លោក Khalil al-Hayya ដែលជាមន្ត្រីកំពូលម្នាក់នៃក្រុមហាម៉ាស់ (Hamas) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ក្រុមហាម៉ាស់មានឆន្ទៈក្នុងការយល់ព្រមជាមួយនឹងបទឈប់បាញ់រយៈពេល ៥ ឆ្នាំជាមួយអ៊ីស្រាអែល និងថាខ្លួននឹងទម្លាក់អាវុធចុះនិងប្ដូរទៅជាគណបក្សនយោបាយ ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យត្រូវបានបង្កើតឡើងនៅតាមបណ្ដោយព្រំដែនមុនឆ្នាំ ១៩៦៧។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Al-Hayya បានលើកឡើងដូច្នេះកាលពីថ្ងៃពុធនៅចំពេលដែលមានការជាប់គាំងរាប់ខែនៃការចរចាអំពីបទឈប់បាញ់។ ប៉ុន្តែ វាទំនងដូចជាប្រទេសអ៊ីស្រាអែលនឹងមិនពិចារណាអំពីសេណារីយ៉ូនេះទេ។ អ៊ីស្រាអែលបានសន្យាថានឹងកម្ទេចក្រុមហាម៉ាស់ បន្ទាប់ពីក្រុមនេះបានវាយប្រហារលើខ្លួនកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនដែលបង្កឱ្យមានសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា (Gaza) ហើយរដ្ឋាភិបាលបច្ចុប្បន្នរបស់ខ្លួនបានប្រឆាំងដោយមានៈចំពោះដំណោះស្រាយរដ្ឋពីរទាក់ទិននឹងជម្លោះជាមួយនឹងប៉ាឡេស្ទីននេះ។
លោក Al-Hayya ដែលតំណាងឱ្យក្រុមហាម៉ាស់នៅក្នុងការចរចាអំពីបទឈប់បាញ់និងកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង បានថ្លែងដូច្នេះនៅក្នុងទីក្រុង Istanbul នៃប្រទេសតួកគី។
មន្ត្រីមន្ទីរពេទ្យប៉ាឡេស្ទីនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សាបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់។
ប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលក្នុងចំណោមប្រជាជនសរុបចំនួន ២ លាន ៣ សែននាក់ បានជ្រកកោននៅក្នុងទីក្រុង Rafah ដែលនៅទីនោះអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ស្ទើររាល់ថ្ងៃ នៅពេលដែលខ្លួនត្រៀមលុកលុយចូលក្នុងទីក្រុងនេះ។ នៅភាគកណ្ដាលតំបន់ហ្កាហ្សា មនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងរបស់រថក្រោះអ៊ីស្រាអែល៕