អ្នកជំនាញថា វៀតណាមឱបក្រសោបអនាគតជាមួយចិនដើម្បីឱ្យចិនទុកចិត្តខ្លួន

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និង​ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong ចាប់ដៃ​គ្នា​មុន​កិច្ច​ពិភាក្សា​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ​ការបរទេស​នានា​កំពុង​សម្លឹង​មើល​ទាំង​ងឿង​ឆ្ងល់​លើ​ការ​ធ្វើ​វិសិដ្ឋកម្ម​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជា​សាធារណៈ ​កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

ពួកគេ​បាន​និយាយ​ថា វៀតណាម​ទំនងជា​មិន​អាច​ងាក​ចេញ​ពី​គោល​នយោបាយ​ការបរទេស​មួយ​ដែល​មាន​តុល្យភាព​បែប​ប្រយ័ត្នប្រយែង​នោះ​ទេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​វៀតណាម​បាន​យល់ព្រម​ចូលរួម​ជាមួយ «សហគមន៍​អនាគត​រួម (Community of Shared Future)» របស់​ចិន ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ទៅ​កាន់​ប្រទេស​វៀតណាម។ ការ​ចូលរួម​ក្នុង​សហគមន៍​នេះ ​គឺ​ជា​ការ​ដំឡើង​កម្រិត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ពី «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ» ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មួយ​រួច​ទៅ​ហើយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ Xinhua របស់​ចិន។

ចំណង​ការទូត​រវាង​វៀតណាម​និង​ចិន​បាន​ឈាន​ដល់​កម្រិត​កំពូល​តាំង​ពី​ឆ្នាំ ២០០៨ មក ប៉ុន្តែ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ទើបតែ​បាន​ឈាន​ដល់​កម្រិត​ដូចគ្នា​នេះ​ជាមួយ​នឹង​វៀតណាម ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ទៅ​កាន់​ប្រទេស​វៀតណាម ​កាលពី​ខែ​កញ្ញា និង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong ទៅ​កាន់​ប្រទេស​ជប៉ុន​ កាលពី​ខែ​វិច្ឆិកា។

យោង​តាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ Nhan Dan ដែល​ជា​វេបសាយ​ផ្លូវការ​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក Xi បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​សម្រាប់​សហគមន៍​នេះ​ថា​ជា​សហគមន៍​មួយ​ដែល​ភ្ជាប់​ការ​អភិវឌ្ឍ​របស់​ចិន​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់​បណ្ដា​ប្រទេស​ជិត​ខាង ​ដើម្បី​ឱ្យ​ប្រទេស​នីមួយៗ​មាន​ការ​រីក​ចម្រើន​ប្រសើរ​ជាង​មុន។ លោក Xi ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា អនាគត​របស់​ទ្វីប​អាស៊ី​គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ី។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ពិភាក្សា​គ្នា ​នៅ​ក្នុង​ជំនួប​មួយ​នៅ​ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​វៀតណាម​បាន​ទទួល​ប្រយោជន៍​ភ្លាមៗ​តាមរយៈ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហ​ប្រតិបត្តិការ​ចំនួន ៣៦ កាលពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ​ ដែល​ធ្វើ​ឡើង​រវាង​លោក Xi និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong។ ឯកសារ​សហ​ប្រតិបត្តិការ​ទាំង​នេះ​រួម​មាន​ផង​ដែរ​នូវ​ការ​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​កាន់តែ​ទូលំទូលាយ​ជាង​មុន ការ​ផ្ដល់​មូលនិធិ​របស់​ចិន​សម្រាប់​ការ​ត​ភ្ជាប់​ខ្សែ​រថភ្លើង​ឆ្លង​ព្រំដែន និង​ខ្សែ​ទំនាក់ទំនង​បន្ទាន់​ដើម្បី​ដោះស្រាយ​ឧប្បត្តិហេតុ​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម​អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ជាង ១៧៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ ចិន​ក៏​ជា​ប្រទេស​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​ទី ៤ នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។

មុន​ពេល​មាន​ការ​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ជនជាតិ​ចិន​គឺជា​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​បំផុត​នៅ​វៀតណាម ដែល​មាន​ចំនួន​មួយ​ភាគ​បី​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​នៅ​ឆ្នាំ ២០១៩។

ប៉ុន្តែ ទំនាក់ទំនង​រវាង​ចិន​និង​វៀតណាម​ក៏​ធ្លាប់​មាន​ភាព​រកាំរកូស​ផងដែរ។ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​នៅ​តាម​ព្រំដែន​កាលពី​ឆ្នាំ ១៩៧៩ និង​បាន​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​ប្រជុំកោះ Spratly នៅ​ឆ្នាំ ១៩៨៨ មុន​ពេល​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​នៅ​ឆ្នាំ ១៩៩១។

