បាក់តេរី​​ក្នុង​ពោះវៀន​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​មហារីក​កាន់​តែ​មាន​ប្រសិទ្ធ​ភាព

  • Jessica Berman

រូបភាពឯកសារ ៖​ គិលានុបដ្ឋាយិកា​ម្នាក់​កំពុង​ផ្តល់​ថ្នាំ​សារធាតុ​គីមី​តាម​សរសៃ​នៅ​មជ្ឈមណ្ឌល​ ជំងឺ​មហារីក​ Fox Chase នៅ ទីក្រុង​Philadelphia.

បាត់តេរី​ក្នុង​ពោះវៀន​​ប្រហែល​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​ព្យា​បាល​ជំងឺ​មហារីក​មួយ​ចំនួន ​នៅ​ថៃ្ង​ណា​មួយ។ ​នៅ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ចូល​មីក្រុប​ជាក់​លាក់​មួយ​ចំនួន​ចូល​ទៅ​ក្នុង​ខ្លួន​កណ្តុរ​ជា​ច្រើន​ដែល​មាន​ជំងឺ​មហារីក​ស្បែក​ធ្ងន់ធ្ងរ​ ពួក​គេ​បាន​រក​ឃើញ​មីក្រុប​ម្យ៉ាង​ដែល​​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ថ្នាំ​គីមី។​

មាន​មីក្រុប​តូចៗដែល​មាន​កោសិកា​តែ​មួយ​ ចំនួន​រាប់​រយ​លាន​លាន (ទ្រីលាន) ក្នុង​ពោះវៀន​របស់​អ្នក​ គឺ​ប្រហែល​ច្រើន​ជាង​ចំនួន​កោ​សិកា​ក្នុង​រាងកាយ​ទាំង​មូល​របស់​អ្នក​រហូត​ដល់​ទៅ​១០​ដង។

ភាគ​ច្រើន​នៃ​មីក្រុប​ទាំង​នោះ​មាន​អត្ថប្រយោជន៏​សម្រាប់​យើង​ខ្លះៗ​ដែរ។ ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​វិទ្យាសាស្រ្ត​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​ផ្តោត​ទៅ​លើ​ការ​វិភាគ​រក​ឲ្យ​ឃើញ​ថា​ តើ​ពពួក​មីក្រុប ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ microbiota ​ទាំង​នេះ​អាច​ធ្វើ​អ្វី​បាន​ខ្លះ។

ការ​សិក្សា​ថ្មី​បំផុត​ ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យា​សាស្រ្ត​លើក​ឡើង​ថា មីក្រុប​មួយ​ចំនូន​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន។

ក្នុង​ការ​សិក្សា​ជាច្រើន​លើ​សត្វ​កណ្តុរ​ លោក​ Tom Guyjewsky ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក​ដុំ​សាច់​ និងសហការី​នៅ​ឯ​សាកល​វិទ្យាល័យ​ Chicago បាន​រក​ឃើញ​ថា​ មីក្រុប​ក្នុង​ពោះវៀន​របស់​សត្វ​កណ្តុរ​មួយ​ប្រភេទ​បាន​បង្កើត​ការ​ឆ្លើយ​តប​ដោយ​បង្កើត​ភាពស៊ាំ​ខ្លាំង​មួយ​ ប្រឆាំង​នឹង​ជំងឺ​មហារីក​ស្បែក​ ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ។

នៅ​ពេល​ដែល​សត្វ​កណ្តុរ​ទាំង​នោះ​ត្រូវ​បាន​ព្យា​បាល​ជំងឺ​ដោយ​ប្រើ​ថ្នាំ​គីមី​ PD L-1​ ដុំសាច់​របស់​ពួក​វា​បាន​រួម​តូច​គួរ​ឲ្យ​កត់​សម្គាល់​ហើយ​ស្ទើរ​តែ​បាត់​អស់​តែ​ម្តង។​

លោក​ Guyjewsky ​និ​យាយ​ថា៖ «ឥលូវ​នេះ​ យើង​មាន​អ្នក​ជំងឺ​ដែល​ដុំ​សាច់​របស់​ពួកគាត់​ត្រូវ​បាន​បំបាត់​ទាំង​ស្រុង​ មិន​តែ​ប៉ុណ្ណោះ អ្នក​ដឹង​ទេ​ថា​ ពួក​គេ​អាច​នឹង​មាន​ស្ថេរភាព​បែប​នេះ​បាន​ច្រើន​ឆ្នាំ​ទៀត។ ហើយ​នេះ​គ្រាន់​តែ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន​តូចប៉ុណ្ណោះ។​ បើ​យើង​អាច​រក​ឃើញ​គន្លឹះ​ដើម្បី​ជំរុញ​ការ​ឆ្លើយតប​របស់​ភាព​ស៊ាំ​នោះ​ យើង​ប្រហែល​ជា​អាច​បង្កើន​ចំនួន​អ្នក​ជំងឺ​ដែល​អាច​ទទួល​បាន​ការឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ល្អ​ ប្រឆាំង​នឹង​ដុំ​សាច់​របស់​ពួក​គេ»។

