អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានប្តេជ្ញាប្រើវិធីតឹងតែងជាងមុនលើជនចំណាកស្រុកតាមបណ្តោយព្រំដែនខាងត្បូងសហរដ្ឋអាមេរិក និងថាអ្នកស្រីនឹងមិនផ្អាកការផ្តល់អាវុធដល់ប្រទេសអ៊ីស្រាអែលទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើកិច្ចសម្ភាសន៍របស់អ្នកស្រីជាមួយបណ្ដាញព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រី Harris ថា អ្នកស្រីនឹងបន្តជំរុញឱ្យមានការអនុម័តច្បាប់ព្រំដែនដ៏ទូលំទូលាយដែលរឹតបន្តឹងលើការធ្វើចំណាកស្រុកចូលមកក្នុងសហរដ្ឋអាមេរិក និងបានប្តេជ្ញាថានឹង «អនុវត្តច្បាប់របស់សហរដ្ឋអាមេរិក» លើការឆ្លងដែនខុសច្បាប់។
អ្នកស្រីថ្លែងថា៖ «យើងមានច្បាប់ដែលយើងត្រូវតែគោរពនិងអនុវត្តតាម ដែលដោះស្រាយបញ្ហាមនុស្សឆ្លងចូលព្រំដែនរបស់យើងដោយខុសច្បាប់ ហើយគួរតែមានផលវិបាក [សម្រាប់អ្នកដែលឆ្លងចូលខុសច្បាប់ទាំងនោះ]»។
អ្នកស្រីក៏បានបន្ទរស្ទើរតែដូចជំហរដ៏ខ្លាំងក្លារបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការគាំទ្រអ៊ីស្រាអែលផងដែរ និងបានប្រកែកមិនព្រមធ្វើតាមការអំពាវនាវរបស់សមាជិកបក្សប្រជាធិបតេយ្យខ្លះដែលថារដ្ឋាភិបាលអាមេរិកគួរតែគិតគូរឡើងវិញអំពីការបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែល ដោយសារតែជនជាតិប៉ាឡេស្ទីនជាច្រើនបានស្លាប់នៅក្នុងតំបន់ហ្កាហ្សា។
ពេលត្រូវបានសួរថាតើអ្នកស្រីនឹងផ្អាកការផ្តល់អាវុធដល់អ៊ីស្រាអែលឬក៏អត់ អ្នកស្រី Harris ឆ្លើយថា៖ «ទេ [យើងមិនផ្អាកទេ]។ យើងត្រូវតែសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង [ឈប់បាញ់និងការដោះលែងចំណាប់ខ្មាំង]»៕