ចិន​និង​វៀតណាម​នៅតែ​មាន​ជម្លោះ​ទឹកដី​ជាមួយ​គ្នា​ទាក់ទិន​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​វៀតណាម​បាន​ពង្រីក​កិច្ច​ប្រឹងប្រែង​ចាក់ដី​ពង្រីក​កោះ​ដើម្បី​តតាំង​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន។

VOA បាន​ទាក់ទង​សុំ​យោបល់​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន ប៉ុន្តែ​ស្ថានទូត​បាន​ស្នើ​ឱ្យ​ទៅ​សួរ​ក្រសួង​ការបរទេស​វៀតណាម​វិញ ដែល​ក្រសួង​នេះ​មិន​បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់ VOA នោះ​ទេ។

«ខ្លឹមសារ​តិចតួច»

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​វិសិដ្ឋកម្ម​ទំនាក់ទំនង​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​នេះ អ្នក​នាំពាក្យ​មួយ​រូប​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា វៀតណាម «គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ទំនាក់ទំនង​រវាង​វៀតណាម​និង​សហរដ្ឋ​អាមេរិក​គឺ​កាន់តែ​ស៊ី​ជម្រៅ​ជាង​មុន»។

អ្នក​នាំពាក្យ​រូប​នេះ​ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​និង​វៀតណាម​មាន​គោល​បំណង​និង​ចក្ខុវិស័យ​រួម​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​សុវត្ថិភាព វិបុលភាព និង​ការ​បើក​ចំហ រាប់​ចាប់ពី​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​របស់​យើង​លើ​មរតក​នៃ​សង្គ្រាម​និង​បញ្ហា​មនុស្សធម៌​រហូត​ដល់​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ វិបុលភាព​រួម កិច្ច​សហ​ប្រតិបត្តិការ​ស៊ីជម្រៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាសធាតុ ជំងឺ​ឆ្លង ការ​ជួញដូរ​គ្រឿងញៀន​និង​សត្វព្រៃ​ខុស​ច្បាប់ ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ដែន​សមុទ្រ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន»។

លោក Greg Poling ប្រធាន​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក មិន​សូវ​ផ្ដល់​តម្លៃ​ដល់​ការ​បង្កើន​កម្រិត​ទំនាក់ទំនង​នេះ​ទេ ដោយ​លោក​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ទៅកាន់​ប្រទេស​វៀតណាម​ថា​ជា «ទស្សនកិច្ច​ស្ដារ​មុខមាត់...ដែល​មានតែ​វោហាសាស្ត្រ​ជាច្រើន​ប៉ុន្តែ​មាន​លទ្ធផល​តិចតួច​ប៉ុណ្ណោះ»។

លោក Poling បាន​កត់​សម្គាល់​តាម​រយៈ​អ៊ីមែល​ផ្ញើរ​មក​កាន់ VOA ផ្នែក​ភាសា​វៀតណាម​ថា កាលពី​ដំបូង វៀតណាម​បាន​ច្រានចោល​គំនិត​ដែល​ចង់​ធ្វើ​វិសិដ្ឋកម្ម​ទំនាក់ទំនង​នេះ ប៉ុន្តែ «នៅ​ទីបំផុត [វៀតណាម] យល់​ថា​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​សម្របសម្រួល​លើ​ចំណុច​នេះ​ដើម្បី​រក្សា​នូវ​ស្ថិរភាព​ខ្លះ»។

លោក Nguyen Khac Giang អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍​នៃ​វិទ្យាស្ថាន ​ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី បាន​ហៅ​ការ​ទទួល​យក​របស់​រដ្ឋាភិបាល​វៀតណាម​នូវ​ការ​អញ្ជើញ​របស់​លោក Xi ឱ្យ​ចូលរួម​ជាមួយ​សហគមន៍​នេះ​ថា​ជា​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើង​វិញ បន្ទាប់ពី​វៀតណាម​បាន​បោះ​ជំហាន​ការទូត​ដ៏​សំខាន់​មួយ​ជាមួយ​បស្ចិម​ប្រទេស។

លោក Khac Giang បាន​ប្រាប់ VOA ផ្នែក​ភាសា​វៀតណាម​តាម​ទូរស័ព្ទ​ថា៖ «វៀតណាម​ចង់​បញ្ជាក់​ប្រាប់​ចិន​ថា វៀតណាម​មិន​បោះបង់​ចោល​ចិន​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​ផ្សេង ឬ​ក៏​ដើម្បី​ទៅ​រួម​ដៃ​ជាមួយ​កម្លាំង​នានា​ដើម្បី​ទប់ទល់​នឹង​ចិន​នោះ​ទេ»។

