កាលពីយប់ថ្ងៃពុធម្សិលមិញ អ្នកស្រី Kamala Harris បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រឹងប្រែងដើម្បីសហរដ្ឋអាមេរិក នៅពេលដែលអ្នកស្រីទទួលយកការតែងតាំងជាផ្លូវការជាបេក្ខជនអនុប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
អ្នកស្រី Harris អាយុ ៥៥ ឆ្នាំ ដែលជាអតីតរដ្ឋអាជ្ញា គឺជាស្ត្រីទី ៤ ដែលមានឈ្មោះនៅក្នុងបញ្ជីបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតីរបស់គណបក្សនយោបាយធំមួយ នៅសហរដ្ឋអាមេរិក ហើយអ្នកស្រីគឺជាស្ត្រីអាមេរិកាំងស្បែកខ្មៅ និងមានដើមកំណើតអាស៊ីខាងត្បូងដំបូងគេបង្អស់។
នៅក្នុងការថ្លែងនៅយប់ទី ៣ នៃសន្និបាតជាតិគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធម្សិលមិញនេះ អ្នកស្រី Harris បានរិះគន់យ៉ាងចាស់ដៃលើវិធីសាស្រ្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច ដោយអ្នកស្រីបាននិយាយថា «ការបរាជ័យក្នុងការដឹកនាំ» របស់លោក Trump «បានធ្វើឲ្យពលរដ្ឋបាត់បង់ជីវិត និងជីវភាពរស់នៅ»។
អ្នកស្រី Harris ថ្លែងអំពីតម្រូវការនៅក្នុងការដោះស្រាយបញ្ហាក្នុងប្រទេសដូច្នេះថា៖
«ជាការពិត ផ្លូវឆ្ពោះទៅមុខ គឺមិនងាយស្រួលនោះទេ។ យើងនឹងជួបបញ្ហា។ យើងអាចបរាជ័យ។ ប៉ុន្តែខ្ញុំសូមប្ដេជ្ញាចំពោះអ្នកទាំងអស់គ្នាថា យើងនឹងធ្វើការឲ្យបានហ្មត់ចត់ និងដោះស្រាយបញ្ហាប្រឈមដោយស្មោះត្រង់។ យើងនឹងនិយាយការពិត ហើយយើងនឹងបំពេញការងារដោយមានជំនឿទុកចិត្តលើអ្នកទាំងអស់គ្នា ដូចដែលអ្នកទាំងអស់គ្នាមានជំនឿទុកចិត្តមកលើពួកយើងដូច្នេះដែរ»។
នៅល្ងាចថ្ងៃដដែលនោះ អតីតប្រធានាធិបតីលោក Barack Obama បានវាយប្រហារដោយពាក្យសម្ដីខ្លាំងៗលើលោក Trump ដោយថា លោក Trump ចាត់ទុកតំណែងប្រធានាធិបតីដូចទៅនឹង «កម្មវិធីកម្សាន្តតាមទូរទស្សន៍» និងបានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដោយសារតែការដឹកនាំអសមត្ថភាព និងផ្ដាច់ការ៕