ពិធី​បុណ្យ​ហាជ្ជី​នៅ​អារ៉ាប៊ីសាអ៊ូឌីត​​ចាប់​ផ្តើម​ដោយ​មាន​ភាព​​តឹងតែង​មិន​ធ្លាប់​មាន​​​ដោយ​សារ​កូវីដ១៩

អ្នក​ចូល​រួម​ក្នុង​​ពិធី​បុណ្យ​ហាជ្ជី​ប្រចាំ​ឆ្នាំ​ដ៏​ជា​ទី​សក្ការៈ​បំផុត​របស់​សាសនា​ឥស្លាម​​ តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​កូវីដ១៩​ នៅ​ក្នុង​ទី​ក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២០។

ពិធី​បុណ្យ​ហាជ្ជី​ប្រចាំ​ឆ្នាំ​ដ៏​ជា​ទី​សក្ការៈ​បំផុត​របស់​សាសនា​ឥស្លាម​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង Mecca ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ព្រឹត្តិការណ៍​នៅ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​គេ​បន្ថយ​មក​ប្រារព្ធ​ជា​ទ្រង់ទ្រាយ​តូច​ខ្លាំង​ដោយ​សារ​វិបត្តិ​រាតត្បាត​ជំងឺ​កូវីដ១៩។

ខុស​ពី​រាល់​ឆ្នាំ​ដែល​មាន​អ្នក​ចូល​រួម​ជាង​២​លាន​នាក់ នៅ​ក្នុង​ពិធី​បុណ្យឆ្នាំ​នេះ អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ហាម​អ្នក​ចូល​រួម​ពី​បរទេស​ទាំង​អស់​ហើយ​កម្រិត​ចំនួន​អ្នក​ចូលរួម​ក្នុង​ស្រុក​តែ​ចំនួន​ប្រហែល​១.០០០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជ្រើស​រើស​ជាមុន​តាំង​ពី​ច្រើន​សប្តាហ៍​មក​ហើយ។

ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​រវាង​ពី​អាយុ​២០​ទៅ​៥០​ឆ្នាំដែល​ចូល​រួម​ក្នុង​ពិធី​ហាជ្ជី​នេះ ត្រូវ​គេ​ធ្វើ​តេស្ត​កូវីដ១៩​មិន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Mecca ដែល​នៅ​ទី​នោះ​ពួក​គេ​ត្រូវ​គេ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​មុន​ពេល​អាច​ចូល​រួម​បុណ្យ​សក្ការៈ​នេះ​បាន ហើយ​ក៏​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ម្តង​ទៀត​ក្រោយ​ពី​ពិធី​បុណ្យ​នេះ​ចប់។​

មក​ទល់​នឹង​ពេល​នេះ អារ៉ាប៊ីសាអ៊ូឌីត​មាន​អ្នក​ឆ្លង​កូវីដ១៩​សរុបជាង​២៧០.០០០​នាក់ និង​អ្នក​ស្លាប់​ជិត​២.៨០០​នាក់។

នៅ​ជុំវិញ​ពិភពលោកត្រឹម​ថ្ងៃ​ពុធ​ជំងឺ​កូវីដ១៩​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១៦,៧​លាន​នាក់និង​អ្នក​ស្លាប់​សរុប ៦៦១.០០០​នាក់៕