សមាជិកសភាអាមេរិកខាងគណបក្សសាធារណរដ្ឋមួយចំនួនតូច ក៏ប៉ុន្តែកាន់តែកើនឡើងកំពុងផ្តល់សញ្ញាពីការគាំទ្រការប្តឹងចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ចេញពីតំណែង បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានវាយសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីព្យាយាមបញ្ឈប់ការចាញ់ឆ្នោតរបស់លោក ដោយព្រឹត្តិការណ៍នេះបានបន្សល់ទុកមនុស្ស ៥ នាក់ស្លាប់។
លោកស្រីតំណាងរាស្ត្រ Liz Cheney នៃរដ្ឋ Wyoming ជាសមាជិកនៃក្រុមមេដឹកនាំរដ្ឋសភារបស់គណបក្សសាធារណរដ្ឋ បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកស្រី នឹងបោះឆ្នោតប្តឹងទម្លាក់លោកប្រធានាធិបតី Trump ចេញពីតំណែងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយរបស់លោកជាប្រធានាធិបតី។
លោកស្រី Cheney បានថ្លែងថា៖ «មិនដែលមានការក្បត់ដោយប្រធានាធិបតី ចំពោះតំណែងនិងការស្បថចំពោះរដ្ឋធម្មនុញ្ញជាងនេះទេ»។
កាលពីថ្ងៃអង្គារដែរ តំណាងរាស្ត្ររដ្ឋញូវយ៉កលោក John Katko និងតំណាងរាស្ត្ររដ្ឋ Illinois លោក Adam Kinzinger ខាងគណបក្សសាធារណរដ្ឋទាំង២រូប បាននិយាយថា ពួកគេក៏នឹងបោះឆ្នោតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង។
ខណៈដែលពួកគណបក្សសាធារណរដ្ឋ បានបោះឆ្នោតប្រឆាំងនឹងការប្តឹងចោទប្រកាន់ទម្លាក់លោក Trump ចេញពីតំណែងកាលពីឆ្នាំទៅចំពោះការដាក់គំនាបឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ដែលឥឡូវនេះជាប្រធានាធិបតីជាប់ឆ្នោតពួកមេដឹកនាំខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋសភា កំពុងបង្ហាញថា ពួកគេមិនមានបំណងដាក់ការគាបសង្កត់ឲ្យសមាជិករបស់ខ្លួនបោះឆ្នោត ប្រឆាំងនឹងការប្តឹងទម្លាក់ប្រធានាធិបតីនៅពេលនេះទេ។
មកទល់ពេលនេះ សមាជិករដ្ឋសភាទាំងអស់ចំនួន ២១៨ នាក់ ខាងគណបក្សប្រជាធិបតេយ្យ បានចុះហត្ថលេខាលើសេចក្តីសម្រេចប្តឹងចោទប្រកាន់ប្រធានាធិបតីទម្លាក់ចេញពីតំណែងធ្វើឲ្យប្រាកដថា សំឡេងភាគច្រើននៅក្នុងរដ្ឋសភាដែលមានសមាជិក ៤៣៥ រូបនេះ ទោះមានឬគ្មានសំឡេងគាំទ្រណាមួយរបស់គណបក្សសាធារណរដ្ឋប្រឆាំងនឹងប្រធានាធិបតីចេញពីតំណែងខាងគណបក្សសាធារណរដ្ឋនេះក្តី។
ដោយឡែក លោក Trump បានលើកឡើងកាលពីថ្ងៃអង្គារថា ការចោទប្រកាន់ដើម្បីទម្លាក់លោកចេញពីតំណែងរបស់រដ្ឋសភា នឹងបណ្តាលឲ្យមាន «កំហឹងខ្លាំងក្លា» ប៉ុន្តែលោកបានបញ្ជាក់ថា លោក «មិនចង់បានអំពើហិង្សា» នោះទេ៕