លោក Giang បាន​កត់​សម្គាល់​ថា សហគមន៍​ដែល​ផ្ដោត​លើ​ចិន​នេះ​មាន​លក្ខណៈ «ទូលំទូលាយ» ប៉ុន្តែ​ខ្វះ​ភាព​ជាក់លាក់ ដូច្នេះ​ការ​ចូលរួម​របស់​វៀតណាម​គឺ «មានតែ​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ​ដោយ​ខ្វះ​ខ្លឹមសារ»។

លោក​ថ្លែង​ថា៖ «ការ​ចូលរួម​របស់​វៀតណាម​ក្នុង​សហគមន៍​នេះ​មិន​មែន​មាន​ន័យ​ថា​វៀតណាម​ធ្លាក់​ចូល​ទៅ​ក្នុង​រណប​របស់​ចិន ឬ​ក៏​វៀតណាម​ប្រកាន់​យក​តាម​ទម្រង់​របស់​ចិន​នៃ​របៀប​រៀបរយ​ពិភពលោក​នោះ​ទេ»។

លោក Poling បាន​កត់​សម្គាល់​ថា ទោះបីជា​ភាគី​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ខ្លឹមសារ​មិន​ច្បាស់លាស់​រាប់​សិប​ឯកសារ​ក៏ដោយ ក៏​វៀតណាម​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រហែល ១០ បូករួម​ទាំង​កិច្ច​ព្រមព្រៀង​មួយ​ស្ដីពី​ធនធាន​រ៉ែ​ដ៏​សំខាន់​ដែល​លោក Xi បាន​ព្យាយាម​បញ្ចុះបញ្ចូល​ដោយ​ផ្ទាល់​ផង​ដែរ។

លោក Poling បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ដូច្នេះ​ថា៖ «មិន​ថា​ក្នុង​ករណី​ណា​នោះ​ទេ វា​គ្មាន​ន័យ​ផ្នែក​ការទូត​សម្រាប់​វៀតណាម​ឡើយ ដោយ​ចិន​នៅតែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​វៀតណាម​ដូច​ទៅ​នឹង​សហរដ្ឋ​អាមេរិក កូរ៉េ [ខាងត្បូង] និង​ជប៉ុន​ដូច្នេះ​ដែរ»។

អ្នក​ជំនាញ​ទាំង​ពីរ​បាន​ចង្អុល​បង្ហាញ​ថា សូម្បីតែ​ឈ្មោះ «សហគមន៍​អនាគត​រួម» ក៏​ត្រូវ​បាន​បន្ទាប​ទៅ​តាម​ការ​ទទូច​ទាមទារ​របស់​វៀតណាម​ផង​ដែរ ដោយ​បន្ទាប​ពី​ឈ្មោះ «សហគមន៍​ជោគ​វាសនា​រួម» ដែល​ចិន​បាន​ស្នើ​ឡើង។

រូបឯកសារ៖ ទំនិញត្រូវបានដឹកជញ្ជូន​តាម​នាវា​នៅ​កំពង់ផែ​អន្តរជាតិ​មួយ​នៅខេត្ត Hai Phong ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

ការ​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក​ផ្នែក​សេដ្ឋកិច្ច

លោក Zachary Abuza សាស្ត្រាចារ្យ​ផ្នែក​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​នៃ​មហាវិទ្យាល័យ​ជាតិ​សង្គ្រាម (National War College) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ផ្នែក​ភាសា​វៀតណាម​តាម​អ៊ីមែល​ថា ការ​ពឹងពាក់​គ្នា​ទៅវិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច​គឺជា​ចំណុច​លេច​ធ្លោ​នៃ​សហគមន៍​នេះ។ លោក​បាន​កត់​សម្គាល់​ថា ចិន​និង​វៀតណាម «មាន​ការ​ពឹងពាក់​គ្នា​យ៉ាង​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច»។

លោក​ថ្លែង​ថា៖ «ភាគ​ខាង​ជើង​នៃ​ប្រទេស​វៀតណាម​គឺជា​ផ្នែក​មួយ​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ វៀតណាម​មាន​ឱនភាព​ពាណិជ្ជកម្ម​រ៉ាំរ៉ៃ​ដ៏​ធំ​ជាមួយ​ចិន​ដោយសារ​តែ​ភាគ​ច្រើន​នៃ​ការ​នាំចេញ​របស់​វៀតណាម​គឺ​ពឹង​លើ​គ្រៀង​បង្គុំ​ផលិត​នៅ​ប្រទេស​ចិន»។

លោក​បាន​បន្ថែម​ថា «វៀតណាម​ពិតជា​មាន​ការ​ព្រួយ​បារម្ភ» អំពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​កំណើន​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ចិន​និង​ការ​ធ្លាក់ចុះ​នៃ​ការ​នាំចេញ​របស់​ខ្លួន។

