ពួកអ្នកចរចាដែលដឹកនាំដោយក្រុមហាម៉ាស់កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យសហ រដ្ឋអាមេរិកគាបសង្កត់លើអ៊ីស្រាអែលដើម្បីឱ្យមានការឈប់បាញ់គ្នាដោយបានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពីការរារាំងការឈប់បាញ់គ្នានៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Khalil al-Hayya ដែលមានទីតាំងនៅប្រទេសកាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូថា«ប្រសិនបើរដ្ឋបាលសហរដ្ឋអាមេរិកនិងលោកប្រធានាធិបតី Joe Biden ប្រាកដជាចង់ធ្វើឱ្យសម្រេចនូវការឈប់បាញ់គ្នាមួយនិងកិច្ចព្រមព្រៀងដោះដូរអ្នកទោស ពួកគេត្រូវតែបោះបង់ចោលនូវការលម្អៀងដ៏ងងឹតងងល់របស់ខ្លួនចំពោះការត្រួតត្រារបស់ពួកស្យូនីសនិងដាក់ការគាបសង្កត់ពិតប្រាកដលើលោក Netanyahu និងរដ្ឋាភិបាលរបស់លោក»។
ការចរចាចុះឡើងជាច្រើនខែដែលត្រូវបានសម្របសម្រួលដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដូហានិងក្រុងគែរ៍រហូតមកទល់ពេលនេះបានខកខានមិនធ្វើឱ្យមានការបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្កាហ្សានិងជួយឱ្យមានការដោះលែងចំណាប់ខ្មាំងនិងដោះដូរពួកអ្នកទោសទេ។
ក្រុមហាម៉ាស់និងអ៊ីស្រាអែលបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចរចាដែលបានជាប់គាំងនៅពេលដែលការដាក់សម្ពាធឱ្យមានកិច្ចព្រមព្រៀងនោះរីកកាន់តែធំឡើងបន្ទាប់ពីពួកអាជ្ញាធរអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យថាការស្លាប់របស់ចំណាប់ខ្មាំង៦នាក់ដែលសាកសពរបស់ពួកគេបានត្រូវគេទាញចេញពីរូងក្រោមដីនៅហ្កាហ្សា។
លោក Netanyahuបាននិយាយថាក្រុមសកម្មប្រយុទ្ធបាន«ច្រានចោលអ្វីៗទាំងអស់»នៅក្នុងការចរចាដោយប្រយោល ដោយលោកនិយាយកាលពីថ្ងៃពុធថាអ៊ីស្រាអែលបាន«ព្យាយាមស្វែងរកចំណុចខ្លះដើម្បីចាប់ផ្តើមការចរចា»។
លោកបានបន្ថែមទៀតថា«ពួកហាម៉ាស់បដិសេធមិនធ្វើដូច្នេះដែលពួកគេនិយាយថាមិនមានអ្វីធ្វើការចរចា»៕