤០០លាន​ដុល្លារ

និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាលាច្បាប់​ Harvard សប្បាយ​រីករាយ​ ខណៈ​ដែល​ពួកគេ​ទទួល​បាន​សញ្ញបត្រ​របស់​ពួកគេ​នៅ​សាកលវិទ្យាល័យ​ Harvard ក្រុង​ Cambridge រដ្ឋ​ Massachusetts កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។

សាកលវិទ្យាល័យ Harvard ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​បាន​ទទួល​អំណោយ​ដ៏​ធំ​បំផុតដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​គឺ​ថវិកា​ចំនួន​៤រយ​លាន​ដុល្លារពី​លោក John Paulson មហាសេដ្ឋី​របស់​ក្រុមហ៊ុន Wall Street Journal។

សាកលវិទ្យា​ល័យ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រាក់​នោះ​នឹង​ជួយ​ឧបត្ថម្ភ​គាំទ្រ​សាលាវិស្វកម្ម​និង​វិទ្យាសាស្រ្ត​ដែល​ត្រូវ​គេ​ដាក់​ឈ្មោះ​របស់​ម្ចាស់​អំណោយ​ដែល​មាន​អាយុ​៥៩​ឆ្នាំ​រូប​នេះ ហើយ​ដែល​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ពី​សាលា​ពាណិជ្ជកម្ម Harvard នៅ​ឆ្នាំ​១៩៨០។

សាលា​វិទ្យាសាស្រ្ត​និងវិស្វកម្ម​របស់​សាកលវិទ្យាល័យ Harvard បាន​ពង្រីក​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ មន្ទីរ​ពិសោធន៍​របស់​សាលា​នោះ​បាន​នាំមុខយ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ដូចជា​ការ​អភិវឌ្ឍ​មនុស្ស​យន្ត​ហើយ​និង​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារមហារីក​ក្នុង​រាង្គកាយ។

ទ្រព្យសម្បត្តិ​របស់​លោក Paulson ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​មាន​ជាង​១១​ពាន់​លាន​ដុល្លារ។ នៅ​ក្នុង​ការ​វិនិយោគទុន​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពិភពលោក លោក​បាន​ទាយ​ត្រូវ​អំពី​តម្លៃ​អចលនទ្រព្យ​ដែល​មាន​ការ​ប្រាក់​ទាប​នៅពេល​ដែល​ទីផ្សារ​ផ្ទះ​សម្បែង​របស់​សហរដ្ឋ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​នៅ​ឆ្នាំ​២០០៧ រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ចយ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​មិន​រីកចម្រើន​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​នៅ​ទសវត្សរ៍​១៩៣០​មក។

នៅ​ក្នុង​ការ​ប្រកាស​ផ្តល់​អំណោយ​របស់​លោក​ដល់​សាកល​វិទ្យាល័យ Harvard ​លោក Paulson ​បាន​មាន​ប្រសាសន៍​ថា ​គ្មាន​អ្វី​ដែល​មាន​សារៈ​សំខាន់ជាង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​មនុស្ស​ជាតិជាង​ការ​សិក្សា​អប់រំ​នោះ​ទេ។

ប្រាក់​ទេយ្យទាន​របស់​សាកលវិទ្យាល័យ Harvard ​ឥឡូវនេះ​មាន​ចំនួន​សរុប​៣៦​ពាន់​៦រយ​លាន​ដុល្លារ​ដែល​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​នេះ​ក្លាយ​ជា​សាកល​វិទ្យាល័យ​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក៕