អ្នកស្រី Harris ហៅ​ទូរសព្ទ​ទៅ​លោក Trump ដើម្បី​ឱ្យ​អបអរសាទរ​លោក​ចំពោះ​ការ​ឈ្នះ​ការ​បោះឆ្នោត

អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​អ្នកស្រី Kamala Harris បក់ដៃទៅកាន់​អ្នកគាំទ្រ​នៅ​ក្នុងការ​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​ Howard រដ្ឋ​ធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ២០២៤។

ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​អ្នកស្រី Kamala Harris បាន​និយាយ​ថា អ្នកស្រី​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក Donald Trump កាល​ពី​ថ្ងៃ​ពុធ ដើម្បី​អបអរសាទរលោក​ សម្រាប់​ការឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២៤ បន្ទាប់​ពីការ​ប្រកួត​ប្រជែង​ដ៏ជូរ​ចត់ និង​ចម្រូង​ចម្រាស។

ជំនួយការ​រូបនេះ​និយាយ​ថា អ្នកស្រី Harris នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ពិភាក្សា​ជាមួយ​លោក Trump ពី​សារៈសំខាន់​នៃ​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​ការ​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ជនជាតិ​អាមេរិក​ទាំងអស់។

បន្ទាប់​ពី​នោះ អ្នកស្រី Kamala Harris បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​សាកលវិទ្យាល័យ Howard ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ​ថា អ្នកស្រី​បាន​ចាញ់​ការ​ប្រកួត​ប្រជែង​ជាមួយលោក Donald Trump ​និង​បានទទួល​ស្គាល់ការ​ចុះចាញ់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ ក្រោយ​ពី​យុទ្ធនាការ​ឃោសនា​ដ៏​ស្វិតស្វាញ​មួយ។​

​អ្នកស្រី Harris បាន​ទទូច​ឱ្យ​អ្នកគាំទ្រ​របស់​អ្នកស្រី​ទទួល​ស្គាល់​ការ​ចាញ់​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ហើយ​ថា ​អ្នកស្រី​នឹង​ជួយ​លោក​ Trump ក្នុង​ដំណាក់កាល​អន្តរកាល​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។​

នៅ​ក្នុង​សុន្ទរកថា​នេះ អ្នកស្រី​ក៏​បានផ្តោត​លើ​កិច្ចការ​ដែល​បក្សប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​នៅ​ពេល​អនាគត ក្រោយ​យុទ្ធនាការ​ឃោសនា​របស់​អ្នកស្រី​ទៀត ដោយ​អ្នក​ស្រី​ថ្លែង​ថា៖ «ថ្វី​បើ​ខ្ញុំ​ទទួល​ស្គាល់​ការ​ចាញ់​ឆ្នោត​នេះ ខ្ញុំ​នឹង​មិន​ទទួល​យក​ការ​ឈប់តស៊ូ​ដែល​បាន​ជំរុញ​យុទ្ធនាការ​នេះ​ទេ៕»​