នៅតាមផ្លូវនានានៅក្នុងរដ្ឋធានីព័រអូប្រាំងប្រទេសហៃទី ជាទូទៅគ្មានមនុស្សទេកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍បន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise នៅឯគេហដ្ឋានឯកជនរបស់គាត់កាលពីព្រឹកព្រលឹមថ្ងៃពុធ។
អាជីវកម្មបានបិទទ្វារប្រជាពលរដ្ឋភាគច្រើននៅក្នុងផ្ទះហើយរថយន្តប៉ូលិសប្រដាប់ដោយអាវុធនៅតាមផ្លូវសំខាន់ៗ។ឆ្មាំការពារប្រដាប់អាវុធបានឈរយាមនៅកន្លែងសំខាន់ៗនៅក្នុងរដ្ឋធានីនេះ។ភាពប្រុងប្រយ័ត្នបានត្រូវប្រកាសដោយលោក Claude Joseph នាយករដ្ឋមន្ត្រីបណ្តោះអាសន្នដែលបាននិយាយថាគាត់ដឹកនាំប្រទេសនេះ។
VOA ភាសា Creole បានទទួលចម្លើយចម្រុះពេលសួរពលរដ្ឋនៅតាមផ្លូវនានាអំពីការសម្លាប់លោកប្រធានាធិបតី។
អ្នកស្រុកម្នាក់នៅក្នុងសង្កាត់Pelerinជាសង្កាត់អ្នកមានហើយដែលលោកប្រធានាធិបតីរស់នៅស្ថិតនៅជាយរដ្ឋធានីបាននិយាយថា អ្នកស្រីបានឮស្នូរកាំភ្លើងក៏ប៉ុន្តែមិនដឹងច្បាស់ថា មានរឿងអ្វីទេ នៅពេលនោះ។អ្នកស្រីបានប្រាប់ VOA ភាសា Creole ថាការផ្ទុះអាវុធមានរយៈពេលប្រហែលមួយម៉ោង។
ស្ត្រីដែលសុំមិនបញ្ចេញឈ្មោះនេះបាននិយាយថា៖«យើងជាជនរងគ្រោះនៃអសន្តិសុខរបស់យើង។យើងសង្ឃឹមថា រឿងបែបនេះមិនកើតឡើងទៀតទេ ក៏ប៉ុន្តែសង្ឃឹមថាលោកប្រធានាធិបតីថ្មីនឹងធ្វើកិច្ចការប្រសើរជាងដើម្បីកុំឲ្យមានរឿងបែបនេះទៀត»។
បុរសម្នាក់អាយុខ្ទង់២០ឆ្នាំប្លាយដែលនិយាយជាមួយ VOA ភាសា Creole នៅជិតកណ្តាលរដ្ឋធានីបាននិយាយថា គាត់មានការព្រួយបារម្ភថាការសម្លាប់នេះធ្វើឲ្យខូចកិត្យានុភាពរបស់ប្រទេសហៃទីនៅបរទេស។
គាត់បានប្រាប់ VOA ថា៖ «ខ្ញុំគិតថាការសម្លាប់នេះបង្ហាញរូបភាពមិនល្អរបស់ប្រទេសនេះ»។
បុរសនោះបាននិយាយទៀតថា៖ «លោក Jovenel គួរត្រូវបានគេនាំទៅកាន់តុលាការដើម្បីពន្យល់អំពីសកម្មភាពរបស់គាត់។ខ្ញុំស្តីបន្ទោសគាត់ចំពោះនិទណ្ឌភាពដែលមាននៅពេលបច្ចុប្បន្ននេះនិងការបណ្តោយឲ្យក្មេងៗមានកាំភ្លើង។ក្នុងសុន្ទរកថាគាត់ប្រដូចខ្លួនគាត់ទៅនឹងឆ្អឹងត្រីជាប់បំពង់កប្រជាពលរដ្ឋហៃទី។ ខ្ញុំចង់សុំឲ្យគាត់ពន្យល់ថាតើគាត់ចង់និយាយថាម្តេច។ ពលរដ្ឋចាំបាច់រួបរួមគ្នានៅពេលឥឡូវនេះហើយគ្រប់គ្រងរដ្ឋាភិបាលនិងជ្រើសរើសមេដឹកនាំម្នាក់ដែលអាចជាតំណាងយ៉ាងល្អរបស់យើងទាំងអស់គ្នាដើម្បីធ្វើឲ្យកិត្យានុភាពរបស់យើងប្រសើរឡើងនិងឆ្ពោះទៅមុខ»។