លោក Abuza បាន​ហៅ​ការ​ចង់​បាន​របស់​ចិន​នូវ​រ៉ែ​កម្រ​របស់​វៀតណាម​ថា​ជា​រឿង «គ្រោះថ្នាក់» មួយ ដោយ​ហេតុ​ថា​ឥឡូវ​នេះ​ចិន​ស្ទើរតែ​មាន​ភាព​ផ្ដាច់​មុខ​រួច​ទៅ​ហើយ​លើ​ការ​ចម្រាញ់​រ៉ែ​កម្រ​នេះ។

លោក Nguyen Khac Giang បាន​ថ្លែង​ថា វៀតណាម «បាន​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ជាមួយ​ចិន​មាន​ស្ថិរភាព» ហើយ​ថា​វៀតណាម​កំពុង «ត្រូវការ​ទុន​យ៉ាង​ច្រើន​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដូចជា​ការ​ងាក​ទៅ​រក​ថាមពល​ដែល​ល្អ​ចំពោះ​បរិស្ថាន​ផង​ដែរ»។

«មិន​អាច​ទុកចិត្ត​ចិន»

ការ​សម្រេច​ចិត្ត​របស់​វៀតណាម​ក្នុង​ការ​ចូលរួម​ក្នុង​សហគមន៍​អនាគត​រួម​ជាមួយ​នឹង​ចិន​នេះ «នឹង​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​សាធារណជន​វៀតណាម​នោះ​ទេ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Nguyen Huu Vinh អតីត​មន្ត្រី​ផ្នែក​សន្តិសុខ​ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​សកម្មជន​នយោបាយ ដែល​បាន​ថ្លែង​ប្រាប់ VOA ផ្នែក​ភាសា​វៀតណាម​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ហាណូយ។

លោក​បាន​និយាយ​ថា មាន «ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​អ្វី​ដែល​ចិន​បាន​និយាយ​និង​អ្វី​ដែល​ចិន​បាន​ធ្វើ»។

លោក Huu Vinh បាន​បន្ថែម​ថា «អ្វីៗ​ទាំង​អស់​ដែល​ចិន​បាន​និយាយ​គឺ​អស្ចារ្យ​ណាស់ ប៉ុន្តែ​គឺ​គ្រាន់តែ​ជា​ពាក្យ​ទទេរ​តែ​ប៉ុណ្ណោះ»។ ជាង​នេះ​ទៀត លោក​បាន​រំឭក​ថា ខ្សែ​ទំនាក់ទំនង​បន្ទាន់​ថ្មី​ផ្នែក​នេសាទ «នឹង​មាន​ប្រយោជន៍​តិចតួច​ប៉ុណ្ណោះ»។

លោក Poling បាន​និយាយ​ថា ការ​ចូលរួម​របស់​វៀតណាម​នៅ​ក្នុង​សហគមន៍​នេះ​នឹង​ជួយ​កាត់​បន្ថយ​បាន​តិចតួច​នូវ​ភាព​តានតឹង​រវាង​ចិន​និង​វៀតណាម​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Abuza បាន​ហៅ​សហគមន៍​នេះ​ថា​គ្មាន​ន័យ​អ្វី​ទាំងអស់​នៅ​ពេល​និយាយ​ដល់​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ដោយសារ​តែ «ការ​ទាមទារ​ដែន​សមុទ្រ​ភាគ​ច្រើន​បំផុត​របស់​ចិន​រំលោភ​លើ​អធិបតេយ្យភាព​របស់​វៀតណាម​និង​ប្រទេស​ផ្សេង​ទៀត​ដែល​ទាមទារ​ដែន​សមុទ្រ​នេះ​ដែរ»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «វៀតណាម​គួរតែ​ប្រយ័ត្ន​ប្រយែង​ឱ្យ​បាន​ខ្លាំង​នៅ​ពេល​យល់ព្រម​ចូលរួម​ក្នុង​សហគមន៍​នេះ ឬ​ក៏​គាំទ្រ​សំណើ​របស់​ចិន​ដែល​មាន​ចេតនា​ប្រើ​ពាក្យពេចន៍​មិន​ច្បាស់​សម្រាប់​របៀប​រៀបរយ​ពិភពលោក។ ផ្ទុយ​ទៅវិញ វៀតណាម​គួរតែ​ផ្ដល់​ការ​គាំទ្រ​ដល់​របៀប​រៀបរយ​ពិភពលោក​ដែល​ផ្អែក​លើ​ច្បាប់​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​នៃ​ឥរិយាបថ​ដែល​អាច​ទទួល​យក​បាន»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង