ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សយ៉ាងតិចណាស់៣នាក់នៅក្នុងបរិវេណមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងTulsa រដ្ឋ Oklahoma កាលពីថ្ងៃពុធម្សិលមិញខណៈដែលពលរដ្ឋអាមេរិកាំងនៅកំពុងកាន់ទុក្ខនិងខឹងសម្បានៅឡើយទៅលើករណីបាញ់ប្រហារទៅលើសាលា រៀនមួយកន្លែងនៅក្នុងរដ្ឋ Texas កាលពីសប្តាហ៍មុន។ នេះបើតាមការឱ្យដឹងរបស់ប៉ូលិសអាមេរិក ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
ប៉ូលិសនិយាយថា ជនដៃដល់ដែលមានកាំភ្លើងវែងក្នុងដៃនោះត្រូវបានសម្លាប់នៅក្នុងហេតុការណ៍នោះ។ ប៉ូលិសមិនបានបញ្ជាក់ទេថា តើជនល្មើសនេះត្រូវបានបាញ់សម្លាប់ដោយទីភ្នាក់ងារពង្រឹងច្បាប់ឬក៏បានបាញ់សម្លាប់ខ្លួនឯងទេ។
មន្រ្តីប៉ូលិសក្នុងទីក្រុង Tulsa បានបង្ហោះសារនៅលើ Twitter ផ្លូវការរបស់ខ្លួនថា «យើងអាចបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ដែលក្នុងនោះក៏រួមមានខ្មាន់កាំភ្លើងម្នាក់ផងដែរនៅក្នុងការបាញ់ប្រហារមួយនៅក្នុងបរិវេណមន្ទីរពេទ្ យSt. Francis។ មន្រ្តីប៉ូលិសនៅកំពុងពិនិត្យមើលក្នុងអគារមន្ទីរពេទ្យនៅឡើយ ហើយនឹងផ្តល់ព័ត៌មានបន្ថែមទៀតនៅពេលក្រោយ»។
សេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេប្រាប់ពីដំណឹងពីការបាញ់ប្រហារនៅក្នុងមន្ទីរពេទ្យនេះរួចហើយ ហើយរដ្ឋបាលអាមេរិកបានស្នើផ្តល់ការជួយដល់មន្រ្តីមូលដ្ឋាននៅទីនោះ។
ការបាញ់សម្លាប់នេះជាហេតុការណ៍នៅពេលថ្មីៗមួយទៀតនៅក្នុងចំណោមនៃការបាញ់សម្លាប់ដ៏ប្រល័យដោយខ្មាន់កាំភ្លើងដែលបានធ្វើឱ្យញាប់ញ័រដល់ប្រទេសអាមេរិកក្នុងពេលមួយខែកន្លងមកនេះ។
កាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ បុរសខ្មាន់កាំភ្លើងជនជាតិស្បែកសរអាមេរិកម្នាក់ បានបាញ់សម្លាប់ទៅលើជនជាតិស្បែកខ្មៅអាមេរិកាំងចំនួន១០នាក់នៅក្នុងហាងលក់គ្រឿងទេសមួយកន្លែងនៅក្នុងទីក្រុង Buffalo រដ្ឋNew York។ ជនដៃនៅរស់ហើយកំពុងប្រឈមនឹងការចោទប្រកាន់មួយចំនួន។
១០ថ្ងៃក្រោយមក យុវជនជាខ្មាន់កាំភ្លើងម្នាក់ទៀត ដែលមានអាវុធវែងនៅក្នុងដៃ បានសម្រុកចូលទៅក្នុងសាលារៀនមួយកន្លែងនៅក្នុងទីក្រុង Uvalde រដ្ឋតិចសាសដោយបាញ់សម្លាប់សិស្សកុមារចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ មុនពេលអាជ្ញាធរពង្រឹងច្បាប់បាញ់សម្លាប់ជននេះ នៅកន្លែងកើតហេតុនោះ។
ច្បាប់គ្រប់គ្រងអាវុធនៅក្នុងសហរដ្ឋអាមេរិកប្រឈមនឹងការជំទាស់ប្រឆាំងជាខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសភាគច្រើនក្នុងចំណោមអ្នកសាធារណរដ្ឋនិយមនិងក្រុមអ្នកប្រជា ធិបតេយ្យមួយចំនួននៅក្នុងរដ្ឋដាច់ស្រយាល។
ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានអញ្ជើញទៅទស្សនកិច្ចទីក្រុង Uvalde កាលពីចុងសប្តាហ៍មុនបានសន្យាថា នឹងបន្តជំរុញឱ្យមានការកែទម្រង់មួយ ដោយលោកនិយាយថា«ខ្ញុំគិតថា រឿងរ៉ាវអាក្រក់ៗជាច្រើនបានកើតមានឡើងហើយយើងគ្រប់គ្នា មានហេតុផលកាន់តែច្រើនថែមទៀតជុំវិញបញ្ហានេះ»៕