បុរសម្នាក់ទៀតអាយុខ្ទង់៣០ឆ្នាំប្លាយដែលបានប្រាប់ VOA ភាសា Creoleនៅជិតវិមានជាតិហើយដែលមិនចង់ប្រាប់ឈ្មោះរបស់ខ្លួនដែរនោះបាននិយាយថា៖ «វាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ដោយបានឮថាលោកប្រធានាធិបតី Jovenel Moise បានស្លាប់របៀបនេះ។ខ្ញុំមិនចង់បានបែបនេះទេ។ ខ្ញុំចង់ឲ្យគាត់ជាប់ពន្ធនាគារចំពោះអំពើអាក្រក់ទាំងអស់ដែលគាត់បានធ្វើខណៈពេលកាន់អំណាចហើយនឹងពន្យល់អំពីថវិការបស់ក្រុមហ៊ុនPetroCaribeការសម្លាប់រង្គាលនៅBel Air និងLa Saline។ខ្ញុំមិនចង់ឱ្យគាត់ស្លាប់ទេ»។
PetroCaribe ជារឿងអាស្រូវពុករលួយដែលជាប់ទាក់ទិននឹងប្រាក់ចំណេញពីការលក់ប្រេងបញ្ចុះតម្លៃរបស់ប្រទេសវ៉េណេស៊ុយអេឡាទៅឲ្យប្រទេសហៃទីហើយថវិកានោះត្រូវប្រើប្រាស់សម្រាប់គម្រោងសង្គមការសិក្សាអប់រំនិងហេដ្ឋារចនាសម្ព័ន្ធ។ប្រាក់ភាគច្រើនត្រូវគេសង្ស័យថាយកទៅចាយមិនត្រឹមត្រូវហើយការខំប្រឹងប្រែងកាត់ទោសអ្នកទទួលខុសត្រូវរហូតមកទល់ពេលនេះបានទទួលបរាជ័យ។
លោក Moise បានត្រូវស្តីបន្ទោសដោយពលរដ្ឋហៃទីខ្លះនិងមន្ត្រីសហរដ្ឋអាមេរិករួមមានអ្នកស្រីMaxine Waters សមាជិករដ្ឋសភាស.រ.អា.និងអ្នកស្រីឯកអគ្គរដ្ឋទូត Michele Sison ចំពោះការមិនកាត់ទោសអ្នកទទួលខុសត្រូវចំពោះការសម្លាប់មនុស្សដ៏ច្រើននៅតំបន់ជនក្រីក្រនៅ Bel Air និងLa Saline ។ ពួកជនពន្ធពាលដែលមានចំណងទាក់ទងជាមួយលោកប្រធានាធិបតីបានត្រូវគេស្តីបន្ទោសចំពោះឃាតកម្មទាំងនេះ។
បុរសម្នាក់ទៀតអាយុខ្ទង់២០ឆ្នាំប្លាយដែលបានប្រាប់ VOA ភាសា Creole នៅក្នុងសង្កាត់កណ្តាលទីក្រុងដែរនោះ បានសម្តែងការសោកស្តាយអំពោះឃាតកម្មលោកMoise នេះ។
លោកបានប្រាប់ VOA ថា៖ «វាធ្វើឲ្យខ្ញុំឈឺចាប់នៅពេលដែលឮថា លោកប្រធានាធិបតី Jovenel Moise ត្រូវបានគេធ្វើឃាត។ការស្លាប់របស់លោកនៅថ្ងៃនេះមិនបានធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ល្អទាល់តែសោះ។យើងចង់ឲ្យមានរដ្ឋាភិបាលពិតប្រាកដមួយដឹកនាំយើងទាំងអស់គ្នា។ នៅពេលឥឡូវនេះ យើងទាំងអស់គ្នាអាចនិយាយថាសូមឲ្យលោកប្រធានាធិបតីទៅកាន់សុគតិភពចុះ»។
បុរសម្នាក់ដែលថាខ្លួនគាត់ជាអ្នកគាំទ្រលោក Moise បាននិយាយថា គាត់គិតថាការសម្លាប់នេះបណ្តាលមកពីហេតុផលនយោបាយ។
បុរសនេះដែលមិនបានប្រាប់ឈ្មោះខ្លួនឯងបាននិយាយថា៖«ខ្ញុំជឿជាក់លើលោកប្រធានាធិបតី Jovenel Moise។ ខ្ញុំជឿថា គាត់ត្រូវបានគេធ្វើឃាតនៅថ្ងៃនេះពីព្រោះតែបញ្ហានយោបាយ។ លោក Moiseជាពលរដ្ឋហៃទីដែលបានប្រយុទ្ធប្រឆាំងជនអនាធិបតេយ្យនិងមនុស្សលោភលន់។ ខ្ញុំស្តីបន្ទោសពួកជនអនាធិបតេយ្យទាំងនោះចំពោះការធ្វើឃាតគាត់។នេះជាអំពើសាហាវយង់ឃ្នង»៕
ប្រែសម្រួលដោយជឹង ប៉ូជីន