ពី​ដំបូង ​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​កត់​សម្គាល់​ថា​ សត្វ​កណ្តុរ​ដែល​ទទួល​បាន​ពី​មន្ទីរ​ពិសោធន៍​មួយ​ មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ ប្រឆាំង​នឹង​ដុំសាច់​នៃ​ជំងឺ​មហារីក​ស្បែក​តូចៗ។ ហើយ​ក៏​មាន​សត្វ​កណ្តុរ​ដែល​យក​ពី​មន្ទីរ​ពិសោធន៍​ផ្សេង​ទៀត​ មាន​ការ​ឆ្លើយ​តប​ខ្សោយ​ប្រឆាំង​នឹង​ដុំ​សាច់។

ក៏ប៉ុន្តែ​ នៅ​ពេល​កណ្តុរ​ទាំង​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​លាយ​ឡំ​ជាមួយ​គ្នា​ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ដុំសាច់​នៅ​ក្នុងកណ្តុរ​ទាំង​អស់​នោះ​ បាន​ថយចុះ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះជឿ​ថា ​ការ​រស់​នៅ​ជាមួយ​គ្នា​ អាច​ផ្ទេរ​មី​ក្រុប​ក្នុង​ពោះវៀនដែល​មាន​ប្រយោជន៍​មួយ​ចំនួន​ទៅ​ពពួក​សត្វ​កកេរ​ដែលមិន​បាន​ទទួល​ផល​ល្អ​ពី​ការ​ប្រើប្រាស់​ថ្នាំ​ PD​ L-1។

អ្នក​អង្កេត​ជា​ច្រើន​បាន​ផ្ទេរ​លា​មកពី​សត្វ​កណ្តុរ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ ទៅ​ក្នុង​ពពួក​សត្វ​កណ្តុរ​ដែល​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធភាពស៊ាំ​ខ្សោយ​ដើម្បី​ធ្វើការ​វិភាគ។​ មួយ​រយៈ​ក្រោយ​មក​ ពួក​គេ​បាន​ឃើញ​ថា​ ដុំសាច់​លូតលាស់​យឺត​ជាង​មុន​ខ្លាំង​ក្នុង​ចំណោម​កណ្តុរ​ទាំង​ពីរ​ក្រុម។

បាក់​តេរី​ពោះវៀន​មួយ​ប្រភេទ​ ដែល​គេ​ហៅ​ថា ​បាយហ្វូ​បាក់តេរី (Bifobacterium) ហាក់​ដូចជា​មាន​ប្រយោជន៍​ពិសេស​ជាង​គេ។

លោក​ Guyjewskyនិយាយ​ថា​ បាយហ្វូ​បាក់តេរី ​(Bifobacterium) ​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ​ PD L-1 ​ដែរ ហើយ​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រើ​ជាមួយ​គ្នា វា​អាច​បង្កើត​បាន​ជា​ថ្នាំ​ព្យាបាល​ដែល​មាន​សក្តា​នុពល​ សម្រាប់​មហារីក​មួយ​ចំនួន​ រូម​មាន​មហារីក​សួត​ ក្បាល​និង​ក​ជាដើម។​

លោក​ Guyjewsky និយាយ​ថា ថ្នាំ​អង្គបដិបក្ខ​ជាច្រើន​មាន​តម្លៃ​ថ្លៃ​ណាស់ ​ប៉ុន្តែបើ​គេ​ប្រើ​ថ្នាំ​នោះ​ជាមួយ​នឹង​ផលិតផល​ធ្វើ​ពី​មីក្រុប​ពោះ​វៀន​ មនុស្ស​កាន់​តែ​ច្រើន​អាច​មាន​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង្គបដិបក្ខ​ទាំង​នោះ។

លោក​ Guyjewsky​ និយាយ​ថា៖​ «ហើយ​ថ្នាំ​ទាំង​នេះ​ ​ប្រហែល​ជា​ងាយ​ស្រួលជាង​មុន​ ក្នុង​ការ​នាំចេញ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​ពេល​ដែល​អ្នក​គិត​ដល់​ពេល​ខាង​មុខ។​ ការ​ព្យាបាល​ក្នុង​តម្លៃ​ថ្លៃ​ទាំង​នេះ​ដែល​អ្នក​កំពុង​ស្រមើ​ស្រមៃ​ នឹង​មិន​អាច​មាន​មួយ​រយៈ​ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ប៉ុន្តែ​សារធាតុ​ដូចជា​ Probiotic​ អាច​មាន​តម្លៃ​ថោក​និង​ងាយ​ស្រួល​រក»។

មីក្រុប​សរីរាង្គ​មួយ​ចំនួន​ដែល​ហៅថា​ Probiotic ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ហើយ។

ក៏ប៉ុន្តែ​លោក​ Guyjewsky ព្រមាន​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​មីក្រុប​ទាំង​នេះ​នៅពេល​នេះ ​ពីព្រោះ​ថ្នាំ​ខ្លះ​អាច​ធ្វើ​ឲ្យ​ប្រពន្ធ័​ភាពស៊ាំ​ចុះខ្សោយ​ ដែល​ធ្វើ​ឲ្យ​ជំងឺ​មហារីក​រាល​ដាល​កាន់​តែ​ធំ ឬ​ធ្វើ​ឲ្យ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដុំសាច់​ចុះ​ខ្សោយ​ប្រសិទ្ធិភាព៕

ប្រែ​សម្រួល​ដោយ ទុំ​ ម្លិះ