ប៉ូលិស​ហៃទី​បន្ត​ស្វែងរក​​ក្រុម​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ធ្វើ​ឃាត​លោក​ប្រធានាធិបតី Moise

នាយករដ្ឋមន្ត្រី​ស្ដីទី លោក Claude Joseph ធ្វើ​សន្និសីទ​កាសែត​ ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍ បន្ទាប់​ពី​លោក​ប្រធានាធិបតី Moise ត្រូវ​បាន​គេ​ធ្វើ​ឃាត ទីក្រុងព័រអូប្រាំង ប្រទេស​ហៃទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

បញ្ជី​ឈ្មោះ​ជន​សង្ស័យក្នុង​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទីលោក Jovenel Moïse កាល​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា​នោះ បន្តកើន​ឡើង។

ពួក​អាជ្ញាធរ​ហៃទី​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ថ្មី​ចំនួន​៣​ទៀត​កាលពី​ថ្ងៃ​អង្គារ​លើ​ជន​សង្ស័យ​ដែល​មាន​ឈ្មោះ Joseph Felix Badio ឈ្មោះ Rodolf Jaar និង​ឈ្មោះ John Joel Joseph ពី​បទធ្វើឃាត​កម្ម​ ការប៉ុនប៉ង​ធ្វើ​ឃាត​និង​ការ​លួចចូល​ក្នុង​លំនៅដ្ឋាន​ដោយ​មាន​អាវុធ។ ប៉ូលិស​បាន​ពណ៌នាជន​សង្ស័យ​ទាំង​បី​រូប​នេះ​ថា ជា​បុគ្គល​ដែល​មាន​អាវុធ​និង​ប្រកប​ដោយ គ្រោះ​ថ្នាក់។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​បង្ហាញ​ថា ជន​សង្ស័យ​ឈ្មោះ Joseph ជា​អតីត​សមាជិក​ព្រឹទ្ធសភា​ហៃទី​ដែល​ប្រឆាំង​គណបក្ស Tet Kale របស់​ប្រធានាធិបតី Moïse ដែល​ត្រូវ​បាន​ធ្វើ​ឃាត​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ជន​សង្ស័យ​៣​រូបនោះ​ស្ថិត​ក្នុង​ចំណោមមនុស្ស៥​រូប​ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

ប្រធាន​ប៉ូលិស​លោក Leon Charles និយាយ​ថា ប៉ូលិស​ហៃទី​បាន​ចាប់​ជន​សង្ស័យ​ជា​ជនជាតិ​កូឡុំប៊ី​ ចំនួន​១៨​នាក់​និង​ជន​ជាតិ​ហៃទី​ចំនួន​៣នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការវាយ​ប្រហារ​នោះ ​ដែល​ក្នុង​នោះ​រួម មាន​បុរស​ម្នាក់​អាយុ៦៣​ឈ្មោះ Christian Emmanuel Sanon ដែល​បាន​កើត​នៅ​ក្នុង​ប្រទេស​ហៃទី​ តែ​រស់​នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក។ ប៉ូលិស​ហៃទី​ជឿ​ថា ជន​សង្ស័យ​រូប​នេះ​ជា​មេខ្លោង​ធំ​បំផុត​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការរៀបចំ​ផែនការ​ធ្វើ​ឃាតលោក Moïse នេះ។ ប្រធាន​ប៉ូលិស​ហៃទី​លោក​ Charles បាន​និយាយ​ទៀត​ថា មេខ្លោង​រូប​នេះ​ បាន​ជិះ​យន្តហោះ​ឯកជន​មួយ​មក​កាន់​ប្រទេស​ហៃទីកាល​ពី​ដើម​ខែ​មិថុនា​ជា​មួយ​នឹង​គូកន​មួយ​ចំនួន​ដែល​ជា​ជន​ជាតិ​កូឡុំប៊ី។

មន្ត្រី​អាមេរិក​មួយ​រូបនៃ​ទីភ្នាក់ងារ​ប្រឆាំងគ្រឿង​ញៀន​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA តាម​សារ​អ៊ីមែល​ថា ជន​សង្ស័យ​មួយ​រូប​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ដែរ​នោះ​ ជា​ប្រភព​អ្នក​ផ្តល់​ការសម្ងាត់​ឲ្យ​ទីភ្នាក់ងារ​ខ្លួន។ ប៉ុន្តែ​មន្ត្រី​នេះ​មិន​បានបង្ហាញ​អត្តសញ្ញាណ​ជន​សង្ស័យ​នោះ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជូន​គណៈប្រតិភូ​ពិសេស​អាមេរិក​មួយ​ទៅ​កាន់​ប្រទេស​ហៃទី​ដើម្បី​ជួយ​ក្នុង​ការ​ស៊ើប​អង្កេត​អំពីរឿង​នេះ៕